នាយករដ្ឋមន្ត្រីវៀតណាមប្រឹងប្រែងទាក់ទាញអ្នកវិនិយោគជប៉ុន

នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និងសមភាគីវៀតណាមរបស់លោក Nguyen Xuan Phuc បានចាប់ដៃគ្នាបន្ទាប់ពីសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេនៅការិយាល័យនាយករដ្ឋមន្ត្រីនៅតូក្យូកាលពីថ្ងៃចន្ទ (រូបភាព៖ REUTERS)

នាយករដ្ឋមន្ត្រីវៀតណាមលោក ង្រ្វៀន សួនផុក បានព្យាយាមផ្សព្វផ្សាយពីឱកាសល្អៗនៅក្នុងប្រទេសរបស់លោក ដើម្បីទាក់ទាញ​អ្នកវិនិយោគរបស់ជប៉ុន​ឲ្យបន្ថែមការវិនិយោគកាន់តែកាន់ច្រើនថែមទៀត ពិសេសនោះគឺផ្តោតទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម។​

នៅក្នុងសន្និសីទស្តីពីការជំរុញផ្សព្វផ្សាយការវិនិយោគវៀតណាម​និងជប៉ុន កាលពីថ្ងៃទី១០ ខែតុលា លោក ង្វ្រៀន សួនផុក ថ្លែងថា វៀតណាម​កំពុងតែផ្តោតលើការពង្រីកការអភិវឌ្ឍវិស័យដឹកជញ្ជូន វិស័យអាកាសចរណ៍ស៊ីវិល អាហារនិងអាហារកែច្នៃ កសិកម្ម ទូរគមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍ និងសំណង់។​ នេះបើតាមសារព័ត៌មាន Vietnam News។​

នេះគឺជាខ្លឹមសារដែលលោក ង្វ្រៀន សួនផុក ប្រឹងប្រែងពន្យល់ទៅមន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញរបស់ជប៉ុន ឲ្យបានយល់ ហើយងាកមកចាប់អារម្មណ៍បោះទុនវិនិយោគ។

នៅក្នុងសន្និសីទនោះ​ខាងភាគីជប៉ុនបានប្តេជ្ញាបង្កើនទុនវិនិយោគជាមួយវៀតណាម​ ដើម្បីរុញភ្ជាប់ផលិតផលទៅលើទីផ្សារអន្តរជាតិឲ្យកើនឡើង។​

វៀតណាមក៏បានជំរុញលើកទឹកចិត្តឲ្យជប៉ុន​ដាក់ទុនវិនិយោគលើដំណើរការសហគ្រាសធុនតូច និងធុនមធ្យម ដែលប្រទេសនេះកំពុងតែផ្តោតការយកចិត្តទុកដាក់។​

នាយករដ្ឋមន្ត្រីវៀតណាម​បានលើកឡើងទៀតថា នៅក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មលើកទី៤នេះ វៀតណាម​កំពុងតែអភិវឌ្ឍកែប្រែខ្លួនយ៉ាងឆាប់រហ័ស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងកម្មករជំនាញ។

ក្នុងសារព័ត៌មាន Vietnam News នោះឲ្យដឹងទៀតថា រដ្ឋាភិបាលវៀតណាម​ចង់ឲ្យជប៉ុនបោះទុនវិនិយោគជាដៃគូយុទ្ធសាស្ត្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ​ គ្រឿងអេឡិចត្រួនិច ជំរុញដំណើរការផលិត និង ជំរុញឲ្យមានការធ្វើកសិកម្មតាមបែបទំនើបជាដើម។​

នាយករដ្ឋមន្ត្រីវៀតណាម​បានរៀបរាប់ប្រាប់ភាគីជប៉ុនទៀតថា ប្រទេសនេះ មានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ប្រចាំឆ្នាំ និងបានចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងការធ្វើពាណិជ្ជកម្មដោយសេរីចំនួន​១៦។​

ក្នុងរយៈពេល៨ខែនៃឆ្នាំ២០១៨នេះ ជប៉ុនជាប្រទេសដឹកមុខគេក្នុងការវិនិយោគនៅក្នុងប្រទេសវៀតណាម គឺមានទឹកប្រាក់ចំនួន៧ពាន់លានដុល្លារ ស្មើនឹង២៨,៨ %នៃការវិនិយោគដោយផ្ទាល់ពីបរទេសដែលជួយយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់វៀតណាម។

ក្នុងសន្និសីទនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុននោះ នាយករដ្ឋមន្ត្រីវៀតណាម និងមន្ត្រីជាន់ខ្ពស់របស់ជប៉ុនបានធ្វើជាសាក្សី ដែលអ្នកជំនួញជប៉ុននិងវៀតណាមបានចុះកិច្ចព្រមព្រៀងក្នុងការធ្វើពាណិជ្ជកម្មលើទំហំទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ។​

តាមរបាយការណ៍របស់ Global Economy បានឲ្យដឹងថា ជប៉ុនជាប្រទេសជាប់លំដាប់ថ្នាក់ទី២ ដែលវៀតណាម​នាំទំនិញទៅលក់បន្ទាប់ពីអាមេរិក​។ របាយការណ៍ដដែលឲ្យដឹងទៀតថា ជប៉ុនជាប់លំដាប់ថ្នាក់លេខ៣ បន្ទាប់ពីប្រទេសចិន និងសិង្ហបុរី ដែលវៀតណាម​នាំចូលទំនិញ។​ របាយការណ៍នេះគិតត្រឹមខែមិថុនាឆ្នាំ២០១៨។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ