អាជីវករដែលប្រកបរបរលក់ទំនិញតាមអនឡាញមានការបារម្ភពីការបាត់បង់ចំណូលបន្ទាប់ពីមានព័ត៌មានថារដ្ឋាភិបាលនឹងយកពន្ធពីការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប៉ុន្តែក្រសួងពន្យល់ថានេះជាការត្រៀមខ្លួនទទួលយកការធ្វើពាណិជ្ជកម្មក្នុងបរិបទសេដ្ឋកិច្ចឌីជីថលតែប៉ុណ្ណោះ។
ថ្លែងប្រាប់ VOD តាមទូរសព្ទនៅថ្ងៃនេះ អ្នកគ្រប់គ្រងក្រុមហ៊ុនលក់ខោអាវអនឡាញ Brand Collection លោក ជា សាន្ត ថាមិនចង់ឲ្យមានការយកពន្ធបន្ថែមពីការលក់អនឡាញទេ ព្រោះថាក្រុមហ៊ុនរបស់លោកបានបង់ពន្ធច្រើនផ្នែករួចហើយ។
លោក ជា សាន្ត មានប្រសាសន៍ថា «បើគិតទាំងពន្ធអនឡាញទៀតខាងប្អូនពិបាកណាស់ ពិបាកនឹងបង់! ព្រោះអីគ្រាន់តែចំណូលប្រចាំខែយើងត្រូងប្រកាសប្រាប់គាត់ហើយយើងបង់ពន្ធមួយវគ្គហើយ។ បើបង់ពន្ធខាងអនឡាញមួយវគ្គទៀត វាពីរវគ្គអញ្ចឹងណា! ហើយចំណូលយើងប្រចាំខែក៏តិចដែរ និយាយអញ្ចឹងតែម្តងទៅ អត់បានច្រើនដូចការគិតទេ។ បើថាបានច្រើន រឿងពន្ធហ្នឹងក៏យើងអាចបង់ដែរ…»។
ម្ចាស់ក្រុមហ៊ុនលក់ឡេអនឡាញ Justeen Miracle អ្នកស្រី មុខទិព្វ រាសី ក៏មានការបារម្ភពីរឿងនេះដែរ ប៉ុន្តែអ្នកស្រីយល់ស្របនឹងបង់ពន្ធតាមច្បាប់ និងសំណូមពរឲ្យមានការជូនដំណឹងជាមុនឲ្យច្បាស់។
អ្នកស្រី មុខទិព្វ រាសី មានប្រសាសន៍ថា «បារម្ភដែរបង! តែខ្ញុំគិតថាប្រហែលជាគេធ្វើឲ្យសមាមាត្ររវាងចំណូលនិងចំណាយហើយ ដែលគេគិតគុណយើងមិនដល់ថ្នាក់អារកហុតឈាមទេ។ ចា៎! តែពេលចេញហ្នឹងជួយប្រកាសឲ្យអ្នកលក់ហ្នឹងដឹង ហើយត្រូវថារៀបចំឯកសារអីដើម្បីទៅបង់ពន្ធអីអញ្ចឹងទៅណា កុំ សុខៗមកចាប់គ្នាតែម្តងវាពិបាក!»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា រដ្ឋាភិបាលគួរតែគិតគូរពីអាជីវកម្មOffline ឲ្យបានល្អសិន ដោយថា បើចង់យកពន្ធអ្នកប្រកបរបរOnline ត្រូវគិតពីលក្ខណៈសម្បត្តិនីតិបុគ្គល។
លោក សន ជ័យ មានប្រសាសន៍ថា «ការទារពន្ធផ្នែកសេវាកម្ម Offline នៅមានចំណុចជាច្រើនដែលមិនទាន់ប្រមូលបានគ្រប់គ្រាន់ទេ។ ខ្ញុំនៅតែលើកទឹកចិត្តថាឲ្យមានការគិតគូរពីអាជីវកម្ម Offline សិនមុននឹងឈានទៅដល់ Online ពីព្រោះអីវាត្រូវការបំពេញលក្ខណៈសម្បត្តិជានីតិបុគ្គលសិន ហើយគ្រាន់តែអាជីវកម្ម Off-line មួយចំនួនហ្នឹងមិនទាន់មានលក្ខណៈជានីតិបុគ្គលផង។ អញ្ចឹងវាពិបាកក្នុងការប្រមូលពន្ធដែរ។»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក នុប សុធនវិចិត្រ ឲ្យដឹងថាក្រសួងនៅមិនទាន់ដល់ដំណាក់កាលប្រមូលពន្ធនៅឡើយទេ។ លោកបន្ថែមថាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅនេះ គ្រាន់តែធ្វើការគិតគូរត្រៀមខ្លួនទទួលយកសេដ្ឋកិច្ចទីផ្សារឌីជីថលតែប៉ុណ្ណោះ។
លោក នុប សុធនវិចិត្រ មានប្រសាសន៍ថា «កិច្ចប្រជុំម្សិលមិញហ្នឹងហើយគេអត់បានជជែកពីរឿងថាទៅយកពន្ធយកអី Set ជា Timeframe អីច្បាស់លាស់ទេ! អត់ទាន់មានទេ គេគ្រាន់តែនិយាយពីការបង្កបរិស្ថានឲ្យធុរៈកិច្ចយើងដំណើរការទៅមុខបានល្អប្រសើរនៅពេលដែលសេដ្ឋកិច្ចឌីជីថលនឹងមកដល់ហើយ គាត់ចង់និយាយអញ្ចឹង! ហើយនិងរៀបចំឲ្យសេដ្ឋកិច្ចទីផ្សារខាងឌីជីថលយើងហ្នឹងវារីកលូតលាស់សិន ធ្វើម៉េចជួយគ្នាឲ្យបានរីកលូតលាស់សិន បានរៀបចំពន្ធដារអីហ្នឹងទៅតាមក្រោយអីទៀត…»។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រជុំពិនិត្យលទ្ធផលនៃការសិក្សាស្តីអំពីសារពើពន្ធអេឡិចត្រូនិក (E-tax) ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ក្រសួងឲ្យដឹងដែរថា តាមរយៈលទ្ធផលនៃការសិក្សាបឋម កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ឬដំណើរចាប់ផ្តើមនៃការរៀបចំខ្លួនចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថល ដែលនឹងតម្រូវឲ្យគិតគូរជាចម្បងនូវការជួយជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកឲ្យកាន់តែរីកចម្រើនថែមទៀតឲ្យឈានដល់ «ដំណាក់កាលរីកចម្រើន» ស្របនឹងនិន្នាការរបស់ប្រទេសផ្សេងៗក្នុងតំបន់៕









