រដ្ឋាភិបាល​គ្រោងចំណាយជាង១លានដុល្លារដើម្បីស្រាវជ្រាវពីបញ្ហាកសិកម្ម

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ផែនការ លោក ឆាយ ថន ថ្លែងប្រាប់អ្នកកាសែត ក្នុងសិក្ខាសាលាស្តីពីអ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ និង​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងអង្កេត​ចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា (FAO) (ថតដោយ៖ ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់អះអាងថា រដ្ឋាភិបាល​គ្រោងចំណាយ​ថវិកា១លាន៣សែនដុល្លារ សម្រាប់ធ្វើអង្កេតចន្លោះជំរឿន​កសិកម្មនៅទូទាំងប្រទេស ដោយថាដើម្បីជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋរស់នៅតំបន់​ជនបទ។

មន្ត្រីរូបនោះបញ្ជាក់ថា ការអង្កេតនេះ នឹងធ្វើការប្រមូលទិន្នន័យដែលគ្របដណ្តប់ទៅលើវិស័យកសិម្មដូចជា ការធ្វើស្រែចំការ ដាំដំណាំ ចិញ្ចឹមសត្វ កៅស៊ូ កសិកម្មបែបពាណិជ្ជកម្ម កម្ចីហិរញ្ញវត្ថុខ្នាតតូច សម្រាប់វិនិយោគលើសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងក្រុមហ៊ុនជាដើម។

ក្នុងសិក្ខាសាលាស្តីពីអ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ និង​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងអង្កេត​ចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា (FAO)  ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ផែនការ លោក ឆាយ ថន ថ្លែង​​ថា​ ជំរឿនកសិកម្ម អង្កេត និងទិន្នន័យកសិកម្ម ជាប្រភពសំខាន់សម្រាប់ផ្តល់ទិន្នន័យពាក់ព័ន្ធវិស័យកសិកម្មទៅដល់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិ ដើម្បីងាយស្រួលដល់​អ្នកកសាងគោលនយោបាយអភិវឌ្ឍវិស័យ​កសិ​កម្ម​ និង​អ្នករៀបចំផែនការយុទ្ធសាស្ត្រ ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។

សិក្ខាសាលាស្តីពីអ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ និង​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងអង្កេត​ចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ (រូបថត៖ ហ៊ី ឆាយ)

ករណីនេះ លោក ឆាយ ថន អះអាងថា រដ្ឋាភិបាលត្រូវ​ចំណាយ​ថវិកា១លាន ៣សែនដុល្លារ ជួយដល់    វិស័យ​នេះ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋដែលរស់នៅតាមជនបទ។

លោកថ្លែងបែបនេះថា«ជំរឿនកសិកម្ម អង្កេតកសិកម្ម និងទិន្នន័យកសិកម្ម រដ្ឋបាលដទៃទៀត គឺជាប្រភពដ៏សំខាន់សម្រាប់ផ្តល់ទិន្នន័យដែលពាក់ព័ន្ធលើវិស័យកសិកម្មទៅដល់អ្នកប្រើប្រាស់ទិន្ន័យស្ថិតិដូចជា អ្នកកសាងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម សម្រាប់គាំទ្រទៅដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដែលរស់នៅតាមតំបន់ជនបទ»។

មន្ត្រីរដ្ឋាភិបាលរូបនោះអះអាងថា ថវិកាដែលត្រូវចំណាយ​១លាន ៣សែនដុល្លារនោះ បានមក​ពីម្ចាស់ជំនួយ តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា (FAO) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត រួមទាំងបដិភាគរបស់រដ្ឋាភិបាលជាដើម។

តំណាង​(FAO) ប្រចាំកម្ពុជា លោក Alexander Huynh ថ្លែងតាមរយៈអ្នកបកប្រែភាសាខ្មែរក្នុងសិក្ខាសាលានោះថា ពិធីចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងនាថ្ងៃនេះ ជាជំហានមួយសម្រាប់ធ្វើឲ្យប្រសើរឡើងនៃស្ថិតិកសិកម្មនៅកម្ពុជា និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។

លោកថ្លែងថា«បើយើងមើលតួលេខវាជាការវិនយោគតូច​ទេ ប៉ុន្តែប្រសិនបើយើងមិនមានទិន្នន័យល្អ វាពិបាកណាស់ក្នុងការសម្រេច​ឲ្យបាននូវ​ចំណូល​ដែលរដ្ឋាភិបាលកំពុង​ទទួលបានខ្ពស់នេះ ដូច្នេះខ្ញុំគិតថា គម្រោង ឬកម្មវិធីនេះ មានសារៈសំខាន់ ជាឧបករណ៍សំខា​ន់សម្រាប់  ប្រទេសកម្ពុជា ក្នុង​ការសម្រេចគោលដៅរបស់ខ្លួន​»។

ក្រសួងផែនការបានឲ្យដឹងថា គម្រោងចុះអង្កេតចន្លោះជំរឿនកសិកម្មនេះមានរយៈពេល១០ឆ្នាំ ហើយ​ក្រសួងនឹង​ចាប់ផ្តើមអនុវត្តការងារ​​នៅដើមឆ្នាំ២០១៩ និងប្រមូលទិន្នន័យនៅខែ៦ ឆ្នាំដដែល ដោយចុះ​អង្កេត និងធ្វើជំរឿនស្ថិតិ​ប្រជាពលរដ្ឋចំនួន​៨០០ភូមិ ក្នុងមួយភូមិ២០គ្រួសារ សរុប១៦០០០គ្រួសារ​នៅទូទាំ​ងប្រទេស ដោយប្រើប្រាស់មន្ត្រីក្រសួងផែនការ និងមន្ត្រីក្រសួងកសិកម្ម។

ករណីនេះ នាយិកា​ប្រតិបត្តិ នៃ​អង្គការ​សេដាក លោកស្រី តុង ចាន់ធាង មានប្រសាសន៍ថា ដើម្បីអនុវត្តគម្រោងអង្កេតចន្លោះជំរឿនកសិកម្មនេះឲ្យមានតម្លាភាព រដ្ឋាភិបាលត្រូវបើកទូលាយឲ្យមានដៃគូអភិវឌ្ឍជាតិ អន្តរជាតិ នឹងអ្នកស្រាវជ្រាវឯករាជ្យចូលរួមធ្វើការងារនេះ។

លោកស្រីមានប្រសាសន៍ថា«​បើតាមខ្ញុំគិតអាច ជួលអ្នកឯករាជ្យពីខាងក្រៅ ក្នុងការចុះធ្វើការងារនេះ ដោយសហការជាមួយមន្ត្រីរដ្ឋាភិបាល វាជាការល្អដើម្បីយើងបានតួលេខពិតប្រាកដ ជាក់លាក់  គឺយើងងាយស្រួលរៀប​ចំផែនការ យុទ្ធសាស្ត្រសម្រាប់ធ្វើការអភិវឌ្ឍ នៅក្នុងវិស័យកសិកម្មនេះ​»។

បើតាមទិន្នន័យដែលបានមកពីការធ្វើជំរឿនកសិកម្មរបស់ក្រសួងផែនការលើកដំបូងរបស់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ ចំនួនគ្រួសារសរុបនៅកម្ពុជាប្រមាណជា៨៥% ប្រកបមុខ​របរកសិកម្ម ដូចជា ធ្វើស្រែចំការ ដាំដំណាំ ចិញ្ចឹមសត្វ និងធ្វើនេសាទជាដើម៕

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ផែនការ លោក ឆាយ ថន ក្នុងសិក្ខាសាលាស្តីពីអ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ និង​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងអង្កេត​ចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា (FAO) (ថតដោយ៖ ហ៊ី ឆាយ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ