តំណាងកម្មករកម្មការិនីអះអាងថា ថៅកែរោងចក្រកាត់ដេរសំលៀកបំពាក់«សួដា(ខេមបូឌា) ដុងសេង ថេកស្ថាយ ហ្គាមិន» នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត បានព្រមព្រៀងឲ្យតំណាងសហជីព៥រូបចូលធ្វើការងារវិញ បន្ទាប់ពីពួកគេបានធ្វើបាតុកម្មអស់រយៈពេល២ថ្ងៃ។
តំណាងកម្មករនៅរោងចក្រសំលៀកបំពាក់«សួដា(ខេមបូឌា) ដុងសេង ថេកស្ថាយ ហ្គាមិន» នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង អ្នកនាង គុជ ចិន្តា ប្រាប់ VOD នៅថ្ងៃនេះថា ថៅកែរោងចក្រនេះកាលពីរសៀលម្សិលមិញ យល់ព្រមឲ្យតំណាងសហជីពចលនាកម្មករ៥រូបចូលធ្វើការងារវិញ។ តំណាងកម្មកររូបនេះ បានឲ្យដឹងទៀតថា ថៅកែរោងចក្រក៏ព្រមគោរពតាមលក្ខខ័ណ្ឌការងារដែលកម្មករជាង៦០០នាក់ធ្វើការទាមទារដែលរួមមាន ការបញ្ឈប់រើសអើងសហជីព ផ្តល់ប្រាក់៥០%ដល់កម្មករសម្រាលកូន សុំឲ្យប្រធានផ្នែកឈប់ប្រើសម្តីមិនល្អមកលើកម្មករ រៀបចំបន្ទប់ទឹកឲ្យស្អាត និងមានពេទ្យប្រចាំការជាដើម។
អ្នកនាងបានបន្តថា«[ថៅកែរោងចក្រ]គាត់ចាប់ដៃជាមួយខ្ញុំ គាត់ថានឹងសហការជាមួយខ្ញុំ ខ្ញុំនឹងខំសហការជាមួយគាត់ ប្រឹងប្រែងធ្វើការបន្តទៅមុខទៀតឲ្យល្អ ដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចំរើនកាន់តែខ្លាំង ថាមានសហជីព មិនប្រឆាំងនឹងក្រុមហ៊ុនគឺជាដៃគូសហការគ្នាធ្វើការ»។
ប្រធានការិយាល័យនៅមន្ទីរការងារខេត្តស្វាយរៀង លោក កឹម សុខចិត្ត ដែលអះអាងថា បានចុះជួបសម្របសម្រួលជាមួយភាគី តំណាងកម្មករ និងក្រុមហ៊ុន ថា ថៅកែរោងចក្រពិតជាយល់ព្រមឲ្យតំណាងសហជីព៥រូបចូលធ្វើការងារវិញ និងសន្យាគោរពលក្ខខ័ណ្ណការងារតាមការស្នើសុំរបស់កម្មករមែន។ ប៉ុន្តែលោកបញ្ជាក់ថា បើថៅកែរោងចក្រមិនគោរពតាមការសន្យាទេ ក្រសួងនឹងមានវិធានការច្បាប់លើក្រុមហ៊ុននោះផងដែរ។
លោកមានប្រសាសន៍ថា៖«ករណីនេះយើងមានធ្វើកំណត់ហេតុ មានការទទួលស្គាល់ពីខាងនាយករោងចក្រ ដែលគាត់ព្រមចចារតាមការទាមទាររបស់កម្មករ។ បើសិនជាមិនបានអនុវត្តទៅតាមកំណត់ហេតុនេះ មន្ត្រីរបស់យើងនិងមានការអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត»។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ថៅកែរោងចក្រ«សួដា(ខេមបូឌា) ដុងសេង ថេកស្ថាយ ហ្គាមិន»កន្លងមក មានការរើសអើងសហជីពនិងកម្មករ ដែលហ៊ាននិយាយពីចំណុចខ្វះខាតរបស់អ្នកគ្រប់គ្រងរោងចក្រ។
ប្រធានសហជីពរូបនោះព្រមានថា បើថៅកែមិនធ្វើតាមការសន្យាទេ ពួកគេនឹងបន្តតវ៉ាទៅស្ថាប័នពាក់ព័ន្ធឲ្យមានដំណោះស្រាយស្របតាមច្បាប់។
លោកព្រមានថា៖«ប្រសិនបើពិនិត្យមើលទៅឃើញថា ក្រុមហ៊ុន ក្រុមនិយោជក មិនបានអនុវត្តអ្វីតាមដែលជាកិច្ចព្រមព្រៀង ភាគីខាងសហជីពនឹងធ្វើការប្តឹងទៅតាមមន្ទីរការងារ ឬក្រសួងការងារ ដើម្បីបង្ខំឲ្យគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដែលបានឯកភាពជាមួយភាគីពាក់ព័ន្ធគឺយើងនឹងជំរុញឲ្យគាត់អនុវត្ត»។
កាលពីដើមខែសីហា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវទៅភាគីពាក់ព័ន្ធរួមទាំងម្ចាស់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងទាំងអស់គោរពច្បាប់ការងារ និងត្រូវបង្កើតគិលានដ្ឋានឲ្យបានគ្រប់រោងចក្រដើម្បីធានាពីសុវត្ថិភាពរបស់កម្មករជាដើម៕










