កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាមិនចូលធ្វើការក្រោយពីថៅកែជនជាតិចិនប្រើអំពើហិង្សាលើតំណាងពួកគេ។
កម្មករជាង១០០នាក់បម្រើការងារនៅរោងចក្រ Shathy ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ នៅថ្ងៃនេះបាននាំគ្នាតវ៉ាដោយមិនចូលធ្វើការងារ ដោយសារតែថៅកែរោងចក្រនោះបានប្រើហិង្សាលើតំណាងពួកគេ និងតែងតែប្រើពាក្យសម្តីជេរប្រមាថមកលើកម្មករពេលបំពេញការងារ។
សហជីពស៊ីខាវឌូប្រចាំរោងចក្រ Shathy លោក សួន វណ្ណា ប្រាប់វីអូឌីក្រោយដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលសង្កាត់ចោមចៅ១ថា ថៅកែជនជាតិចិនម្នាក់បានប្រើហិង្សាមកគាត់ និងកម្មករផ្សេងទៀត ខណៈពេលទាស់ពាក្យសម្តីគ្នាពេលបំពេញការងារ។
លោកបន្ថែមថា«រឿងរាវដំបូងហ្នឹងគាត់ឲ្យខ្ញុំចូលធ្វើការងារកន្លះម៉ោងដោយអត់គិតលុយឲ្យខ្ញុំទេ ដល់ពេលអញ្ចឹងខ្ញុំថា ឲ្យខ្ញុំធ្វើការត្រូវគិតលុយឲ្យខ្ញុំ ។ដល់អញ្ចឹងគាត់ច្រានខ្ញុំចេញ វាយយកៗប៉ាដោយ»។
វី.អូ.ឌី មិនអាចសុំការបកស្រាយពីភាគីថៅកែបានទេជុំវិញការចោទប្រកាន់នេះ។ ប៉ុន្តែមេប៉ុសិ៍្តនគរបាលសង្កាត់ចោមចៅ១លោក រស់ សារ៉ាឌី មានប្រសាសន៍ថា តាមការសាកសួរគឺ ថៅកែជនជាតិចិនបានហៅកម្មករឲ្យចូលបំពេញការងារ ប៉ុន្តែកម្មកររូបនោះតវ៉ានិងបានបោកបុងចោលមុខថៅកែនោះក៏បណ្តាលឲ្យមានអំពើហិង្សាកើតឡើង។
លោកបន្តថា ក្រោយទទួលបានពាក្យបណ្តឹងនគរបាលសង្កាត់ចោមចៅ១បានកោះហៅភាគីទាំងពីរមកសម្របសម្រួល ប៉ុន្តែលោកថាប្រសិនបើភាគីទាំងពីរមិនព្រមនឹងបញ្ជូនសុំណុំរឿងនេះទៅតុលាការបន្តទៀត។
លោកបន្ថែមថា«តាមពិតជម្លោះហ្នឹងបើយើងអត់ធ្មត់វាមិនកើតឡើងទេ ប៉ុន្តែដោយសារឆេវឆាវរៀងខ្លួន ចិនហៅកម្មករខ្មែរយើងទៅប្រាប់រឿងការងារថា ត្រូវធ្វើរបៀបម៉េចៗចឹង? ដល់ពេលហើយទៅកម្មករខ្មែរយើងហ្នឹងបោកប៉ុងមុខគេដល់អញ្ចឹងគេខឹងទៅជាមានបញ្ហាអញ្ចឹងទៅ ហើយវាក៏ប្រវាយប្រតបគ្នាទៅ។ បើយើងខំព្យាយាមសម្របសម្រួលឲ្យវាត្រូវរូវគ្នាវាមិនព្រមត្រូវរូវគ្នាយើងធ្វើម៉េចចេញមានតែបញ្ជូនទៅតុលាការ»។
ក្រុមកម្មករឲ្យដឹងថា ថៅកែរោងចក្រ Shathy នេះមិនគោរពច្បាប់ការងារកម្ពុជានោះទេ ថែមទាំងជេរប្រមាថ និងរើសអើងកម្មករ មានផ្ទៃពោះទៀតផង ដោយថា ថៅកែរោងចក្រនេះបានបញ្ឈប់កម្មករស្រី្តមានផ្ទៃពោះជាច្រើននាក់មកហើយដោយមិនមានអាជ្ញាធរជួយអន្តរាគមន៍ឡើយ។
សហជីពស៊ីខាវឌូប្រចាំរោងចក្រ Shathy លោក សួន វណ្ណា បានប្តឹងថៅកែជនជាតិរូបនោះទាមទារសំណង៣០០០ដុល្លារ និងទាមទារទៅក្រសួងការងារមានចំណាត់ការដោយធ្វើយ៉ាងណាឲ្យរោងចក្រនេះគោរពច្បាប់ការងារកម្ពុជា។
លោកបន្ថែមថា៖ «បើសិនមានបញ្ហាហ្នឹងទៅ [មានស្ត្រីមានផ្ទៃពោះ]វាត្រូវចំណាយលុយច្រើន អញ្ចឹង គាត់ក្លាចអស់លុយច្រើនគាត់បញ្ឈប់មុនគ្រប់ខែ និយាយទៅបញ្ឈប់ច្រើនណាស់ ហើយគាត់គៀបសង្កត់កម្មករអត់មានប័ណ្ណ ប.ស.ស ពេលឈឺទៅពេទ្យគេអត់មើល ហើយអ្នកឈឺពោះធំសន្លប់ទៅពេទ្យកាត់លុយគ្នាទៀត»។
កម្មករឲ្យដឹងថា រោងចក្រShathyបានបើកដំណើរការរយៈពេល៣ឆ្នាំមកហើយ មានថៅកែជាជនជាតិចិន និងមានកម្មករជាង៣០០នាក់កំពុងបម្រើការងារនៅទីនោះ៕









