អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា នៅថ្ងៃនេះ ស្នើទៅតុលាការកំពូលទម្លាប់បទចោទប្រកាន់ទៅលើរូបលោក ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្ដឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីររូប។
កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ បានសម្រេចឲ្យលោក នី ចរិយា ជាប់ពន្ធនាគារចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរ ពាក់ព័ន្ធនឹងបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាប ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍។ ដោយមិនសុខចិត្តការសម្រេចនេះលោក នី ចរិយាបានប្ដឹងសារទុក្ខមកតុលាការកំពូល។
នៅថ្ងៃនេះ តុលាការកំពូលបានបើកសវនាការលើកបណ្ដឹងសាទុក្ខរបស់លោក នី ចរិយា ក្នុងសំណុំរឿង បរិហារកេរ្តិ៍ជាសាធារណៈ។
ក្នុងបន្ទប់សវនាការលោក នី ចរិយា បានប្រាប់ទៅក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលថា ភស្តុងមួយចំនួនដែលដើមបណ្ដឹងបានដាក់ទៅតុលាការទាំងអស់ គឺរកមិនឃើញកំហុសលោកនោះឡើយ។ លោកស្នើទៅក្រុមប្រឹក្សាជំនុំជម្រះឲ្យទម្លាក់ចោលសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលឲ្យលោកជាប់ពន្ធនាគារចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀលនោះវិញ។
បន្ទាប់ពីសវនាការជិតមួយម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចលើកពេលប្រកាស សាលដីកាទៅថ្ងៃទី១ ខែតុលា ខាងមុខនេះ។
ប្រាប់អ្នកសាលាព័ត៌មាននៅក្រៅរបងតុលាការ លោក នី ចរិយា លើកឡើងថា លោកធ្វើសន្និសទីសាព័ត៌មានទាំងនៅខេត្តសៀមរាបនិងនៅរាជធានីភ្នំពេញ គឺលោកមិនបានបរិហារកេរ្តិ៍ជាសាធារណៈមន្ត្រីតុលាការដូចការចុះផ្សាយរបស់សាព័ត៌មាននោះទេ។
អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ដែលបានចូលស្ដាប់សវនាការនាថ្ងៃនេះ មានប្រសាន៍ថា ការដែលលោក នី ចរិយា ដាក់បណ្ដឹងទៅក្រុមប្រឹក្សាអង្គចៅក្រម ក្រសួងយុត្តិធម៌ និងអគ្គព្រះរាជអាជ្ញាធរអមសាលាឧទ្ធរណ៍ គឺដើម្បីស្នើឲ្យស្ថាប័នទាំងអស់នោះ ពិនិត្យមើលចំពោះការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងការចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារតែប៉ុណ្ណោះ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត
លោក នី ចរិយា ត្រូវបានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងនិងចៅក្រមស៊ើបអង្កេតលោក គី រិទ្ធី ប្ដឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីលោកបានថ្លែងរិះគន់មន្ត្រីតុលាការខេត្តសៀមរាប ក្នុងករណីវិវាទដីធ្លីមូយរវាងពលរដ្ឋនិងសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម នៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប ក្នុងសន្និសីទសារព័ត៌មានមួយកាលពី១២ ខែឧសភា ឆ្នាំ២០១៥៕








