កាំកុងត្រូល​អះអាងថា សុវត្ថិភាពចំណីអាហារនៅកម្ពុជា មិនអាក្រក់ដូចការលើកឡើងរបស់លោក សម រង្ស៊ី

សកម្មភាពមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យចំនីអាហារ (រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានកាំកុងត្រូល)

ស្ថាប័នកាំកុងត្រូល បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ដោយ​​អះ​អាង​ថា សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​គ្រប់​គ្រង​ប្រកប​ដោយ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​កាល​ព​ី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​កន្លង​មក ដោយនិយាយ​ថា ចំណីអាហារនៅក្នុងប្រទេសកម្ពុជា ច្រើនតែបង្កប់សារធាតុគីមី ដែលបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ហើយរដ្ឋាភិបាល​មានកាតព្វកិច្ចទាំង​ស្រុង​ក្នុងការដោះស្រាយលើបញ្ហានេះ។

«ចំណីអាហារនៅប្រទេសកម្ពុជា ដូចជាផ្លែឈើ បន្លែ សាច់ ត្រី ច្រើន​តែបង្កប់ដោយជាតិគីមី ប្រកបដោយគ្រោះថ្នាក់ »

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី

ប៉ុន្តែ អគ្គ​នាយកដ្ឋាន​កម្ពុជា​ត្រួត​ពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែង​បន្លំ ហៅ​កាត់​ថា កាំកុងត្រូល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ច្រាន​ចោល​ការលើកឡើងរបស់​លោក សម រង្ស៊ី ហើយ​ចាត់​ទុក​សម្ដី​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ​គ្រាន់តែជាការកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ។

កាំកុងត្រូល​បាន​អះ​អាង​ក្នុង​លិខិត​នោះ​ថា រដ្ឋាភិបាល​បានរៀបចំច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ រៀបចំឱ្យមាន​ស្កង់ដារទំនិញ មាន​យន្តការសម្រាប់ការអនុវត្តនានា រាប់​ចាប់​តាំង​ពី​ការ​ត្រួត​ពិនិត្យ​លើ​ចំណី​អាហារ​នាំ​ចូល រហូត​ដល់​ការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ផង​ដែរ។

អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មើលឃើញថា​ កន្លងមក មន្ត្រីកាំកុងត្រូល​តែងចុះត្រួតពិនិត្យស្ថានភាពចំណីអាហារជាហូហែរ ហើយក៏ប្រទះឃើញមានផលិតផល និងចំណីអាហារខ្លះពិតជាមានផ្ទុកសារធាតុគីមី ព្រមទាំងបណ្តាលឱ្យប៉ះពាល់ដល់ខុភាពពលរដ្ឋប្រាកដមែន។

លោក ថេង សាវឿន មានប្រសាសន៍បន្ថែមថា៖ «គឺពង្រឹងប្រព័ន្ធការអនុវត្តច្បាប់ ហើយពង្រឹងបច្ចេកទេសនៃការត្រួតពិនិត្យ។ ការត្រួតពិនិត្យ​ហ្នឹង មិនមែនត្រួតពិនិត្យតែនៅលើទីផ្សារដែលតាំងលក់នៅតែរាជធានីភ្នំពេញទេ ពិសេសត្រូវត្រួតពិនិត្យលើក្រុមហ៊ុន ឬ​ឈ្មួញធំៗ ដែលនាំចូលទំនិញពីខាងក្រៅមក»។

កាលពីចុងឆ្នាំ២០១៧ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់​ទៅ​ពលរដ្ឋ​កុំ​ឲ្យ​បន្ទោស​រដ្ឋាភិបាល​ជុំ​វិញ​បញ្ហា​ចំណី​អាហារ​ផ្ទុក​សារធាតុ​គីមី ហើយ​បាន​ជំរុញ​ទៅ​ពលរដ្ឋ​ឲ្យ​ឈប់​ទិញ​ចំណី​អាហារ​មាន​ផ្ទុក​សារធាតុ​គីមី។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំបានស្តាប់ឮហើយនូវសំឡេងអំពាវនាវរបស់ប្រជាជន​ថា កុំឱ្យនាំចូលនូវបន្លែបង្ការ ដែលមានជាតិធាតុគីមី។ ខ្ញុំសូមផ្តាំផ្ញើទៅវិញថា សុំមេត្តាកុំទិញនូវអ្វីដែលវាមានជាតិគីមីទៅ វាចប់បាត់ហើយ»

របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ ស្ថាប័ននេះ​បានរឹបអូសផលិតផលក្លែងក្លាយ រួមនឹងគ្រឿងទេសក្លែងក្លាយ​ខុស​ច្បាប់​​ចំនួន​ប្រមាណ​ ៦០០តោន។ គណៈកម្មការ​នេះ ទទួល​ស្គាល់ថា ​ការចរាចរណ៍ផលិតផលក្លែងក្លាយ​ នៅតែកើត​មាន​ជា​បន្ត ដែលទាមទារឱ្យ​មាន​វិធាន​​ការ​ជា​បន្ត​បន្ទាប់​​។

របាយការណ៍​របស់ក្រសួងសុខាភិបាលកាលពីឆ្នាំ២០១៦ បានបង្ហាញថា អ្នកមានជំងឺទឹកនោមផ្អែម ដែលបណ្តាល​មកពីការប​រិភោគចំណីអាហារមានសារធាតុគីមី ក្នុងរយៈពេល ៣ឆ្នាំ គឺ​កើនឡើងជិត ២ដង បើ​ប្រៀបធៀប​ទៅ​នឹងឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ