លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា ព្រៃឈើនៅប្រទេសកម្ពុជាពិតបាត់បង់មែន ដោយថា ការបាត់បង់នេះមានការចូលរួមពីប្រជាពលរដ្ឋដែលកាប់ឆ្ការព្រៃឈើយកដីធ្វើចម្ការ និងក្រុមមន្ត្រីខិលខូចមួយចំនួនបានចូលលួចកាប់ព្រៃឈើ ប៉ុន្តែ សង្គមស៊ីវិលយល់ថា អ្នកដែលលួចកាប់ឆ្ការព្រៃឈើកន្លងមក គឺជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទៅវិញទេ។
អំឡុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ព្រៃឈើនៅប្រទេសកម្ពុជាបានបាត់បង់ ដោយសារតែចោរលួចកាប់ និងការកាប់ឆ្ការពីសំណាក់ប្រជាពលរដ្ឋ។
«គេនិយាយថា បាត់បង់ព្រៃឈើគឺត្រូវតែម្ដង ប៉ុន្តែ ខ្ញុំសួរថា ព្រៃឈើដែលបាត់បង់ទៅជំនួសមកវិញ ដោយអីអាហ្នឹង? ចម្ការកៅស៊ូ ដីស្រែ ដីចម្ការ ក្រែងប្រជាពលរដ្ឋយើងកើន! យើងមិនទៅរកដីឲ្យគាត់។ អញ្ចឹង បើអ្នកឯងចិត្តសឿង អ្នកឯកឲ្យដីហ្នឹងមកខ្ញុំវិញមក ខ្ញុំយកដើមឈើវិញ។ ខ្ញុំទទួលស្គាល់អាចោរខុសច្បាប់ ខ្ញុំកំពុងឲ្យឧទ្ធម្ភាគចក្របាញ់ពីលើផងឥឡូវហ្នឹង ក៏ប៉ុន្តែ ករណីរាប់លានហិកតាដែលប្រជាជនទៅកាប់ ដើម្បីធ្វើស្រែធ្វើចម្ការ អាហ្នឹង វាមិនជាការបាត់បង់ព្រៃឈើ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មន្រ្តីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មិនស្របទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងនោះឡើយ ដោយលោកថា ប្រជាពលរដ្ឋមិនហ៊ានចូលកាប់ឆ្ការ ឬកាប់ព្រៃយកដីរាប់ម៉ឺនហិកតានោះឡើយ។
«អញ្ចឹង ក្រុមចោរដែលលោកនាយករដ្ឋមន្ត្រីព្រមាន និងបញ្ជាឲ្យមានការចាប់[ខ្លួន] វាមិនពិបាកសម្រាប់រដ្ឋាភិបាល រួមជាមួយស្ថាប័នតុលាការដែលធ្វើការរឿងនេះទេ។ វាមានគ្រប់ទំព័រកាសែត ហើយចូលទៅសួរតំបន់ព្រៃដែលបាត់បង់ក៏ដឹងហើយថា ឧកញ៉ាណា? មន្ត្រីជាន់ខ្ពស់ណា?»។
មន្រ្តីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍
កាលពីដើមឆ្នាំ២០១៦កន្លងមក លោក ហ៊ុន សែន បានព្រមានដល់មន្ត្រីពាក់ព័ន្ធឲ្យបង្ក្រាបការដឹកជញ្ជូនឈើទៅកាន់ប្រទេសវៀតណាម ដោយលោកបានលើកចំឈ្មោះឧកញ៉ាពីររូប គឺលោក លឹម ប៊ុនណា ហៅខ្នា និងឧកញ៉ា សឹង សំអុល។
បន្ទាប់ពីមានការព្រមាននោះ មន្រ្តីតុលាការក៏បានស៊ើបអង្កេតករណីឧកញ៉ាពីររូបកាប់បំផ្លាញដីព្រៃឈើ ប៉ុន្តែ គ្មានឧកញ៉ាណាម្នាក់ ត្រូវបាននាំខ្លួនទៅកាត់ទោសនោះឡើយ។
នៅដើមឆ្នាំ២០១៦ នោះដែរ លោក ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មាធិការចម្រុះមួយ ដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថជាតិ លោក សៅ សុខា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរត់ពន្ធឈើខុសច្បាប់ទាំងអស់ទៅវៀតណាម។ កាលពីពេលនោះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅលោក សៅ សុខា ឲ្យបាញ់គ្រាប់រ៉ុកកែតពីលើឧទ្ធម្ភាគចក្រ នៅលើអ្នកលួចកាប់ឈើផងដែរ។
កាលពីខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន ក៏បានរំឭកមន្ត្រីរបស់លោក ឲ្យពង្រឹងប្រសិទ្ធភាព ទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ការបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។
ធនាគារពិភពលោក បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០១៧ថា គម្របព្រៃឈើនៅកម្ពុជា បានធ្លាក់ចុះពីជិត ៦០ភាគរយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤ និងប្រមាណជា ៤៥ភាគរយនៃតំបន់ដីសើមធម្មជាតិកាលពីដើមរបស់កម្ពុជា ត្រូវបានបាត់បង់៕









