ប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សារដ្ឋាភិបាលជាង២០០នាក់ តាមសំណើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប៉ុន្ដែ អ្នកជំនាញអភិបាលកិច្ចថា មិនសូវមានប្រយោជន៍។
ក្នុងព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី២២កញ្ញា ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ លោកសាយ ឈុំ បានបង្គាប់ឲ្យតែងតាំងទីប្រឹក្សារដ្ឋាភិបាលចំនួន ២០៧នាក់ ដែលពួកគេនឹងមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា ការតែងតាំងទីប្រឹក្សាច្រើនបែបនេះ ហាក់មិនបានមានប្រយោជន៍នោះទេ ដោយលោកចោទសួរទៅលើតួនាទី និងសមត្ថភាពរបស់មន្ដ្រីទាំងនោះ ថាតើពួកគេបំពេញមុខងារអ្វីខ្លះ និងចាំបាច់កម្រិតណា។
លោកថា រដ្ឋាភិបាលនឹងខាតបង់ថវិកាជាតិ ដើម្បីចំណាយទៅលើពួកគេ ប្រសិនការតែងតាំងផ្អែកទៅលើប្រវត្តិដែលថា ពួកគេជាសមាជិកគណបក្សកាន់អំណាច ឬដើម្បីឲ្យពួកគេមានមុខតំណែងក្នុងការងាររដ្ឋនោះ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការតែងតាំងទីប្រឹក្សារដ្ឋាភិបាល កាលពីអាណត្តិមុន ហាក់មិនសូវមានប្រយោជន៍នោះទេ ដោយលោកថា បញ្ហាសង្គមមួយចំនួនមិនត្រូវបានដោះស្រាយ ដូចជា បញ្ហាជំទាស់ដីធ្លី វិវាទការងារ និងបញ្ហាកម្មករជាដើម។
ប៉ុន្ដែ លោកថា ការតែងតាំងទីប្រឹក្សារដ្ឋាភិបាលនេះអាចប្រយោជន៍ ប្រសិនបើពួកគេចូលរួមផ្ដល់យោបល់ល្អៗ និងមានប្រសិទ្ធិភាពការងារពិតប្រាកដ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ
VOD មិនអាចសុំព័ត៌មានពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេចំពោះបញ្ហានេះ។
កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានតែងតាំងមន្ត្រីដល់ទៅជិត ៣០០នាក់ ជាទីប្រឹក្សាផ្ទាល់ ជាជំនួយការ ជាលេខា និងសមាជិកក្នុងក្រុមពិធីការក្នុងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីផងដែរ។
ការតែងតាំងទីប្រឹក្សាផ្ទាល់ ជំនួយការ និងទីប្រឹក្សារដ្ឋាភិបាលនេះ គឺធ្វើឡើងបន្ទាប់ពីបានគ្រប់គ្រងអាសនៈទាំងអស់នៅក្នុងរដ្ឋសភា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីចុងខែកក្កដាកន្លងទៅ ដោយពុំមានវត្តមានអតីតគណបក្សប្រឆាំងចូលរួម៕









