បទយកការណ៍៖ ប្រជាសហគមន៍ព្រៃឡង់​​​មួយចំនួន​បង្ខំចិត្ត​បោះ​បង់​ចោលការងារ​ចុះ​ល្បាតព្រៃ ព្រោះ​ជីវភាពខ្វះខាត​

សកម្មភាពចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)

ដំណើរចុះល្បាតព្រៃរបស់ប្រជាសហគមន៍ដែលរស់នៅជុំវិញតំបន់ព្រៃឡង់ តែងធ្វើឡើងមិនថាពេល​មាន​ភ្លៀងធ្លាក់​ជោគជាំឬពេលក្តៅ​ហួតហែងនោះ​ទេ​។ ការចុះល្បាតនេះ ជាផ្នែកមួយក្នុងការ​ជួយការពារធនធានព្រៃឡង់​​ឱ្យនៅគង់វង្ស ក៏ដូច​ជាជួយ​ទប់​ស្កាត់​ការកាប់បំផ្លាញព្រៃ​ក្នុងតំបន់នោះ​ពីសំណាក់ក្រុមជនល្មើសផងដែរ​។

នៅពេលចុះល្បាតព្រៃម្ដងៗ​ ប្រជាសហគមន៍ត្រូវធ្វើដំណើរលើស្ថានភាពផ្លូវដ៏​លំបាក ពោលគឺ​ក្នុងព្រៃចម្ងាយជាច្រើនគីឡូម៉ែត្រ។ សកម្មភាពរបស់ពួកគាត់ ត្រូវ​​ធ្វើឡើងជាក្រុម​ដែល​មាន​គ្នាចាប់​ពី​១០នាក់ឡើងទៅ។ ក្នុងរយៈពេល​ស្នាក់នៅក្នុងព្រៃ ពួកគាត់​បរិភោគអាហាររួមគ្នាដែលពួកគាត់បាន​រៀបចំបម្រុងទុក​​។

កាលចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)

ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ប្រជាសហគមន៍មួយចំនួន បាន​សម្រេច​ចិត្តបោះ​បង់ចោល​សកម្មភាពនេះ ឬ មិនបាន​ចូលរួមការងារនេះជាទៀងទាត់ទេ ដោយថាពួកគាត់​ត្រូវងាកមកធ្វើការងារដើម្បី​រកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ​​វិញ។

អ្នកសម្របសម្រួលសហគមន៍ការពារព្រៃឡង់ប្រចាំខេត្តព្រះវិហារលោក ស្រី ថី មានប្រសាសន៍​ថា បច្ចុប្បន្ន​ការចុះល្បាតព្រៃរបស់សហគមន៍គឺ មានជំនួយពីអង្គការក្រៅរដ្ឋាភិបាលខ្លះ ប៉ុន្តែមិនបានគ្រាប់គ្រាន់ទេ។ លោកបន្តថា សហគមន៍ភាគច្រើនបំពេញការងារនេះ ដោយ​ស្ម័​គ្រចិត្ត និងការស្រលាញ់ព្រៃឈើ។ លោកកត់សម្គាល់​ថាដោយ​បញ្ហាជីវភាព​គ្រួសារខ្វះខាត និង​ជំពាក់បំណុលគេផង  ប្រជាសហគមន៍​មួយចំនួនដែល​ធ្លាប់សកម្ម ប្រែជាលែងសកម្មដូចមុន។

លោកមានប្រសាសន៍ថា៖ «គិតប្រៀបធៀបទៅនឹងជីវភាពគ្រួសាររបស់បណ្តាញយើង​ខ្លះក៏មាន​គ្រប់គ្រាន់ ខ្លះក៏អត់ដែរណា ហើយមួយថ្ងៃឱ្យគាត់បីដុល្លារ មិនរួចខ្លួនទេ។ ហើយពេលនោះហើយដែលយើងបាត់កម្លាំងចូលរួម ហើយប្រសិនបើអង្គការដៃគូផ្តល់ឱ្យគាត់មួយថ្ងៃ៥ ដុល្លារ អាចនឹងកើតឡើងវិញកម្លាំងចូលរួម»។

លោក ស្រី ថី បន្ថែមថាសកម្មភាពការពារព្រៃឈើនៅតំបន់ព្រៃអភិរក្សមួយនេះ ប្រជា​សហគមន៍​ត្រូវជួបបញ្ហាប្រឈម​ច្រើន ទាំងការធ្វើដំណើរក្នុងព្រៃ ការប្រឈមមុខជាមួយក្រុមជនល្មើស ដោយពួកគេមានអាវុធកែច្នៃ។ មិនតែប៉ុណ្ណោះ លោកថា ពួកគាត់​ក៏​ត្រូវប្រឈមនឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការគំរាមកំហែងពីសំណាក់មេខ្លោងដែលនៅពីក្រោយខ្នងជនល្មើសផងដែរ។ ​

​អ្នកសម្របសម្រួលសហគមន៍ការពារព្រៃឡង់ប្រចាំខេត្តក្រចេះ លោក ឯក    សុវណ្ណា មានប្រសាសន៍​ថា មូលហេតុដែលលោកសម្រេចចិត្តចូលរួមការពារព្រៃឡង់ ព្រោះលោកស្រលាញ់​ព្រៃឈើ និងមើលឃើញពីវិនាសសកម្មព្រៃឈើនាពេលបច្ចុប្បន្នផង។ លោកបន្តថាប្រជាសហគមន៍បានលះបង់ច្រើនទាំងកម្លាំងចិត្ត កម្លាំងកាយ សម្ភារៈ និងពេលវេលា​ផ្ទាល់ខ្លួនដើម្បីការពារព្រៃឈើ។

លោក ឯក សុវណ្ណា លើកឡើងទៀត​ថាព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែល​រស់នៅ​​ពឹងអាស្រ័យលើផលអនុផលព្រៃឈើ។ លោកថាចាប់តាំងពីធនធានព្រៃឈើបាន​បាត់បង់បន្តិចម្តងៗ ​ប្រជាសហគមន៍​ជាច្រើនត្រូវចំណាកស្រុកស្វែងរកការងារធ្វើ ជាហេតុធ្វើឱ្យសកម្មភាពចូលរួមអភិរក្សព្រៃឈើកាន់តែថយចុះ។  ​

លោក ឯក សុវណ្ណា មានប្រសាសន៍ថា៖ «អ្នកស្ម័​គ្រចិត្ត​ការពារ​ព្រៃឡង់រាល់ថ្ងៃ គឺពួកគាត់សុទ្ធសឹងតែមានជីវភាពខ្វះខាត មិនមែនអ្នកធូធារទេ។ ទីពីរយើងចង់ឱ្យសំណូមពរដល់អង្គការដៃគូ ដែលចង់ជួយទៅលើព្រៃឡង់ ទីមួយគឺជួយលើផ្នែកជីវភាពរបស់ពួកគាត់។ នៅពេលយើងជួយលើផ្នែកជីវភាពឱ្យថាគ្រួសារពួកគាត់ ថាប្តីចូលព្រៃ ប្រពន្ធមានការងារធ្វើអីចឹងទៅ »។

​បណ្តាញស្នូលការពារព្រៃឡង់ប្រចាំខេត្តកំពង់ធំ លោក មិញ នី  លើកឡើងថា ប្រជាសហគមន៍គ្មានមុខរបរដែលអាចរកចំណូលបានទៀងទាត់នោះទេ ហើយពួកគាត់បានចំណាយពេលច្រើន​ទៅលើសកម្មភាពការពារព្រៃឈើ ពិសេសព្រៃឡង់។ ​ លោកថា ទោះបីមានបញ្ហាប្រឈមក្នុងជីវភាពក៏ដោយ ប៉ុន្តែសហគមន៍នៅតែមានឆន្ទៈក្នុងការថែរក្សាធនធានព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយ។  ​

លោកមិញ នី បន្ថែមថា ៖«ការពិតហើយ រឿងផ្តល់ជំនួយ បើនិយាយទូទាត់ទៅនឹងការចំណាយជីវភាពគ្រួសារ វាទូទាត់មិនរួចទេ។ ប៉ុន្តែម៉េចគឺឆន្ទះប្រជាពលរដ្ឋសហគមន៍ ខ្លួនឯងធ្វើម៉េចត្រូវតែការពារ បើមិនការពារគឺអស់»។

ចំណែកលោក ខេង ឃឿន ដែលជាតំណាងសហគមន៍ព្រៃឡង់មកពីខេត្តស្ទឹងត្រែងវិញ និយាយថាមានហេតុផលមួយចំនួន ដែលធ្វើប្រជាសហគមន៍មួយចំនួនដកខ្លួនចេញពីការងារការពារព្រៃឈើ គឺ បញ្ហាស្ថានភាពបទល្មើសនៅតែកើតមានឡើងឥតឈប់ឈរ ការមិនសហការ​របស់​មន្រ្តីមួលដ្ឋាន ការភ័យខ្លាចនៅពេលមានការគំរាមកំហែងពីសំណាក់ជនល្មើស ហើយ​បញ្ហាសំខាន់ គឺជីវភាពក្នុងគ្រួសាររបស់ពួកគាត់​តែម្ដង​។

លោក ខេង ឃឿន មានប្រសាសន៍បន្ថែមថា៖ «រាល់ថ្ងៃគាត់មានការថយចុះ ទីមួយថវិកា ដូចថាបីដុល្លារគាត់មិនគ្រប់គ្រាន់ក្នុងការដោះស្រាយជីវភាពទិញម្ហូបអាហារ ចំណីចំណុកផ្គត់ផ្គង់គ្រួសាររបស់គាត់។ ទីពីរមកភាពអស់សង្ឃឹមរបស់គាត់ ដូចថាការពារប៉ុណ្ណឹងហើយនៅតែមានការកាប់ឈើ ដឹកជញ្ជូនលក់ជាប្រចាំ» ។

ឆ្លើយតបចំពោះការលើកឡើងរបស់តំណាងសហគមន៍ទាំងបួនខេត្ត អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភ័ក្រ្តា មានប្រសាសន៍ថាខាងមន្ត្រីបរិស្ថានតែងរួមសហការគ្នាជាមួយ​ប្រជាសហគមន៍ជាប្រចាំដើម្បីការពារ និងចុះល្បាតក្នុងតំបន់ព្រៃឡង់។ លោកបន្តថា ​គោលដៅរួម គឺដើម្បីថែរក្សា និងការពារធនធានធម្មជាតិនៅតំបន់ព្រៃអភិរក្សមួយនេះសម្រាប់មនុស្សជំនាន់ក្រោយ​។ លោកថា ខាងក្រសួងកន្លងមកបានជួយឧបត្ថម្ភខ្លះដល់ប្រជាសហគមន៍ ក្នុងសកម្មភាពការពារព្រៃឈើផងដែរ។

លោក នេត ភ័ក្ត្រា មានប្រសាសន៍ដូច្នេះថា៖ «អីចឹងហើយយើងបានសហការក្នុងការផ្តល់នូវការការពារ ក៏ដូចជាការចុះល្បាតរួមគ្នា។ មានន័យថាយើងការពារគ្នាទៅវិញទៅមក ទីមួយ។ទីពីរយើងក៏មានគោលការណ៍មួយ គឺថាជួយផ្តល់ប្រេងសាំង ឬក៏អីផ្សេងៗ សម្រាប់ពួកគាត់ក្នុងការបម្រើឱ្យការល្បាតដែរ ព្រោះយើងមានគោលដៅរួមគ្នា»។

តំណាងសហគមន៍ព្រៃឡង់ទាំងបួនខេត្តអះអាងថា ក្នុងមួយខែពួកគាត់ត្រូវចុះល្បាតមួយដងឬពីរដង​។ ក្នុងការចុះល្បាតព្រៃម្តងៗ មានរយៈពេលលើសពីបួនថ្ងៃ ដោយមានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីនគរបាលមូលដ្ឋានទៅជាមួយ ហើយប្រជាសហគមន៍តែងប្រទះឃើញបទល្មើសកាប់ឈើ ដឹកជញ្ជូនឈើ និងការរានព្រៃយកដីធ្វើចម្ការជាដើម។

អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញការពារព្រៃឡង់ លោក សេង សុខហេង មានប្រសាសន៍ថា បញ្ហាជីវភាពគ្រួសារ ការគំរាមកំហែងពីសំណាក់ជនល្មើសឬ អ្នកមានអំណាចដែលពាក់ព័ន្ធជនល្មើស និងការបាក់ទឹកចិត្តដោយសារបទល្មើស​នៅតែកើតឡើង ពិតជាធ្វើប្រជាសហគមន៍មួយចំនួនឃ្លាតឆ្ងាយពីសកម្មភាពការពារព្រៃឈើប្រាកដមែន។ លោកបន្តថា សហគមន៍មូលដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់។ លោកថាប្រសិនបើពួកគាត់ដកខ្លួនចេញពីការងារសង្គមមួយនេះ កាន់តែច្រើន ព្រៃឡង់នឹងកាន់តែប្រឈមក្តីវិនាសបន្ថែមទៀត។

លោក សេង សុខហេង បន្ថែមថា៖ «បើសិនគាត់មានការបាក់ទឹកចិត្ត ពួកគាត់មានការរអា។ ខ្ញុំគិតថាព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ពិសេសព្រៃឡង់ តែម្តងប្រឈមទៅនឹងកាប់បំផ្លាញខ្លាំងមែនទែន។ ហើយទំនងជាអាចឈានទៅបាត់បង់ព្រៃឈើ នៅតំបន់ព្រៃឡង់ ហើយក៏អាចក្លាយជាគោលបំណងនៃការវិនិយោគ ដូចជាព្រៃការពារឬ​ដែនជម្រកព្រៃអីជាដើម» ។

ប្រភពដដែលឱ្យដឹងដែរថា មុនឆ្នាំ២០១៥ សកម្មជន និង សមាជិកបណ្តាញការពារព្រៃឡង់ ទាំងបួនខេត្តដែលសកម្មមានចំនួនប្រមាណ៧០០ ទៅ ៨០០រយនាក់ ប៉ុន្តែបច្ចុប្បន្នចំនួននេះថយចុះមកនៅប្រមាណ៣០០នាក់។

លោក សេង សុខហេង ផ្តល់អនុសាសន៍ថា ដើម្បីលើកទឹកចិត្តប្រជាសហគមន៍មូលដ្ឋាន និងដើម្បីឱ្យការងារថែរក្សាព្រៃឈើបន្តនិរន្តន៍ភាព រាជរដ្ឋាភិបាលគប្បីបង្កើនកញ្ចប់ថវិកាដល់សកម្មភាពការពារព្រៃឈើ ពិសេស​ផ្តល់ដល់សហគមន៍មូលដ្ឋាន។ បន្ថែមពីនេះរដ្ឋាភិបាលនិងអង្គការដៃគូគប្បីបង្កើតមុខរបរផ្សេងៗ ដល់ប្រជាសហគមន៍ដូចជាលើកតម្កើនមុខរបរប្រពៃណី ឬ កែច្នៃតំបន់ព្រៃឡង់ទៅជាតំបន់អេកូទេសចណ៍​។ លោកថា រដ្ឋត្រូវបង្កើនកិច្ចការពារសុវត្ថិភាពដល់ប្រជាសហគមន៍ផងដែរ។

រាជរដ្ឋាភិបាល ​បានចេញអនុក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ បង្កើត​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ  មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតា (៤៣១.៦៨៣) គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ តាមអនុក្រឹត្យដដែល តំបន់នេះស្ថិតក្រោម​ការ​គ្រប់គ្រងផ្ទាល់​របស់​ក្រសួង​បរិស្ថាន ដោយមានការ​​សហការជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ