ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងស្នើអាជ្ញាធរខេត្តអន្តរាគមន៍ដោះលែងតំណាងពួកគេ

តំណាងសហគមន៍ដែលជាប់ឃុំឃាំងពីបទបោះបង្គោលព្រំលើដីមានជម្លោះ (រូបភាព៖ តំណាងសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុង)

សាច់ញាតិ និងប្រជាពលរដ្ឋនៅសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុង បានដាក់ញ្ញត្តិទៅសាលាខេត្ត ដើម្បីសុំទៅអាជ្ញាធរជួយអន្តរាគមន៍ដោះលែងតំណាងពួកគេម្នាក់ដែលជាប់ឃុំដោយសារជម្លោះដីធ្លីឲ្យ​មានសេរីភាពវិញ។

តំណាងសហគមន៍ព្រែកខ្សាច់លោក ហេង សុខ រស់នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ដែលអះអាងថា មានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ត្រូវបានតុលាការខេត្តកោះកុងកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ និងផាកពិន័យជាង២លានរៀល ក្រោមការចោទថា បានទៅបោះបង្គោលព្រំលើ​ដី​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់។

អ្នកស្រី ទិត្យ តេន ត្រូវជាម្តាយរបស់លោក ហេង សុខ ប្រាប់វីអូឌីថា នៅថ្ងៃនេះក្រុមគ្រួសារអ្នកស្រី​ និងប្រជាពលរដ្ឋបាននាំគ្នាប្រមូលស្នាមមេដៃបានជិត២០០ ដើម្បី​ដាក់ទៅសាលាខេត្តកោះកុងឲ្យ​ជួយអន្តរាគមន៍ ដោយថា តំណាងពលរដ្ឋរូបនោះមិនមានកំហុសដូចការចោទប្រកាន់នោះទេ។

អ្នកស្រីបន្ថែមថា៖«ពួកខ្ញុំសុំឲ្យលែងថ្ងៃបុណ្យអុំទូកខាងមុខនេះ ព្រោះខ្ញុំលឺសម្តេចប្រកាសថា អ្នកទោសដែលមានទោសឧក្រិដ្ឋ​នឹងដោះលែងគាត់។​ ដល់ពេលពួកយើងលឺអញ្ចឹងក៏ស្នើសុំទៅខាងខេត្តជួយអន្តរាគមន៍ដោះលែង លោក ហេង សុខ ទៅព្រោះគាត់អត់មានកំហុសទេ ខាងតុលាការចោទប្រកាន់គាត់ថា ទៅរំលោភយកដីឧកញ៉ា​អីហ្នឹងគឺអត់មានទេ»

អភិបាលខេត្តកោះកុងលោក ស្រី មិថុនា ភូថង មានប្រសាសន៍ថា លោកស្រីមិនទាន់ទទួលបានលិខិតពីក្រុមពលរដ្ឋដែលស្នើសុំអន្តរាគមន៍ដោះលែងតំណាងនោះនៅឡើយទេ។ លោកស្រីបន្តថា ពេលទទូលបានលិខិតលោកស្រី​នឹងពិនិត្យពិចារណាថាត្រូវសម្រេច និងដោះស្រាយយ៉ាងដូចម្តេច។

លោកស្រីបន្ថែមថា៖«ថ្ងៃនេះលិខិតនោះខ្ញុំមិនទាន់បានឃើញទេ។ ចាំខ្ញុំឆែកទៅលើការងារនេះ ព្រោះពាក់ព័ន្ធការងារនេះគឺនៅលើដៃ តុលាការ ហើយខ្ញុំឆែកទៅភស្តុតាងតាមបែបបទនៃការងារនេះ»

ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករនៅខេត្តកណ្តាលកាលពី ខែសីហា លោក ហ៊ុន សែន  មានប្រសាសន៍ថា លោកនឹងសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងទ្រង់ទ្រាយធំដែលធ្វើឡើង៤ដង ក្នុងឆ្នាំនេះ ដូ​ច​​ជាក្នុង​ពីធីបុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យឯករា​ជ្យជាតិ និង​បុ​ណ្យប​​ញ្ចប់​សង្គ្រា​ម​តាម​នយោ​បា​​យ​​​ឈ្នះៗរបស់លោក ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​នៅ​ចុងឆ្នាំ​នេះផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមកក៏ធ្លាប់ប្រកាសថា មិនឲ្យប្រជាពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារដោយសារជម្លោះដីធ្លីឡើយ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ធ្លាប់មានប្រសាន៍ថា អ្នកដែលជាប់ពន្ធនាគារដោយសារជម្លោះដីធ្លីទាំងនោះគួរតែទទួលបានការលើកលែងទោស ដោយថាកន្លងមកលោកនាយករដ្ឋមន្រ្តីធ្លាប់មានប្រសាសន៍ថា មិនឲ្យពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារដោយសារដីធ្លីនោះទេ។

លោកបន្ថែមថា« ប្រសិនបើពួកគាត់ទាំងអស់ គឺជាសកម្មជនដីធ្លី ហើយពួកគាត់ធ្វើការតវ៉ាទាមទារដើម្បីដីធ្លី និងផ្ទះសម្បែងរបស់គាត់។ […] ហើយជាពិសេសខ្ញុំចាំ បានថា កន្លងមកសម្តេចនាយករដ្ឋមន្រ្តីលោកធ្លាប់មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីហ្នឹងគឺដាចខាតមិនត្រូវជាប់ពន្ធនាគារទេ»

តំណាងសហគមន៍ព្រែកខ្សាច់លោក ហេង សុខ ត្រូវបានសមត្ថកិច្ចខេត្តកោះកុងចាប់ខ្លួនកាលពីថ្ងៃទី២២កុម្ភៈឆ្នាំ២០១៨ ក្រោយពីតំណាងសហគមន៍រូបនេះ ចូលទៅបោះបង្គោលព្រំលើដីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ