ក្រសួងការងារ​ព្រមានចាត់វិធានការផ្លូវច្បាប់បើរកឃើញថាអាជីវកម្មណា​ប្រើពលកម្ម​កុមារ​

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរំលឹកដល់ម្ចាស់ក្រុមហ៊ុនឬអាជីវកម្មទាំងអស់ឲ្យគោរពច្បាប់ការងារ និងព្រមានចាត់វិធានការតាមច្បាប់បើរកឃើញថាកេងប្រវ័ញ្ចឬប្រើមនុស្សមិនគ្រប់អាយុ។​

សេចក្តីជូនដំណឹងនៅថ្ងៃនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និងអាជីវកម្មនានាត្រូវបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមច្បាប់ស្តីពីការងារនិងប្រកាសដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងពលកម្មកុមារ។

សេចក្តីជូនដំណឹងដដែលក្រសួងតម្រូវឲ្យម្ចាស់ឬនាយកទាំងអស់បន្តប្រឆាំងរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មនិងហាមឃាត់ដាច់ខាតការប្រើប្រាស់បំណុលនៃទំនាក់ទំនងបុគ្គល និងបំណុលនៃគ្រឹស្ថានហិរញ្ញវត្ថុមកដាក់បន្ទុកសេរីភាពការងាររបស់កម្មករនិយោជិត ទោះបីក្នុងលក្ខណៈម៉ៅការឬកិច្ចសន្យាបន្តក្តី។

ប្រភពខាងលើ​បន្តថា គ្រប់អាជីវកម្ម សិប្បកម្ម និងសេវាកម្មទាំងអស់មិនត្រូវប្រើប្រាស់កុមារក្រោមអាយុ១៥ឆ្នាំ ហើយហាមឃាត់ដាច់ខាតការប្រើប្រាស់មនុស្សអាយុក្រោម១៨ឆ្នាំនៅមណ្ឌលកម្សាន្តមនុស្សពេញវ័យ និងការជួញដូរកម្លាំងពលកម្ម។

សេចក្តីជូនដំណឹងខាងលើនេះ ក្រសួងបានព្រមានធ្វើការផាកពិន័យនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន បើក្រុមអធិការកិច្ចការងាររបស់ក្រសួងរកឃើញកំហុស។

នាយកអង្គការមជ្ឍមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី គាំទ្រចំពោះសេចក្តីប្រកាសរបស់ក្រសួង ប៉ុន្តែលោកថា ការប្រើប្រាស់ការងារដោយបង្ខំនិងពលម្មលើកុមារនៅតែមាននៅឡើយ ដោយថាបណ្តាលមកពីកត្តាជីវភាពក្រីក្រ ការបង្ខំចិត្តធ្វើការដើម្បីដោះបំណុល និងដើម្បីព្យាបាលសមាជិកគ្រួសារជាដើម។ លោក ង៉ែត ធី ជំរុញឲ្យមានការចូលរួមទាំងអង្គការជាតិ អន្តរជាតិ និងរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានេះបន្ថែមទៀត។

កាលពីចុងឆ្នាំ២០១៦ អង្គការសម្ព័ន្ធជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយរបាយការណ៍ខ្លួនថាបញ្ហាទាសភាព ឬការបញ្ជាំខ្លួនដើម្បីដោះបំណុលនៅកម្ពុជាមកដល់សម័យបច្ចុប្បន្ន គឺនៅតែកើតមាននៅឡើយ បើទោះបីមានច្បាប់ដើម្បីដាក់ទោសទណ្ឌក៏ដោយ។ ទោះយ៉ាងណាក្នុងសេចក្តីជូនដំណឹងនៅថ្ងៃនេះ ក្រសួងបានបញ្ជាក់ថា កន្លងមកការចុះធ្វើអធិការកិច្ចការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និងអាជីវកម្មនានា មិនទាន់រកឃើញការប្រើប្រាស់ការងារដោយបង្ខំ និងពលកម្មកុមារទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ