អាជ្ញាធរ​ខេត្ត​រតនគិរី​​កោះ​ហៅ​តំណាង​សហគមន៍​ចូល​បំភ្លឺពាក់​ព័ន្ធ​ការ​ចោទ​ថា រំលោភ​យក​​ដី​ព្រៃ​តំបន់​ការពារ​

ទីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ (រូបភាព៖ បណ្ដាញសង្គម)

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​កោះ​ហៅ​តំណាង​ម្នាក់​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ទំពូន ឲ្យ​ចូល​បំភ្លឺ​ ក្រោម​ការ​សង្ស័យ​ថា បាន​រំលោភ​បំពាន​ដីព្រៃ​តំបន់​ការពារ ប៉ុន្តែ តំណាង​សហគមន៍​បដិសេធ ហើយ​ថា អាជ្ញាធរ​មូល​ដ្ឋាន​ទៅ​វិញ​ទេ​ជា​អ្នក​រំលោភ​បំពាន​ដី​ព្រៃ​តំបន់​ការពារ។

ក្នុងលិខិតចុះថ្ងៃទី១៤ ខែកញ្ញា ប្រធានការិយាល័យដែនជម្រសត្វព្រៃលំផាត់ លោក សាន សានី បាន​កោះ​ហៅ​តំណាង​​ជន​ជាតិដើម​ភាគ​តិច​ទំពូន​ លោក ខាំ នីន ដែល​រស់​នៅ​ភូមិ​កែងសាន់ ស្ថិត​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ។

បើ​តាម​លិខិត​ដដែល​នោះ តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​រូប​នេះ ត្រូវ​បាន​សង្ស័យ​ថា ពាក់​ព័ន្ធ​នឹង​ករណី​បាន​​កាប់​គាស់ រុក​រាន និង​ឆ្ការ​ដី​ព្រៃ​នៅ​តំបន់​ការពារ យក​ធ្វើ​ជា​កម្មសិទ្ធិ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា។

ប្រធានការិយាល័យដែនជម្រសត្វព្រៃលំផាត់ លោក សាន សានី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ លោក​បាន​ចេញ​លិខិត​កោះ​ហៅ​តំណាង​សហគមន៍​រូប​នេះ បន្ទាប់​ពី​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ។

ខ្ញុំកោះហៅ ដោយសារ គាត់កាប់ឆ្ការព្រៃ ប៉ុន្តែ គាត់កាប់ផ្ទាល់ ឬមិនផ្ទាល់ តែគេដឹងថា ឈ្មោះ ខាំ នីន ជួយគេចាប់នៅហ្នឹង

ប្រធានការិយាល័យដែនជម្រសត្វព្រៃលំផាត់ លោក សាន សានី

ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ លោក ខាំ នីន បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បក​ស្រាយ​អំពី​ករណី​នេះ ប៉ុន្តែ លោក​បដិសេធ​ថា លោក​ពុំ​បាន​រំលោភ​បំពាន​ដី​ព្រៃ​នៅ​តំបន់​ការពារ​នោះ​ឡើយ។

ជន​ជាតិ​ដើម​ភាគ​តិច​រូប​នេះ ចាត់​ទុក​លិខិត​កោះ​ហៅ​នេះ​ថា ជា​ការ​សង​សឹក​ទៅ​នឹង​រូប​លោក ក្រោយ​ពី​លោក​បាន​ប្រាប់​ទៅ​សារព័ត៌មាន និង​អង្គការ​ស៊ីវិល អំពីការ​រំលោភ​បំពាន​ដី​ព្រៃ​តំបន់​ការពារ​ ដែល​លោក​ថា មាន​ពាក់​ព័ន្ធ​នឹង​មេ​ភូមិ​​កែងសាន់ និង​អាជ្ញាធរ​ផ្សេង​ទៀត​នៅ​ឃុំ​សេដា។

ទាំងមេភូមិ ទាំងមេឃុំគាត់ដាក់ពាក្យបណ្ដឹងខ្ញុំថា ខ្ញុំកាប់បំផ្លាញព្រៃឈើ។ ខ្ញុំថា កាប់កន្លែងណាកន្លែងណី គាត់រកភស្តុតាង សាក្សីមកឲ្យខ្ញុំមកបាទ!  ខ្ញុំនិយាយជាមួយអធិការអញ្ចឹង។ អាជ្ញាធរគាត់ធ្វើលេសខ្លួនគាត់ ព្រោះគាត់ប្រព្រឹត្តខុសមែន ក្នុងតំបន់ហ្នឹង ប៉ះពាល់ច្រើនមែន ប៉ុន្តែគាត់ចង់រកលេសមកចង់ប្ដឹងយើងចង់បង្ក្រាបយើងបណ្ដឹងទៅក្រសួងបរិស្ថានទៀតខ្ញុំយល់ថាអញ្ចឹង

ជន​ជាតិ​ដើម​ភាគ​តិចលោក ខាំ នីន

មន្ត្រី​សម្របសម្រួល​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី ​បង្ហាញការសោកស្ដាយ ហើយ​ចាត់ទុកការកោះហៅនេះ ជាការ​បំបិតបំភ័យ និងគំរាមកំហែងសកម្មជនការពារព្រៃឈើដ៏ឆ្នើមនៅក្នុងភូមិកែងសាន់នោះ។

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី
ជនល្មើសមិនត្រូវបានកោះហៅ ជនល្មើសដែលមិនត្រូវបានស៊ើបអង្កេត បែរ​ជាទៅកោះហៅសកម្មជនដែលជាអ្នកការពារ ជាអ្នកការពារបទល្មើសព្រៃឈើ ជាអ្នកការពារការកាប់ទន្ទ្រានដីព្រៃនៅក្នុង​ភូមិកែងសាន់។ ចំណុចទាំងអស់នេះ ខ្ញុំមើលឃើញថា ចំណាត់ការនេះ គ្រាន់តែជាការបំភិតបំភ័យសកម្មជនការពារបរិស្ថាន ​ហើយចំណាត់ការបែបនេះ គ្រាន់តែធ្វើដើម្បីឲ្យពួកគាត់សកម្មក្នុងការពារបរិស្ថាន និងការកាប់ទន្ទ្រានព្រៃនៅភូមិកែងសាន់ទេ​

មន្ត្រី​សម្របសម្រួល​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី

លោក ខាំ នីន អះអាងថា កាលពីឆ្នាំ២០១៤ ដីព្រៃការពារ​ស្ថិតនៅក្នុងឃុំសេដា មានទំហំ ៤០០០​ហិកតា ប៉ុន្តែ បច្ចុប្បន្ន នៅសល់តែជាង ១០០០​ហិកតាប៉ុណ្ណោះ។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួង​បរិស្ថាន​បាន​ប្រកាស​ថា នឹង​ចាត់​វិធាន​ទៅ​លើ​សកម្មភាព​ឈូស​ឆាយ និង​រំលោភ​លើ​ដី​ព្រៃ​ស្ថិត​ក្នុង​តំបន់​ការពារ​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​រក​ឃើញ​ថា តំបន់​ការពារ​ជាច្រើន ត្រូវ​បាន​រំលោភ​យក និង​លក់​ដូរ​ដោយ​ខុស​ច្បាប់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ