វិភាគ៖ ​តើការយកបញ្ហាកម្ពុជាទៅជជែកនៅ​U​N​ជំរុញឲ្យមានការចរចានយោបាយឬទេ​?

លោក ហ៊ុន សែន ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាតិលើកទី៧៣( រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

ដំណើរ​វិវឌ្ឍ​នយោបាយនៅកម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​នាំ​យក​ទៅ​ជជែក​ដេញ​ដោល​ជា​បន្ត​បន្ទាប់ ក្រោយពីគ​ណបក្ស​​ប្រ​​​ឆាំង​​​​​​​ដ៏​ធំ​​​ត្រូ​​វ​បាន​គេផាត់​ចេ​ញពីឆាក​នយោ​បា​យ​​​ទាំង​ប្រ​ញាប់​ប្រ​​ញាល់ មុនការ​បោះឆ្នោ​តជាតិចូលម​​កដល់​នោះ។

ជា​ញឹកញាប់ ក្រោយតុលាការកំពូលរបស់កម្ពុជា រំលាយគណបក្សប្រឆាំង តាមបណ្តឹងរប​ស់រដ្ឋាភិបាល​រួច​មក ជំរុញឲ្យសហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប នាំមុខគេគំរាមពីវិធានការនានា មានដាក់​ទណ្ឌ​កម្ម​ទិ​ដ្ឋា​​ការ បង្កកទ្រព្យសម្បត្តិ ដល់​អ្នក​ដែល​គេគិតថា បាន​ចូល​រួម​បំផ្លាញ​ប្រជាធិបតេយ្យនៅកម្ពុជា និងគំរាម​ផ្តា​​ច់​ប្រ​​ព័ន្ធអនុគ្រោះពន្ធ បើ​រដ្ឋាភិបាល​​មិនស្តារប្រជាធិបតេយ្យឡើងវិញនោះ។

ជ្រុងមួយទៀតនៃជម្លោះនយោបាយរបស់កម្ពុជា ជំរុញឲ្យអ្នករាយការណ៍ពិសេស​របស់អង្គ​ការសហ​ប្រ​ជា​ជា​តិ លោកស្រី រ៉ូណា ស្មីត ប្រាប់​ពិភព​លោកថា ការបោះឆ្នោតនៅកម្ពុជាថ្មីៗនេះ គ្មានតម្លាភាព និង​យុត្តិ​ធម៌​ តាមគោ​លការណ៍ប្រជាធិបតេយ្យទេ។

ក្នុងសម័យ​ប្រជុំលើកទី៣៩ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ ប្រទេ​ស​ស្វីស កាលពីថ្ងៃទី២៦កញ្ញា សប្តាហ៍មុន លោកស្រី រ៉ូណា ស្មីត បានចោទសួរតំណា​ងអចិន្ត្រៃយ៍រប​ស់ក​ម្ពុ​ជា​​ប្រ​​​​ចាំ​​​នៅ​ទី​នោះពីបញ្ហា​នីតិរដ្ឋ សិ​ទ្ធិ​មនុស្ស និងលទ្ធិប្រជា​ធិបតេ​យ្យ​។

«ការរំលាយគណបក្សប្រឆាំងដ៏ធំមួយ និងការហាម​ប្រាមក្រុមស​មា​​​ជិ​​ក​​មន្ដ្រីជាន់ខ្ពស់ អតីត​បក្ស​ប្រឆាំង មិនឲ្យធ្វើសកម្មភាពនយោបាយ៥ឆ្នាំ គឺធ្វើឲ្យមានកា​រចោទសួរ​ពីភាព​ពិត​​ប្រាកដនៃការបោះឆ្នោត។ ការសួរដេញ​ដោល​ផ្នែក​នយោបាយជាលក្ខណៈពហុបក្សនោះ គឺជាផ្នែកដ៏សំខា​​​ន់មួ​យ​​​ ជាការប្រកួតប្រជែងដោយស្មោះត្រង់នៅក្នុងការបោះឆ្នោត»

អ្នករាយការណ៍ពិសេស​របស់អង្គ​ការសហ​ប្រ​ជា​ជា​តិ លោកស្រី រ៉ូណា ស្មីត

អ្នក​រាយការណ៍ពិសេសរូបនេះ បានវាយយម្លៃថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រើ​ប្រា​ស់ប្រព័ន្ធច្បាប់ ដើម្បី​ចាប់​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជនដីធ្លី អ្នកសារព័ត៌មាន និងចោទ​ប្រកា​​​ន់​ប្រ​​​​​ធា​​​ន​​អ​តីតគណ​បក្សសង្គ្រោះជាតិ លោក កឹម សុខា លោកស្រីថា វិធានការ​ទាំងនេះ ធ្វើឲ្យលំហប្រ​ជាធិ​ប​តេ​យ្យនៅកម្ពុជារួមតូច ពិសេសចំណោទពីភាពស្របច្បាប់​របស់រដ្ឋាភិបាលថ្មី។

បើទោះបីជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិនេះ បានច្រាន​ចោល​របាយការណ៍​របស់​លោកស្រី រ៉ូណា ស្មីត នេះក៏ដោយ ប៉ុន្តែ មានប្រ​ទេសធំៗ​ដែលប្រកា​ន់​ល​​ទ្ធិ​ប្រ​ជាធិបតេយ្យភាគច្រើន ដូចជា សហភាពអឺរ៉ុប ជប៉ុន កាណាដា​ ជាដើម បានគាំទ្រ​សេច​​ក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត និងជំរុញឲ្យចរចានយោបាយឡើងវិញ។

តើនឹ​ងមានការចរចានយោបាយទេក្រោយពីលោកស្រី រ៉ូណា ស្មីត លើក​យកប​ញ្ហាកម្ពុ​ជាទៅ​សួរដេ​ញដោ​ល​​នៅ​​​អង្គ​កា​រសហប្រជាជាតិ?

អ្នកវិភាគយល់ឃើញផ្សេងគ្នាពីបញ្ហានេះ។ អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោ​​ក​បណ្ឌិត មាស នី វិភាគថា ការច​រចា​ន​យោ​បាយអាចនឹងកើតឡើង ក្រោយពីបញ្ហារបស់កម្ពុជា ត្រូវ​បា​​ន​​​ក្រុមប្រទេសលោកសេរីបង្ហាញ​កង្វល់រួម​គ្នា ដូ​​​ច​ករណី​ក្នុង​កិច្ច​ប្រជុំ​នៅអង្គការសហប្រជាជាតិនេះ។

លោកថា៖ «វានឹងអាចមានការរួមកម្លាំងគ្នារវាង ស្ថាប័នសិទ្ធិមនុស្សដទៃទៀតនៅក្នុងតំបន់ហ្នឹងគេនឹងធ្វើការតស៊ូមតិបន្តទៀត នៅពេល​ខាង​មុខ ដើម្បីលើកពីវបត្តិនយោ​បាយនៅកម្ពុជា ពី​ព្រោះអី រឿងនេះ​មិន​អាច​លាក់​កំ​បាំងគេបានទេ»

អ្នកវិភាគរូបនេះ អះអាងទៀតថា ជប៉ុន​ជាប្រទេស​ផ្តល់ជំនួយឥតសំ​ណងធំជាងគេ​បើធៀបនឹង​ប្រ​ទេ​សចិ​ន ខណៈ​ដែល​លោកថា អាមេរិក និងអឺរ៉ុបជាទីផ្សារដ៏ធំ​របស់កម្ពុជា ដែលផ្តល់ប្រាប់ចំណេញដល់កម្ពុជារាប់រយ​លាន​ដុ​ល្លា​រ​ក្នុ​ង​មួយ​​ឆ្នាំ​ៗ។

លោក មាស នី វិភាគថា ចរន្តនយោបាយ និងចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ពេលនេះមិនអាចហក់ទៅខាង​ចិនទាំង​ស្រុង ហើ​​យ​​​ផាត់​ប្រទេស​​​សេ​រី​ចោលបានទេ ប៉ុន្តែ លោកថា អ្វីដែលជំ​រុញឲ្យមា​នការផ្សះផ្សា​ជាតិក្នុងរ​យៈពេ​ល​យូរ គឺត្រូវប​ណ្តុះវប្បធម៌ទុកចិត្តគ្នា​រវាងខ្មែរ និងខ្មែរ។

លោកថា៖ «ដរាបណាខ្មែរនិងខ្មែរមិនព្រមអង្គុយនិយាយគ្នាមិនព្រមរកពេលដើម្បីផ្សះផ្សាជាតិទេ យើង​គិត​តែ​រំពឹង​ទៅ​លើ​អន្តរជាតិ​ខ្ញុំ​គិត​ថា គ្មាន​និរន្តរភាពទេ តែបន្តិច​ហ្នឹងឈ្លោះគ្នាដដែលទេ ព្រោះសព្វថ្ងៃនេះ​អ្នក​ដែ​ល​ពឹ​​​ង​អា​មេរិកហ្នឹង ក៏មិនប៉ិនអីប៉ុន្មាន អ្នក​ពឹងចិន​ក៏មិន​ប៉ិន​អី​ប៉ុន្មានដែរ»

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ស្ថានការណ៍នយោបាយអាចនឹងប្រែប្រួល ដោ​យ​​ថា ​ការ​ថ្លែងសុន្ទរថា​របស់​មេដឹកនាំ​​កម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ហាក់បង្ហាញ​ភា​ព​​ទ​ន់ភ្លន់ ដោយថា សុន្ទរកថានោះ មិន​ប្រើ​ពាក្យ​វាយ​ប្រហារ​ដល់​ដៃគូប្រកួត តែបានប្រើពាក្យ​ការពារ​ច្រើ​ន​ជាង។

ម្យ៉ាងវិញទៀត លោកវិភាគថា ចរន្តពិភពលោក នឹងមិនបណ្តោយឲ្យកម្ពុជា ដើរចេញពីស្មារតីរដ្ឋធ្មនុញ្ញ ដែ​ល​ប្រ​​សូត្រចេញពី​កិច្ចព្រមព្រៀង​សន្តិភាពទី​ក្រុងប៉ា​រីស​នោះទេ។

លោកស្រី រ៉ូណា ស្មីត បានថ្លែងក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិនោះថា គ​​ណ​​ប​ក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់​គ្រង​អាសនៈទាំងអស់ក្នុងសភា ជារដ្ឋឯកបក្ស។

លោកស្រីថា៖ «ដូចនេះ លទ្ធិប្រជាធិបតេ​យ្យសេរីពហុបក្ស ដែលមានចែង​ក្នុងរដ្ឋធម្មនុញ្ញ ត្រូវ​តម្កល់ទុកមួ​យអ​ន្លឺក្នុង​​​ប្រវត្តិសាស្ត្រ​សម្រាប់​រយៈ​ពេល ៥ឆ្នាំទៅមុខទៀត ដែលជានីតិកាលរដ្ឋសភាបច្ចុប្បន្ន»។

ប៉ុន្តែ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការចរចានយោបាយនឹងមិនអាចកើតឡើងទេ ដរាបណា ប្រតិកម្មអន្តរជាតិ បាន​គ្រាន់​តែបង្ហាញពីកង្វល់របស់ខ្លួន ហើយគ្មានវិធានការជាក់លាក់នោះ។

លោកថា៖ «នៅប៉ុន្មានថ្ងៃទៀតនេះ ព្រឹទ្ធសភាអាមេរិកនឹងអនុម័តច្បាប់មួយទៀត ពាក់ព័ន្ធនឹងលទ្ធិប្រជាធិ​បតេយ្យ​ ​ហើយ​និង​ច្បាប់​គោរព​សិទ្ធិ​មនុស្ស និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ វាអាចមានឥទ្ធិ​ពលទៅ​លើ​​ព្រឹត្តិការណ៍នយោបាយនៅកម្ពុជា។ ហើយប្រសិនបើសហគ​​មន៍អឺរ៉ុបគេលើក​សំណើរពាក់ព័ន្ធទៅ​នឹងឥស្សរជ​ន​នយោបាយមួយចំនួន​ដែលធ្វើឲ្យខូចល​ទ្ធិប្រជាធិបតេយ្យអាហ្នឹងក​ម្ពុជាយើងអា​ចរ​ងផ​ល​ប៉ះ​ពាល់»

អ្នកជំនាញផ្នែកគោលនយោបាយ និងជាសាស្ដ្រាចារ្យជំនាញការទូត និងកិច្ចការពិភព​លោកនៅមហាវិ​ទ្យា​ល័​យ Occ​idental នៅ​សហរដ្ឋ​អាមេរិក លោក អ៊ា សុផល ពន្យល់ថា របត់នយោបាយ​នៅកម​ម្ពុ​ជា​ពេល​នេះ មិនអា​ចប្រែប្រួលដោយគ្រាន់តែ​សហគមន៍​អន្តរជាតិ​បង្ហាញ​ការព្រួយ​បារម្ភនោះទេ។ ​លោកបាន​ចោទ​ជាសំ​នួរថា តើ «តើសត្វខ្លាអាចផ្លាស់ប្តូរឆ្នូតរបស់វាបានឬទេ?»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ