រដ្ឋាភិបាល​អះ​អាង​ថា មិន​មាន​វិធាន​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​ហ៊ុន​​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ

លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំនុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថ្ងៃទី ១៨ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងដែនដី)

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី អះអាងថា រដ្ឋាភិបាលមិនមានវិធានផ្លូវច្បាប់ទៅលើភរិយា​សមាជិក​ព្រឹទ្ធ​សភាមក​ពី​បក្ស​កាន់​អំណាច ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​នោះ​ឡើយ ដោយ​ថា គ្រាន់​តែឲ្យក្រុមហ៊ុននោះ កាយដីដែលបានចាក់លុបនោះ ចេញពីឆ្នេរសមុទ្រវិញតែប៉ុណ្ណោះ។

ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃទី១៨​កញ្ញាថា លោក ហ៊ុន សែន បាន​ចេញ​បញ្ជាទៅ​រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យ​ចុះត្រួត​ពិនិត្យឆ្នេរ​ព្រែកត្រែង ស្ថិត​នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ហើយ​បាន​រក​ឃើញ​ថា ឆ្នេរ​សមុទ្រ​មួយ​នេះ ​ត្រូវ​បាន​ចាក់​ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

បន្ទាប់ពីមានបញ្ជានេះ ក្រសួងធនធានទឹក ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងដែនដី បាន​ប្រ​​កា​ស​​ចា​ត់​វិធាន​ការលើក្រុ​មហ៊ុនដែល​បាន​ចាក់ដីលុបព្រែកត្រែងនេះ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ប្រាប់វីអូឌីនៅថ្ងៃនេះថា ការចាក់ដីលុប​ឆ្នេរព្រែកត្រែងកន្លងមក មិនមានច្បាប់អនុញ្ញាតនោះទេ។ លោកបន្តថា ក្រសួងមិនមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុននោះទេ  ដោយគ្រាន់តែឲ្យក្រុមហ៊ុនកាយដីចេញពី​ឆ្នេ​រ​​ស​​​មុ​ទ្រនេះ ឲ្យមានលក្ខណៈធម្ម​​ជាតិដូចសភាពដើមវិញ។

វិធានការ គឺយើងបានចាត់ហើយ គឺតម្រូវឲ្យកាយដីធ្វើឲ្យឆ្នេរ មានសភាពជាឆ្នេរធម្មជាតិ ដូចដើមវិញ។ នេះគឺជាវិធានការដែលបានដាក់។ ​នេះជាវិធានការផ្លូវច្បាប់ហើយ ធ្វើឲ្យគាត់អនុវត្តធ្វើម៉េចឲ្យស្ថានភាពដូចដើមវិញ។ នេះជាអ្វីដែលក្រសួងចង់បាន ហើយក៏ដូចជាសាធារណជនក៏ចង់បានដែរ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ក្រសួង និងអាជ្ញាធរ បានឲ្យក្រុមហ៊ុនកាយដីនោះចេញពីឆ្នេរសមុទ្រវិញខ្លះហើយ ប៉ុន្តែ លោកមិនទាន់ដឹងថា អាចម៍​នោះ​ត្រូវ​បាន​កាយ​ចេញ​អស់​ហើយ ឬនៅ​នោះ​ទេ។

ក្រុមហ៊ុនបានកាយដីក្រហមចេញអស់ហើយ! មេឃភ្លៀងប៉ុន្មានថ្ងៃនេះ ខ្ញុំមិនទាន់បានទៅមើលទៀតដែរ

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ  ចាត់ទុកការអនុវត្តច្បាប់របស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ មានស្តង់ដារពីរ ដោយថា បើ​ករណីនេះ ប្រជាពលរដ្ឋសាមញ្ញវិញ ពួកគេនឹងទទួលទោស ប៉ុន្តែ សម្រាប់អ្នកមានអំណាចវិញ ពួកគេតែងតែរួចខ្លួន។ លោក​បន្តថា ប្រសិនបើរដ្ឋាភិបាលមិនមានវិធានផ្លូវច្បាប់ ចំពោះអ្នកដែលរំលោភលើដីឆ្នេរសមុទ្រ​ដូចពេលនេះទេ ករណីនឹងកើតឡើងនៅពេល​ក្រោយៗទៀត។

​ប្រសិនបើជាអ្នកដែលរំលោភដីសាធារណៈ ឬឆ្នេរសាធារណៈជារូបវ័ន្តបុគ្គល ទំនងជា​ពួកគេត្រូវតែជាប់គុក ឬក៏មានទោសធ្ងន់ធ្ងរ ឬបើសិនជាមានការតវ៉ាវិញ ប្រហែលទទួលរងការបង្រ្កាបជាក់ជាមិនខាន ប៉ុន្តែ បើសិនជាកំហុសនីតិបុគ្គលគ្រប់គ្រងដោយអ្នកមានអំណាច ត្រកូលអ្នកមានអំណាចវិញ មិនមានចាត់វិធានការផ្លុវច្បាប់ទេ។ អញ្ចឹង វាជាភេទនៃការលម្អៀងនៅក្នុងការអនុវត្តច្បាប់

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ 

លោកមេធាវី សុក សំអឿន បាន​ឲ្យ​ដឹងថា ប្រសិនបុគ្គលម្នាក់រំលោភដីសាធារណៈ​របស់រដ្ឋ បុគ្គល​នោះអាចទទួលទោស ឬទទួលរងពិន័យតាម​ច្បាប់ភូមិបាល ប៉ុន្តែ បុគ្គលរំលោភដីរដ្ឋ ហើយតែមិនត្រូវបានដាក់ទោស លោកថា ការអនុវត្តច្បាប់នាពេលបច្ចុប្បន្ន មិនទាន់មានតម្លភាពនៅឡើយ។

ក្នុងច្បាប់ភូមិបាល ដូចជា មានទោសព្រហ្មទណ្ឌ ជាប់ពន្ធនាគារផង បើសិនយើងដឹងថា ដីហ្នឹង ជាដីសាធារណៈរបស់រដ្ឋហើយ  យើងនៅតែបំពានយក។ អាហ្នឹង វាឆ្លុះបញ្ចាំថា ប្រទេសយើង ការអនុវត្តច្បាប់មិនទាន់បានរឹងពឹង ហើយអាហ្នឹងអាចជា​បញ្ហារបស់រដ្ឋដែរ ព្រោះ​ជួនកាល ដីខ្លះ ដីរបស់រដ្ឋខ្លះ វាអត់ដឹងថា តើអាជ្ញាធររដ្ឋណា អាជ្ញាធរមូលដ្ឋានណា ជាអ្នកទទួលខុសត្រូវគ្រប់គ្រង

លោកមេធាវី សុក សំអឿន

បើតាមច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា ២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥,០០០,០០០ រៀល (ប្រាំលានរៀល) ដល់ ៥០, ០០០,០០០ រៀល (ហាសិបលានរៀល) ឬ /និងផ្ដន្ទាទោសពី ១ ឆ្នាំដល់ ៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ