ស្ថានទូត​កម្ពុជា​ថា អាមេរិក​រំពឹង​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក​បន្ត​រីក​ចម្រើន

ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​អ្នក​ការទូត​មក​ពី ១១​ប្រទេស ក្នុង​នោះ​មាន​ទាំង​អគ្គ​រាជ​ទូត​ថ្មី​របស់​កម្ពុជា លោក ជុំ សុន្ទរី ផង​ដែរ (រូបភាព៖ Facebook of Royal Honorary Consulate General of Cambodia in Long Beach, CA)

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់​ ត្រាំ រំពឹងថា ទំនាក់​ទំនង​​ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក នឹង​មាន​ភាព​រីកចម្រើន​ដោយ​សេរី​​ត្រឹម​ត្រូវ ​កាន់​តែ​ប្រកប​ទៅ​ដោយ​គណនេយ្យភាព និង​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋ​ធានី​វ៉ាស៊ីងតោន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហ​ទំព័រ​ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក ក្រោយ​ពីជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​អ្នក​ការទូត​មក​ពី ១១​ប្រទេស ក្នុង​នោះ​មាន​ទាំង​អគ្គ​រាជ​ទូត​ថ្មី​របស់​កម្ពុជា លោក ជុំ សុន្ទរី ផង​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា បាន​រៀបរាប់​ថា មេដឹកនាំ​អាមេរិក​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា និង​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​កម្ពុជា-អាមេរិក នៅ​ក្នុង​រយៈ​ពេល ២៥​ឆ្នាំ​ចុង ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្នា​ឡើង​វិញ។

លោក ដូណាល់ ត្រាំ ត្រូវបាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា កម្ពុជា​មាន​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​នា​ពេល​អនាគត ហើយ​ថា អាមេរិក​រីករាយ​នឹង​ធ្វើការ​រួម​គ្នា​នៅ​លើ​បញ្ហា​ប្រឈម និង​ឱកាស​នានា។

បើ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ លោក ត្រាំ ត្រូវ​បាន​ដក​ស្រង់​សម្ដី​បន្ត​ថា លោក​រំពឹង​ថា នឹង​មាន​ភាព​រីកចម្រើន​​ខាង​ពាណិជ្ជកម្ម​ប្រកប​ដោយ​សេរី​ត្រឹម​ត្រូវ បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​អភិបាល​កិច្ច​កាន់​តែ​ប្រកប​ដោយ​គណនេយ្យ​ភាព និង​បែប​ប្រជាធិបតេយ្យ។

ទំនាក់​ទំនង​កម្ពុជា-អាមេរិក​បាន​ធ្លាក់​ដល់​កម្រិត​មួយ​ទាប​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពីការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល ក្រុម​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា ដែល​អាមេរិក​ចាត់​ទុក​វិធានការ​បែប​នេះ​ថា កម្ពុជា​បាន​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ទៅ​វិញ។

ទោះជាយ៉ាងណា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅ​តែ​បន្ត​កើន​ឡើង​ពី​ចំនយន ៣.១​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦ ​ទៅ​ដល់​​ចំនួន ៣.៤​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ