រដ្ឋាភិបាល​​គ្រោង​បញ្ជូន​ពលករ​៥ពាន់​នាក់​លើក​ដំបូង​ទៅ​គុយវ៉ែត​នៅ​ឆ្នាំ​ក្រោយ

លោកស្រី Hend Subaih B ALSUBAIH រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃរដ្ឋគូវ៉ែត ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយពីជំនួប កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។ (រូបភាព៖ ហ្វេសប៊ុក​ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ)

រដ្ឋាភិបាល​កម្ពុជា គ្រោង​បញ្ជូន​ពលករ​ខ្មែរ​ចំនួន៥ពាន់​នាក់ ​ឲ្យ​​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​​គុយវ៉ែត ស្ថិត​​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ខណៈ​ដែល​ចំនួន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស នឹង​ត្រូវ​បាន​ជំរុញ​ឲ្យ​បញ្ជូន​បន្ថែម​ទៀត។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​កាលពី​ម្សិលមិញ ​បន្ទាប់​ពី​មាន​ជំនួប​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​នៃ​ប្រទេស​គុយវ៉ែត ​លោកស្រី​ Hend Subaih B ALSUBAIH ​រួច​មក ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​ លោក អ៊ិត សំហេង ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា នៅ​ឆ្នាំ​២០១៩​ខាង​មុខ ​កម្ពុជា​នឹង​បញ្ជូន​ពលករ​របស់​ខ្លួន​ចំនួន៥ពាន់នាក់ ឲ្យ​ទៅ​បម្រើ​ការងារ​លើក​ដំបូង​នៅ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អារ៉ាប់​មួយ​នេះ ខណៈ​នឹង​ជំរុញ​ឲ្យ​មានការ​នាំ​ពល​ករ​ទៅ​ប្រទេស​នេះ​បន្ថែម​ទៀត​។

ក្រសួង​ការងារ​បាន​ដក​ស្រង់​ប្រសាសន៍​របស់​លោក​ អ៊ិត សំហេង ដែល​ថ្លែង​​ថា៖

«កម្ពុជានឹងរៀបចំកម្លាំងពលកម្មរបស់ខ្លួន ដែលបានជ្រើសរើសគ្រប់លក្ខខណ្ឌចំនួន ៥ពាន់នាក់ ជាលើកដំបូង ទៅបម្រើការងារនៅប្រទេសគុយវ៉ែត ហើយកម្លាំងពលកម្មនេះ ជាកម្លាំងពលកម្មគ្រប់ផ្នែក ទាំងផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។  ប្រសិនបើស្ថានភាពនៅប្រទេសគុយវ៉ែតល្អប្រសើរ ស្របទៅនឹងអ្វីដែលពលករកម្ពុជាទទួលយកបាន មានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យនោះ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យមានការបញ្ជូននេះឱ្យបានកាន់តែច្រើន»

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​ពលករ​កម្ពុជា ខណៈ​ដែល​លោក​ថា ​របាយការណ៍​បង្ហាញ​ថា ​ប្រទេស​គុយ​វ៉ែត​​​មាន​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន ហើយ​​ប្រទេសនេះ​ទៀតសោត​​ ពុំ​មាន​ប្រព័ន្ធ​ច្បាប់​ដើម្បី​លើក​កម្ពស់​សិទ្ធិ​កម្មករ​នោះ​ទេ។ ​

លោកថា​៖ «កន្លងមក យើងអត់ដែលបានដឹងថា តើកម្ពុជាបានចរចាជាមួយគុយវ៉ែតហ្នឹងបានធានានូវសិទ្ធិប៉ុណ្ណា ហើយបានដាក់នៅក្នុងយន្តការ ក៏កិច្ចព្រមព្រៀងដែលមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ដើម្បីតម្រូវឲ្យប្រទេសគុយវ៉ែតហ្នឹង ធានាឲ្យមានប្រព័ន្ធច្បាប់ការពារ ប្រព័ន្ធច្បាប់លើកស្ទូយសិទ្ធិពលករ កម្មករអីហ្នឹង យើងអត់ទាន់ឃើញ»

​លោក មឿន តលា ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​​ពិចារណា​បង្កើត​កម្មករ​ជំនាញ​ឲ្យ​ធ្វើការ​ក្នុង​ស្រុក​វិញ ​ជា​ជាង​បញ្ជូន​ពលរដ្ឋ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ​ហើយ​ក្នុង​ប្រទេស​បែរ​ជា​យក​ពលរដ្ឋ​ដទៃ​មក​ធ្វើ​ការ​នោះ ដែល​លោក​ចាត់​ទុក​ថា ​ជា​នយោបាយ​ដើរ​បញ្ច្រាស​ទិស។

លោកថា៖ «ជួយគាត់ឲ្យជាកម្មករមួយក្នុងស្រុកទៅ បើអត់ជួយគិតគូរដល់ពួកគាត់ ពួកគាត់​មកពីថៃទៅកូរ៉េ មកពីកូរ៉េទៅថៃ ទៅម៉ាឡេ ទៅគុយវ៉ែតអីអញ្ចឹងទៅ។ អញ្ចឹងរាប់ឆ្នាំទៅមុខទៀត ទីបំផុត គឺប្រទេសយើងវាអត់មានជនជាតិខ្លួនឯង វាទៅជាជនជាតិបរទេសមកធ្វើការក្នុងស្រុកវិញ»

របាយការណ៍​លទ្ធ​ផល​នៃ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​កាលពី​​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ បង្ហាញថា រដ្ឋាភិបាល​កម្ពុ​បាន​ផ្តល់​សេវា​ស្វែងរក​ការងារ​​ធ្វើ​នៅ​ក្រៅប្រទេស​ដល់​ពលរដ្ឋ​​ចំនួន​ជាង ១,២ លាន​នាក់។ ក្នុងចំណោម​ពលក​រទាំង ១,២លាន​នាក់​នោះ កម្ពុជា​​បាន​បញ្ជូន​ពលករ​ទៅ​ប្រទេស​ថៃ​ចំនួនជាង ១លាន​នាក់​ ​កូរ៉េខាងត្បូង​​ចំនួន ៤ម៉ឺន​​នាក់​ ប្រទេស​ជប៉ុន​​ចំនួន ៦ពាន់​នាក់ ម៉ាឡេស៊ី​​​ចំនួន ​៣ម៉ឺន​​នាក់​ ប្រទេស​សិង្ហ​បុរី​​ចំនួន​ជិត​ ៥០០​នាក់ និង​បានចាប់ផ្ដើម​បញ្ជូន​ពល​ការិនី​​​ចំនួន ១៥​នាក់ ទៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ