នៅប៉ុន្មានសប្ដាហ៍មកនេះ គេសង្កេតឃើញ តម្លៃប្រេងសាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅរាជធានីភ្នំពេញ បានហក់ឡើងខុសពីធម្មតា ដែលបានចោទជាបញ្ហាចំពោះពលរដ្ឋសាមញ្ញ និងមានជីវភាពក្រីក្រ ដោយពួកគេអះអាងថា បានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ការចំណាយកាន់តែច្រើន និងខ្លះទៀតបារម្ភពីបញ្ហាសេដ្ឋកិច្ចនៅកម្ពុជាថា ស្ថិតក្នុងភាពមិននឹងនក្រោយពេលបោះឆ្នោត។
បុរសមាឌតូចសម្បុរខ្មៅម្នាក់ ដែលកំពុងអង្គុយលើម៉ូតូជជែកគ្នាលេងជាមួយមិត្តភក្ដិ ៤នាក់ទៀត លោក ង៉ែត ស៊ីម អាយុ ៥២ឆ្នាំ អះអាងថា គឺជាអ្នករត់ម៉ូតូឌុប និងកំពុងអង្គុយចាំរង់ភ្ញៀវនៅម្តុំមុខសាលាបាក់ទូក ថា នៅថ្ងៃនេះមិនសូវមានភ្ញៀវហៅជិះនោះទេ។
លោកថា រាល់ថ្ងៃនេះ លោករកចំណូលបានក្នុងថ្ងៃបាន ៣៥០០០រៀលតែប៉ុណ្ណោះ និងថា ចំណាយលើការទំនិញផ្សេងៗ ដូចជា ម្ហូបអាហារ ថ្លៃកូនរៀន បង់ផ្ទះជួលប្រចាំខែ និងថ្លៃចំណាយលើប្រេងឥន្ធនៈ។ លោកថា រកចំណូលបានជាង៣ម៉ឺនរៀលនេះគឺបានត្រឹមជួយផ្គត់ផ្គង់ជីវភាពមួយកម្រិតប៉ុណ្ណោះ។
លោករអ៊ូថា ក្នុងមួយថ្ងៃ លោកត្រូវចំណាយលើប្រេងសាំងប្រហែល ១៥០០០រៀល ហើយថ្ងៃខ្លះ អាចលើសពីចំនួនក៏មាននេះ។ បុរសរូបនេះ និយាយថា ការឡើងថ្លៃប្រេងសាំងឡើងថ្លៃកាន់តែខ្ពស់នេះ បានធ្វើឲ្យប្រាក់ចំណេញរបស់គាត់ កាន់តែតិចៗទៅ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់គាត់មានការលំបាកជាមុន។
លោកថា៖ «វាពិបាកដែរ បច្ចុប្បន្ន នៅទីក្រុងភ្នំពេញយើង ឥឡូវ ស្ទះគ្រប់ទីកន្លែងទាំងអស់ ទាំងពេលល្ងាច ពេលព្រឹកហ្នឹង ត្រូវការចំណាយសាំងច្រើន! ចង់ឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ឲ្យធូរថ្លៃជាងហ្នឹង ឲ្យអ្នករកមុខរបរដូចពួកខ្ញុំងាយរកលុយស្រួលបន្តិច។ សាំងឡើងថ្លៃ វាពិបាករកលុយដែរ។ រកបានប្រហែល ៣ ទៅ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ កាត់ម្ហូបអីសល់តែ ២ម៉ឺនរៀលអីហ្នឹង»។
ខណៈកំពុងអង្គុយមើលកាសែតលើរ៉ឺម៉កកង់បីនៅម្ដុំសាលាបាត់ទូក លោក ចែម ធា អាយុ ៤៧ឆ្នាំ និយាយថា លោកមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលតម្លៃប្រេងសាំងបានឡើងថ្លៃបន្តទៀតនោះ ដោយថា ការឡើងថ្លែនេះ បានធ្វើឲ្យចំណូលកាន់តែថយចុះជាងមុន។
លោកស្នើទៅរដ្ឋាភិបាលឲ្យជួយសម្រួលតម្លៃចុះមកត្រឹម ៣៧០០រៀលក្នុងមួយលីត្រ ដោយថា បញ្ហាសាំងឡើងថ្លៃនេះ មិនមែនប៉ះពាល់តែរូបលោកនោះទេ ប៉ុន្តែ វាប៉ះពាល់ដល់ពលរដ្ឋខ្មែរទាំងអស់គ្នា ដែលមានជីវិភាពមិនសូវធូរធានោះ។
លោកថា៖ «បើសិនចិត្តរបស់ខ្ញុំចង់ឲ្យសាំងតម្លៃរបស់វាថេរ អាចត្រឹម ១ដុល្លារ ឬស្មើរ ៤០០០រៀល ឬក្រោម ៤០០០បន្តិច អាហ្នឹង អាចមានលទ្ធភាពបានសល់ខ្លះ។ សំណូមពររាជរដ្ឋាភិបាលយកចិត្តទុកដាក់ខាងសាំងហ្នឹងផង ព្រោះអីប្រជាពលរដ្ឋការណាសាំងឡើងថ្លៃវាប៉ះពាល់ច្រើនដែរ»។
ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ កញ្ញា កេន ផលលីន អាយុ ២៥ឆ្នាំ មើលឃើញថា នៅពេលរដូវបុណ្យទានតម្លៃប្រេងសាំង រួមទាំងទំនិញផ្សេងៗតែងតែឡើងថ្លៃ ដោយការឡើងថ្លៃនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិភាពប្រជាពលរដ្ឋ ខណៈប្រទេសមួយចំនួននៅជិតកម្ពុជាតម្លៃប្រេង និងមុខទំនិញរបស់ប្រទេសគេគឺមានរតម្លៃនៅថេរ។
កញ្ញាថា៖ «អញ្ចឹងទៅ វាធ្វើឲ្យប៉ះពាល់ជីវភាពដែរ បើតាមមើលទៅ គឺឡើងជិត ១ពាន់រៀល។ អញ្ចឹង ខ្ញុំគិតថា វាប៉ះពាល់ដែរ ប៉ះពាល់ខ្លាំងសម្រាប់ប្រជាជន ព្រោះអី ពេលបុណ្យទានអញ្ចឹង គាត់ត្រូវការបំផុត ដើម្បីចាក់សាំងធ្វើដំណើរទៅផ្ទះទៅស្រុកអញ្ចឹង»។
រៀបចំជិះម៉ូតូចេញពីកន្លែងចាក់សាំងមួយ យុវជន ទី ប៊ូណា និយាយថា លោកព្រួយបារម្ភនៅពេលតម្លៃប្រេងឡើងថ្លៃជាបន្តបន្ទាប់ ដោយលោកចង់ឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធជួយសម្រួលតម្លៃប្រេងសាំង ដើម្បីកុំឡើងថ្លៃខ្លាំងពេក។
នៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែតុលានេះ ប្រេងសំាងស៊ុបពែមានតម្លៃ ៤៥៥០រៀលក្នុង ១លីត្រ សំាងធម្មតាតម្លៃ ៤២០០រៀលក្នុង ១លីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៤០០០រៀល ក្នុង១លីត្រ ដោយតម្លៃនេះ បានកើនឡើងពី ៤០០ ទៅ ៧០០រៀល បើធៀបនឹងខែកក្កដាឆ្នាំ២០១៨ កន្លងមក ដែលប្រេងសាំងសាំងធម្មតា មានតម្លៃត្រឹម ៣ ៩៥០រៀល ហើយប្រេងម៉ាស៊ូត ៣ ៧៥០រៀលក្នុង ១លីត្រ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ មានប្រសាសន៍ថា ការឡើងថ្លៃនៃតម្លៃប្រេងនៅទីផ្សារអន្ដរជាតិ បានធ្វើឲ្យតម្លៃប្រេងក្នុងប្រទេសកម្ពុជា នៅតែបន្តហក់ឡើងដែរ។ លោកបន្តថា រដ្ឋាភិបាលបង់ថវិការជាង ៣៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ ដើម្បីបញ្ចុះតម្លៃសាំងចំនួន ១៦០រៀលក្នុង ១លីត្ររួចហើយ ។
លោកថា៖ «យើងមិនដឹងធ្វើម៉េច បើចិត្តឲ្យចង់ គឺចង់ឲ្យថោកមែនទែន។ ឥឡួវធ្វើម៉េច បើយើងនាំចូលប្រេងទាំងស្រុង។ បើយើងបានផលិតទៅ យើងអាចជួយគ្នាខ្លះបាន! អញ្ចឹង ចង់អំពាវនាវដល់ប្រជាពលរដ្ឋថា ធ្វើម៉េចឥឡូវ បើរដ្ឋាភិបាលនៅតែជួយ ប៉ុន្តែ គិតគូកន្លងទៅ ជួយបានតម្លៃ ២សេន ក្នុង ១លីត្រ ដូចសម្ដេចប្រកាសអញ្ចឹង។ គ្រាន់តែប៉ុណ្ណឹង យើងបង់ខាត់ប្រហែលជា ៣០លានដុល្លារក្នុងមួយឆ្នាំ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី សាទរចំពោះការចំណាយថវិការបស់រដ្ឋាភិបាល ប៉ុន្តែ ការចំណាយនេះ ហាក់នៅតិចតួចទេ ដោយថា រដ្ឋាភិបាលគួរតែស្វែងដំណោះស្រាយបន្ថែមទៀត ដើម្បីធ្វើដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ជាក់ស្ដែងដូចនៅប្រទេសថៃជាដើម។
លោកថា៖ «ជាង ៣០លានដុល្លារ គឺតិចតួចណាស់។ បើសិនយើងឃើញអ្នកនយោបាយគាត់ចាយលុយ បើយើងយកមកប្រៀបធៀបនឹងលុយដែលចំណាយសម្រាប់តម្រូវការប្រជាពលរដ្ឋទូទាំងប្រទេស វាខុសគ្នាឆ្ងាយ។ យើងអ្នកនយោបាយ គេចាយលុយស្រួលជាង! ខ្ញុំគាំទ្រទៅលើការជួយស្រោចស្រង់របស់រដ្ឋាភិបាល ក៏ប៉ុន្តែ ខ្ញុំឲ្យប្រើវាជាអាទិភាព ហើយធ្វើការយ៉ាងណា ដើម្បីកុំឲ្យវាមានមួយភ្លើងចំបើង តែមួយភ្លេត ហើយវាឈប់ទៅវិញ»។
សារព័ត៌មានថៃ The Nations ចេញផ្សាយកាលពីខែឧសភាថា រដ្ឋាភិបាលថៃនេះ បានត្រៀមបញ្ចប់ថវិកា ១ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការឡើងថ្លៃនៃតម្លៃប្រេងសាំង និងដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ខណៈដែលប្រេងសាំងក្នុងប្រទេសនេះ មានតម្លៃ ៣៨០០រៀល ហើយនឹងបន្ដថេរបែបនេះ បើគោលនយោបាយទប់ស្កាត់កុំឲ្យសាំងឡើងថ្លៃ ទទួលបានជោគជ័យ។
កាលពីខែមិថុនាកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រយៈពេល ៥ខែដើមឆ្នាំ២០១៨នេះ រដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ជិត ៨៣លានដុល្លារដើម្បីរក្សាលំនឹងថ្លៃសាំង ហើយពេលខាងមុខរដ្ឋាភិបាលនឹងមានវិធានការដោយផ្លាស់ប្តូរការគិតពន្ធថ្មី បញ្ចុះតម្លៃពន្ធអាករពិសេសទៅលើប្រេងសាំង និងជំរុញឲ្យមានការចូលរួមពីក្រុមហ៊ុនឯកជនក្នុងការបញ្ចុះតម្លៃ៕









