លោក គឹម សុខ ទទួលបាន​សិទ្ធិជ្រក​កោននយោបាយទៅរស់​នៅប្រទេស​ហ្វាំងឡង់

អ្នកវិភាគនយោបាយ និង សង្គមលោក គឹម សុខ និង កូនស្រីតូចអាយុ ៦ឆ្នាំ នៅព្រលានយន្ត​ហោះសុវណ្ណភូមិ ក្រុងបាងកក​ ប្រទេសថៃ នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក មាជ សុវណ្ណារ៉ា)

លោក គឹម សុខ និងកូនស្រី​របស់​លោក​ ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទៅ​រស់នៅប្រទេស​ហ្វាំងឡង់​។

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរនៅ​លើ​ទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា អ្នកវិភាគនយោបាយនិងបញ្ហាសង្គម លោក គឹម សុខ និងកូនស្រី ​បានទទួល​សិទ្ធិជ្រកកោននយោបាយទៅរស់នៅក្នុងប្រទេសហ្វាំងឡង់។ ប្រភពដដែល​បាន​ឲ្យ​ដឹងថា​ លោកលោក គឹម សុខ និងកូនស្រីរបស់​លោក​បាន​ចាក​ចេញ​ពីប្រទេសថៃ​ឆ្ពោះ​ទៅកាន់​ប្រទេសហ្វាំងឡង់​កាល​ពីយប់​ម្សិលមិញនេះ។

កាលពីថ្ងៃទី១៧ខៃសីហាឆ្នាំ២០១៨ លោក គឹម សុខ ត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់អនុវត្តទោស១៨ខែរួចរាល់ ក្រោមការចោទរបស់រដ្ឋាភិបាលពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

ប៉ុន្តែ​ក្រោយពីចេញ​ពីពន្ធនាគារមិនដល់​ពីរសប្ដាហ៍ផង​ លោក​ គឹម សុខ​ ត្រូវ​បានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្រមានថា​នឹង​ចាប់ដាក់ពន្ធនាគារម្ដងទៀត ប្រសិនបើអ្នកវិភាគនយោបាយរូបនេះមិនសងប្រាក់ចំនួន ៨០០លានរៀលឲ្យទៅគណបក្សកាន់អំណាចក្នុងសំណុំរឿងដែលបក្សនេះប្តឹង​​លោក គឹម សុខ ដែលបាន​អត្ថាធិប្បាយចោទប្រកាន់​គណបក្សកាន់អំណាច ថាជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​រមិន​ឃើញ។ មួយថ្ងៃក្រោយការគំរាម​របស់​លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ពោលគឺនៅថ្ងៃទី៣០ ខែសីហា លោក គឹម សុខ បាននាំកូនស្រី​ ​ភៀសខ្លួន​ទៅកាន់​ប្រទេសថៃ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ