ពលរដ្ឋមួយចំនួនដែលមានជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ អះអាងថា មិនព្រមរុះរើផ្ទះ និងចាកចេញពីដីធ្លីដែលពួកគេកំពុងរស់នៅនោះឡើយ ខណៈអាជ្ញាធរខេត្តនេះដាក់ឱសានវាទឲ្យចាក់ចេញនៅក្នុងរយៈពេល ២សប្តាហ៍ និងព្រមានចាត់វិធានការផ្លូវច្បាប់។
ក្នុងលិខិតមួយចុះថ្ងៃទី១៨ ខែកញ្ញាដែលវីអូឌីទើបទទួលបានថ្ងៃនេះ អភិបាលរងស្រុកស្នួល លោក សាម ណាល់ បានប្រាប់ទៅពលរដ្ឋដែលកំពុងរស់នៅ និងកាន់កាប់ដីធ្លី ស្ថិតក្នុងភូមិស្រែនាម ឃុំឃ្សឹម ឲ្យរុះរើចេញជាបន្ទាន់ ដោយដាក់កំហិតត្រឹមថ្ងៃទី៣០កញ្ញាខាងមុខនេះ និងព្រមានចាត់វិធានការផ្លូវ បើមិនអនុវត្តតាម ដោយថា ពលរដ្ឋទាំងនោះកំពុងរំលោភយកដីសង្គមកិច្ចរបស់រដ្ឋ។
ពលរដ្ឋម្នាក់ លោក ហាប់ មូសើរ ប្រាប់វីអូឌីថា ពួកគាត់មិនព្រមរើចេញនោះទេ ដោយថា គ្រួសារគាត់បានទិញដីនោះតពីពលរដ្ឋផ្សេងតាំងឆ្នាំ២០០៧ ដើម្បីដាំស្វាយ ដំឡូងមី និងដំណាំផ្សេងៗទៀត។
ពលរដ្ឋម្នាក់ លោក ហាប់ មូសើរ
ពលរដ្ឋម្នាក់ទៀតសុំមិនប្រាប់ឈ្មោះដោយថាជាមន្រ្តីយោធាផងនោះ បាននិយាយថា ពលរដ្ឋប្រមាណជាង ២០គ្រួសារ បានទៅកាប់ឆ្កា និងទិញដីតៗគ្នា ដើម្បីធ្វើកសិកម្មយូរឆ្នាំហើយ ដោយមិនធ្លាប់មានអាជ្ញាធរណាទៅហាមឃាត់ និងឲ្យរើចេញនោះទេ ប៉ុន្តែ លោកថា ពេលដែលដីតំបន់នោះឡើងថ្លៃ ទើបឃើញសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្ត ឲ្យពួកគាត់រើចេញបែបនេះ។
លោកបន្តថា ពលរដ្ឋជាង ២០គ្រួសារនោះ មិនបានទៅរំលោភយកដីសង្គមកិច្ចដូចការចោទប្រកាន់របស់អាជ្ញាធរខេត្តក្រចេះឡើយ ប៉ុន្តែលោកថា ផ្ទុយទៅអាជ្ញាធរស្រុកទេដែលយកដីពលរដ្ឋទាំងនោះធ្វើជាដីសង្គមកិច្ចបែងចែកទៅឲ្យពលរដ្ឋផ្សេងទៀតនោះ។
ពលរដ្ឋម្នាក់ទៀតសុំមិនប្រាប់ឈ្មោះដោយថាជាមន្រ្តីយោធាផង
អភិបាលរងស្រុកស្នួល លោក សាម ណាល់ មានប្រសាសន៍ថា មានពលរដ្ឋ ៤ ទៅ ៥គ្រួសារប៉ុណ្ណោះដែលអាជ្ញាធរជូនដំណឹងឲ្យរុះរើផ្ទះចេញពីដី ដែលលោកថា ជាដីឡូតិ៍សង្គមកិច្ចត្រូវបានបែងចែកឲ្យពលរដ្ឋផ្សេងរួចទៅហើយនោះ។
លោកបន្តថា អាជ្ញាធរបានហាមឃាត់ជាច្រើនដងមកហើយមិនឲ្យពលរដ្ឋទាំងនោះឈួសឆាយ និងបង្កបង្កើនផលលើដីកំពុងមានជម្លោះនោះទេ ប៉ុន្តែលោកថា ពលរដ្ឋទាំងនោះមិនស្តាប់ឡើយ។
អភិបាលរងស្រុកស្នួល លោក សាម ណាល់
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីពលរដ្ឋទៅរុករានដីព្រៃយូរឆ្នាំរហូតពួកគេដាំដំណាំផ្សេង ហើយអាជ្ញាធរទើបទៅដេញឲ្យពួកគាត់ចេញនោះ គឺជារឿងមិនត្រឹមត្រូវនោះទេ និងមិនអាចទម្លាក់កំហុសទៅលើពលរដ្ឋទាំងស្រុងនោះដែរ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត
លោក ហាប់ មូសើរ ឲ្យដឹងថា ពលរដ្ឋជាង ២០គ្រួសារដែលអាជ្ញាធរខេត្តក្រចេះឲ្យរើផ្ទះចេញនោះ ១គ្រួសារមានដី ២ ទៅ ៣ហិកតាប៉ុណ្ណោះដោយអ្នកភូមិខ្លះដាំស្វាយចន្ទី ខ្នុរ ស្វាយ និងដំណាំដំឡូងមីជាដើម ហើយលោកបានអំពាវនាវទៅប្រមុខរដ្ឋាភិបាលជួយអន្តរគមន៍ស្រាយកុំឲ្យមានការបណ្តេញពួកគាត់ចេញទាំងបង្ខំ ខណៈសល់តែ ៦ថ្ងៃទៀតប៉ុណ្នឹងដល់ថ្ងៃឱសានវាទ៕









