តុលាការ​សម្រេចឲ្យអតីត​សមាជិកបក្ស​​​ប្រឆាំងម្នាក់ជាប់ពន្ធនាគារ១ឆ្នាំពីបទ​ប្រមាថ​ព្រះ​មហាក្សត្រ

លោក បាន សម្ភីរ ជាអតីតសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​​នៅ​ស្រុក​ជីក្រែង (រូបភាព៖ បណ្ដាញសង្គម Twitter/Chhengniem)

សាលា​ដំបូង​ខេត្ត​សៀមរាប បានសម្រេចផ្តន្ទាទោសអតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំងម្នាក់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ដោយចោទប្រកាន់ពីបទប្រមាថ​ព្រះ​មហាក្សត្រ។

តាមការចុះផ្សាយរបស់អង្គការលីកាដូ នៅថ្ងៃទី៥ ខែតុលា ចៅក្រមសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ទន្តាទោសលោក បាន សម្ភីរ ដាក់ពន្ធនាគារ១ឆ្នាំ ពីបទប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែតុលាការឲ្យលោកទទួលទោសតែ៧ខែ ដោយនៅសល់ចំនួន៥ខែ គឺត្រូវព្យួរ។

លោក បាន សម្ភីរ ជាអតីតសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​​នៅ​ស្រុក​ជីក្រែង​ ​ខេត្តសៀមរាប ត្រូវបានតុលាការចោទប្រកាន់ថា បានចែកចាយព័ត៌មានមួយលើគណនីហ្វេសប៊ុក ដែលបានរិះគន់លើអង្គព្រះមហាក្សត្រ។

គួរបញ្ជាក់ថា ពលរដ្ឋ​កម្ពុជាចំនួន២​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​មានសមត្ថកិច្ច​ចាប់​ខ្លួន​​ ក្រោមការ​ចោទប្រកាន់ថា​ បាន​ប្រមាថ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​អនុម័ត​​ កាល​ពី​ខែ​មីនា​ ឆ្នាំ២០១៨ នូវ​មាត្រា​​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ ដែល​ដាក់​ទោស​ចំពោះ​បុគ្គល​ប្រមាថ​ព្រះ​មហាក្សត្រ។

កាលពីថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៨ នាយក​សាលា​បឋម​សិក្សា​ព្រៃតាហ៊ូ ​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ជាប់​សង្ស័យ​ថាបាន​ប្រមាថ​ព្រះមហាក្សត្រតាម​​បណ្ដាញ​ទំនាក់ទំនងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ