លោក ហ៊ុន សែន ស្នើអ្នកជំនាញអាមេរិកជួយវិស័យកសិកម្មកម្ពុជា​

ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Michael Walter Michalak ជានាយកគ្រប់គ្រងតំបន់ និង ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាស៊ាន-អាមេរិក (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើឲ្យអ្នកវិនិយោគអាមេរិក​រៀបចំបច្ចេកទេសផ្នែកកសិកម្មដល់ប្រទេសកម្ពុជា ដើម្បីបង្កើនការដាំដុះ និងកែច្នៃផលិតផលកសិកម្មយកទៅលក់នៅទីផ្សារក្នុងស្រុក​និងអន្តរជាតិ។​

កាលពីថ្ងៃអង្គារម្សិលមិញ​លោក​ ហ៊ុន សែន ជួបជាមួយតំណាងក្រុមហ៊ុនអាមេរិក​ប្រមាណពី៦ទៅ១០ក្រុមហ៊ុន នៅវិមានសន្តិភាព​ រាជធានីភ្នំពេញ​។ ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រី លើកឡើងពីសារៈសំខាន់នៃវិស័យកសិកម្មសម្រាប់កម្ពុជា ហើយស្នើឲ្យក្រុមហ៊ុនទាំងនោះពិចារណាក្នុងការវិនិយោគ។​

នៅក្នុងហ្វេសប៊ុកលោកហ៊ុន សែន សរសេរថា៖

«សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា សហរដ្ឋអាមេរិក ពិតជាមានបច្ចេកទេស និងសូមឲ្យអ្នកវិនិយោគ ពិនិត្យពិចារណាយកបច្ចេកទេសទាំងនេះ មកប្រើប្រាស់នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ផងដែរ។ លើសពីនោះទៅទៀត សម្តេចតេជោក៏បានស្នើសុំ ឲ្យក្រុមហ៊ុនពិនិត្យមើលទៅលើការវិនិយោគទៅលើការកែឆ្នៃ ផលិតផលកសិកម្មកម្ពុជា ឲ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ឬក៏ផលិតផលសម្រេចដែលអាចបម្រើទៅដល់ទីផ្សារ ទាំងក្នុងស្រុកផង និងក្រៅស្រុកផង។»

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញក្តីសង្ឃឹមដែរថា សហរដ្ឋអាមេរិក នឹងចូលរួមដោះស្រាយបញ្ហាបញ្ហាអាកាសធាតុ ពាក់ព័ន្ធនឹងបញ្ហាវិនិយោគដទៃទៀត ដូចជាបញ្ហាសេដ្ឋកិច្ច ថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងវប្បធម៌ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ