ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤ ទាម​ទារ​ដំណោះ​ស្រាយ​ប្រាក់​អតីតភាព​ការងារ

កម្មករ​រាប់​រយ​នាក់​មក​ពី​​រោងចក្រ​កាត់​ដេរ ជីម លី បាន​ប្រមូល​ផ្ដុំ​គ្នា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ ៤ នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ទាមទារ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដល់​ពួកគេ ដោយ​ពួកគេ​ថា ថៅកែ​រោងចក្រ​នេះ​ពុំ​បាន​ផ្ដល់​ប្រាក់​អតីត​ភាព​ការងារ​ដល់​ពួកគេ​នោះ​ទេ។

ក្រុម​កម្មកររាប់​រយ​នាក់​មក​ពី​រោងចក្រកាត់ដេរ ជីម លី នៅ​រាជ​ធានី​ភ្នំពេញ បានសម្រេច​បើកផ្លូវឲ្យធ្វើចរាចរណ៍ឡើងវិញនៅម៉ោងជាង ១រសៀលថ្ងៃ​នេះ បន្ទាប់ពីមន្រ្តីក្រសួងការងារសន្យាយកប្រាក់បុរេប្រទានពីរដ្ឋាភិបាល ទៅដោះស្រាយសំណងជូនកម្មករទាំងនោះនៅពេលខាងមុខនេះ។

កម្មករ​រាប់​រយ​នាក់​មក​ពី​​រោងចក្រ​កាត់​ដេរ ជីម លី ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្តុំគ្នា បិទកំណាត់​ផ្លូវ​ជាតិ​លេខ ៤ ប្រហែល ៦ម៉ោង មិនឲ្យធ្វើចរាចរណ៍ ដើម្បីដាក់សម្ពាធទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យពន្លឿនដោះស្រាយវិវាទការងារជូនពួកគេ ខណៈវិវាទនោះបានអូសបន្លាយជាង ១ខែគ្មានដំណោះស្រាយ។

កម្មការិនីម្នាក់ អ្នកស្រី ជុំ មុំ ដែលអះអាងថា ​បម្រើការងារនៅរោងចក្រ ជីម លី រយៈ​ពេល ១០ឆ្នាំ​មក​ហើយ​នោះ បានឲ្យដឹងថា ក្រុមកម្មករបានតវ៉ាបិទកំណាត់ផ្លូវជាតិលេខ ៤ តាំងពីម៉ោង ៨ព្រឹក ហើយសម្រេចបើកវិញនៅម៉ោង ១រសៀលនេះ បន្ទាប់ពីមន្រ្តីក្រសួងការងារសន្យាយកថវិកាបុរេប្រទានមកដោះស្រាយសំណងជូនពួកគេ។

កម្មការនីរូបនេះបន្តថា ក្រុមកម្មករមិនចង់តវ៉ាបិទផ្លូវនោះទេ ប៉ុន្តែ ពួកគេគ្មានជំរើស ដោយថា កម្មករបានស្វែងរក និងរង់ចាំដំណោះ​ស្រាយ​ពីអាជ្ញាធរពាក់ព័ន្ធយូរហើយ ប៉ុន្តែ គ្មានដំណោះស្រាយទេ បានត្រឹម​តែការសន្យាប៉ុណ្ណោះ។

អត់ឃើញអ្នកណាជួយដោះស្រាយចេញ ពួគខ្ញុំឡើងអស់ទំនុកចិត្តហើយឥលូវនេះ។ ក្រសួងសន្យាថា ថ្ងៃនេះថ្ងៃ​នោះ ដល់កម្មករគ្នាចូលធ្វើការអស់​ថា ស្ងាត់អស់ហើយ ដល់ពេលអត់ចូលធ្វើការថា អត់ដោះស្រាយឲ្យ ក្រុមប្រឹក្សាអាជ្ញាកណ្តាលគេនិយាយអញ្ចឹង។ ដល់អញ្ចឹង មួយទៅមួយថ្ងៃ នៅតែដដែល ហើយពួកខ្ញុំទៅក្រសួងឡើងអស់ចិត្តហើយ ទើបសម្រេច​នាំគ្នាបិទផ្លូវហ្នឹង

កម្មការិនីម្នាក់ អ្នកស្រី ជុំ មុំ

អំឡុង​ពេល​ក្រុមកម្មករកំពុងតវ៉ាបិទផ្លូវនោះ មន្រ្តីអាជ្ញាធរខណ្ឌ​ពោធិ៍សែនជ័យ និងមន្រ្តីក្រសួងការងារបានចុះទៅដំណោះស្រាយដល់រោងចក្រផ្ទាល់។

ក្រោយប្រជុំរកដំណោះស្រាយជាច្រើនម៉ោងនោះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មកនៅគ្រប់មុខសញ្ញា នៃក្រសួងការងារ បានចេញលិខិតមួយជូនកម្មករ ដោយសន្យាធ្វើសំណើរសុំ​ប្រាក់បុរេ​ប្រទានពីរដ្ឋាភិបាល ដើម្បីទូទាត់សំណងជូនកម្មករទាំងនោះ ឲ្យស្របតាមច្បាប់ស្តីពីការងារ និងសន្យាពន្លឿនដោះស្រាយវិវាទនេះផងដែរ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រពន្ធ WhatsApp បន្ថែមលើលិខិតនោះថា ក្រសួង​នឹង​ចុះ​ទៅ​ដោះ​ស្រាយ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ដល់​ក្រុម​កម្មករ​ទាំង​នោះ​ទៅ​តាម​ប្រភេទ​កិច្ច​សន្យា។

ការទូទាត់ជូនបងប្អូនកម្មករនិយោជិតនេះ ជាទូទៅ គឺយើងផ្អែកទៅលើប្រភេទកិច្ចសន្យាការងារ​របស់បងប្អូនកម្មករនិយោជិតនីមួយៗ។ អ្នកដែលប្រើប្រាស់កិច្ចសន្យារយៈពេលខ្លី គឺនឹងទូទាត់ទៅតាមលក្ខខណ្ឌនៃកិច្ចសន្យា រីឯអ្នកដែលប្រើប្រាស់កិច្ចរយៈពេលវែង និងកិច្ចសន្យាគ្មានថេរវេលាកំណត់ គឺនឹងទូទាត់ទៅតាមបែបបទលក្ខខណ្ឌនៃកិច្ចសន្យាដែលមានចែងនៅក្នុងច្បាប់ស្តីពីការងាររបស់យើង

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ

ក្រុម​កម្មករអះអាថា រោងចក្រ ជីម លី មានកម្មករប្រមាណ ២៥០០នាក់ ហើយ​រោងចក្រនេះបាន​ប្តូរទីតាំង និងប្តូរឈ្មោះ​ទៅជារោងចក្រ ជី ជី វិញ ដែលធ្វើឲ្យបាត់អត្ថប្រយោជន៍របស់កម្មករ ដោយថា ខាងក្រុមហ៊ុនមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ​នៅរោងចក្រចាស់ជូនកម្មករទេ ដែលជាហេតុ​បណ្តាលឲ្យពួកគេផ្ទុះតវ៉ាបែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ