សមាគមមួយស្នើទៅរដ្ឋាភិបាលឲ្យបន្ត​ផ្តល់បណ្ណធានារ៉ាប់រងសុខភាពដល់អ្នករើសអេតចាយ

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។

សមាគមមួយដែលធ្វើការគាំពារអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្នើទៅរដ្ឋាភិបាល ឲ្យបន្តផ្តល់បណ្ណធានារ៉ាប់រងសុខភាពដល់អ្នករើសអេតចាយ ដោយថា អ្នកទាំងនោះកំពុងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ​។

ក្នុងលិខិតមួយចុះថ្ងៃទី៣ ខែតុលា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្នើទៅបេឡាជាតិនៃរបបសន្តិសុខសង្គមបន្តផ្តល់បណ្ណសមធម៌ដល់អ្នកប្រកបរបរើសអេតចាយ។

ក្នុងលិខិតនោះ សមាគមបានលើកឡើងថា អ្នកប្រកបរបររើសអេតចាយដែលជាសមាជិករបស់ខ្លួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា ជួបគ្រោះថ្នាក់ចរាចរណ៍ កើតជំងឺផ្សេងៗជាដើម។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ បន្ថែមលើខ្លឹមសារលិខិតថា អ្នកប្រកបរបរើសអេតចាយគឺជាអ្នកក្រីក្រដែលពុំមានលទ្ធិភាពសម្រាប់ចំណាយពេលពួកគេឈឺនោះទេ។

លោក វន់ ពៅ ឲ្យដឹងថា កាលមុខបោះឆ្នោតរដ្ឋាភិបាលបានសម្រេចផ្តល់បណ្ណធានារាប់រងសុខភាពដល់អ្នកប្រកបរបររើសអេតចាយទាំងនោះ ប៉ុន្តែក្រោយបោះឆ្នោតរួចរដ្ឋាភិបាលបែរជាផ្អាកផ្តល់បណ្ណនោះវិញ​ ដែលធ្វើឲ្យអ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធទាំងនោះជួបការលំបាកជាច្រើន។

លោកបន្ថែមថា៖«យើងមើលឃើញថា អ្នករើសអេតចាយហ្នឹងគាត់ទទួលរងគ្រោះនូវហានិភ័យជាច្រើនទាក់ទងនឹងអនាម័យគាត់ បានខូចសុខភាព ព្រោះកន្លែងរើសអេតចាយជាកន្លែងគគ្រិច មានអ្នកមួយចំនួនឈឺច្រើនមែនទែន ដោយសារគាត់រើសអេតចាយកន្លែង​គំនរសំរាមទឹកស្អុយហូរលើខ្លួនគាត់បណ្តាលឲ្យគាត់ខូចសុខភាព។  ហើយគាត់រើសអេតចាយមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ អញ្ចឹងអត់មានលទ្ធភាពពេលគាត់ឈឺទៅព្យាបាលឡើយ។ ដូច្នេះបានជាយើងតម្រូវឲ្យក្រសួងហ្នឹងធ្វើយ៉ាងណា បញ្ចូលពួកគាត់ឲ្យទទួលបានមូលនិធិសមធម៌ហ្នឹង»

អ្នកនាំពាក្យបេឡាជាតិ នៃរបបសន្តិសុខសង្គមលោក ជាវ ប៊ុនរិទ្ធ ប្រាប់វីអូឌីថា លោក មិនទាន់ទទួលបានលិខិតនេះនៅឡើយទេ ដូច្នេះ​លោកមិនទាន់អាចឆ្លើយបានទេ​។

លោកបន្ថែមថា៖«ខ្ញុំនៅខាង ប.ស.ស មិនបានដឹង មិនទាន់ទទួលបានលិខិតនោះផង»

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឲ្យដឹងថា បច្ចុប្បន្នសមាគមរបស់លោកចង់អ្នករើសអេតចាយជាសមាជិកបានជាង២០០នាក់ ក្នុងនោះអ្នកទទួលបានបណ្ណធានារាប់រងសុខភាពមានជាង១០០នាក់   ដែលរដ្ឋាភិបាលផ្តល់ឲ្យកាលមុនបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ