បទយកការណ៍៖ ពលរដ្ឋយល់ឃើញខុសពីអាជ្ញាធរជុំវិញការបាក់ច្រាំងទន្លេអូស​ចេតិយ៍ធ្លាក់​ចូលទន្លេ

ទិដ្ឋភាពបាក់ច្រាំងទន្លេ នៅវត្ត«ឈើទាលខ្ពស់»ហៅវត្ត «ក្ដីតាកុយ» ដែលមានទីតាំងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ បណ្ដាញសង្គម)

ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៤​គីឡូ​ម៉ែត្រ​ពី​ស្ពាន​ព្រះ​មុនីវង្ស ឬ​ពី​ផ្សារ​ច្បារ​អំពៅ នៅ​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ១ មាន​វត្ត​អារាម​មួយ​ហៅ​ថា «វត្ត​ឈើទាល​ខ្ពស់» ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ ជា​ទី​ដែល​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​ចំណុះ​ឲ្យ​វត្ត​អារាម​មួយ​នេះ កាល​ពី​សប្ដាហ៍​មុន បាន​នាំគ្នា​ទៅ​គាស់​ធាតុ​ដូនតា និងគាស់យកមឈូសសពដែលបានបញ្ចុះប្រហែលជា ៥ខែមុនចេញពីក្នុងចេតិយ៍ទាំងប្រញាប់ប្រញាល់ បន្ទាប់ពីដីច្រាំង​ទន្លេ​នៅ​ក្នុង​បរិវេណ​នៃ​វត្ត​អារាម​នោះ បានបាក់ស្រុត និងទម្លាក់​ទាំងចេតិយ៍ចូលទៅក្នុងទឹកទន្លេ។

ជុំវិញការបាក់ច្រាំងនាំយកទៅទាំងមឈូស និងចេតិយ៍ធ្លាក់ចូលទៅក្នុងទឹកទន្លេនេះ នៅមិនទាន់រកឃើញមូលហេតុបានច្បាស់លាស់នោះទេ ប៉ុន្ដែ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ  បានដាក់សង្ស័យផ្សេងៗគ្នា និងយល់ឃើញផ្ទុយពីការអះអាងរបស់អាជ្ញាធរ ដែលថា បណ្ដាលមកពីគ្រោះធម្មជាតិ។

កំពុងជជែកគ្នាជាមួយគណៈកម្មាការវត្ត​ ៤​នាក់ផ្សេងទៀត នៅវត្ត«ឈើទាលខ្ពស់»ហៅវត្ត «ក្ដីតាកុយ» ដែលមានទីតាំងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ លោកអាចារ្យ អ៊ុង វន អាយុ ៧៧ឆ្នាំ រៀបរាប់ថា វត្តនេះបានសាងសង់ឡើងជាយូរយារណាស់មកហើយ និងមិនដែលមានគ្រោះធម្មជាតិអាក្រក់ណាមួយកើតឡើងដូចកាលពីសប្ដាហ៍មុននោះទេ។

លោកអាចារ្យរូបនេះដាក់ការសង្ស័យថា មូលហេតុដែលនាំច្រាំងទន្លេនេះ អាចមកគ្រោះថ្នាក់ជាតិផង ប៉ុន្ដែ ក៏អាចបណ្ដាលមកពីសកម្មភាពបូមយកខ្សាច់ ដែលលោកថា បានធ្វើឲ្យដីបាក់ស្រុតចូលទៅក្នុងទឹកទន្លេ ខណៈចេតិយ៍ដែលសាងសង់នោះ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីច្រាំងទន្លេ។

លោកបន្ដថា៖ «មានកត្តាមួយ កត្កាបូមដីបាក់ ដីវាធាក់ចំ កត្កាដីបាញ់ចំ កត្តាមួយដីស្រុត មានទឹកពីលើទៅដីស្រុត វាមានច្រើនណាស់ មួយបូមខ្សាច់ អស់ខ្សាច់ហ្នឹងទៅ ទឹកហូរចំវាបាក់ស្រុត។ អត់ទេ យើងមើលអញ្ចេះ យើងមើលសភាពដីដែលបាក់ហ្នឹង​​យ៉ាងម៉េច អាមួយដីបាក់រួង​ក្នុង អាមួយដីបាក់ភក់ហូរចេញ ភក់ហូរចេញពីក្នុងដី អាហ្នឹងទឹកហូរចេញៗដល់ហូរចេញមកទៅអាដីខ្សាច់ហ្នឹង វាចេះតែនាំៗពីក្នុងដីមកវាត្រូវស្រុតអាហ្នឹងកត្តាមួយ​ទៅ។ អាមួយទៀត បូមខ្សាច់ហើយ ទឹកវាធាក់ចំទៅ វាស៊ីរួងទៅស្រុត ហើយដល់ទឹកធំ កោះអីក៏អស់ដែរ»

ដៃម្ខាងយូរកាហ្វេ ដៃម្ខាងទៀតចង្អុលបង្ហាញចេតិយ៍ម្ដាយ ដែលសង់ចម្ងាយប្រហែល ១៥​ម៉ែត្រពីច្រាំងទន្លេ លោក មុំ ផល សម្ដែងក្ដីបារម្ភខ្លាចមានការបាក់ច្រាំងម្ដងទៀត បើសិនអាជ្ញាធរគ្មានវិធានការទប់ស្កាត់ ខណៈលោកសន្និដ្ឋានថា ការបាក់ច្រាំងទន្លេនេះ អាចមកពីសាឡង់បូមខ្សាច់។

លោកបន្ដថា៖ «ពីមុនមកដូចជាអត់ទេ ដល់ពេលហើយសាឡង់គាត់បូមខ្សាច់អញ្ចឹងទៅ វាអាចនឹងខូង​ចូលទៅកណ្ដាលអញ្ចឹងទៅ! ទៅថ្ងៃអនាគតហ្នឹង វាអាច ប៉ុន្តែ បើសិនជាយើងការពារកុំឲ្យមានសាឡង់បូមខ្សាច់ហ្នឹងទៀត វាហ្នឹងអត់អីទេ ហើយបើតាមប្រសាសន៍លោកតាអាចារ្យ គាត់ហ្នឹងចាក់គ្រឹះដូចមុខវាំងអីហ្នឹង គាត់រៀបឥដ្ឋ រៀបអីហ្នឹងវាអត់អីទេ ប៉ុន្តែ បើសិនជាបណ្ដោយអញ្ចឹងទៀតអស់ហើយ»

ពលរដ្ឋម្នាក់ទៀត ដែលរស់នៅក្បែរតំបន់នេះដែរនោះ អ្នកស្រី ព្រាប រស់ អាយុ ៧៨​ឆ្នាំ រៀបរាប់ថា គាត់រស់នៅជាប់វត្តនេះ​តាំងពីក្មេងមកម៉្លេះ និងមិនដែលឃើញមានហេតុការណ៍បាក់ច្រាំងទន្លេដូចពេលថ្មីៗនេះឡើយ បើទោះបីជាមានការបន្ទោសលើគ្រោះថ្នាក់ធម្មជាតិយ៉ាងណាក៏ដោយ។

ស្ត្រីសម្បុរខ្មៅស្រអែមសក់ខ្លីរូបនេះនិយាយថា កន្លងមក ពួកគាត់ធ្លាប់ទៅប្ដឹងអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដោយសុំឲ្យហាមឃាត់សាឡង់បូមខ្សាច់មិនឲ្យចត និងបូមនៅជិតផ្ទះប្រជាពលរដ្ឋដោយខ្លាចបាក់ច្រាំង ប៉ុន្តែ ក្រុមសាឡង់នោះមិនស្ដាប់។  អ្នកស្រីបង្ហាញការខកចិត្តចំពោះការលើឡើងរបស់អាជ្ញាធរ ដែលថា ការបាក់ច្រាងទន្លេបណ្ដាលមកពីគ្រោះធម្មជាតិនោះ។

អ្នកស្រីថា៖ «​ឥឡូវ វាទៅនៅបូមខាងនោះ អត់មានមកខាងនេះទេ។ មុនពេញហ្នឹងទាំងអស់ លោកប្រាប់អត់ស្ដាប់ផង លោកឲ្យថយចេញពីហ្នឹង អត់ចង់ថយទេណា យប់ឡើងវាមកដេក ដល់ព្រលឹមឡើងចេញទៅ។ មិនអាស្លាបចក្រហ្នឹងវាវិល អាហ្នឹងមកពីអ្នកបូមខ្សាច់ហ្នឹងតែម្ដង មិនមែនមកពីដីហ្នឹងទេ! ចាសមិនដែលបាក់ទេ ទើបមកបូមខ្សាច់ហ្នឹងខ្លាំងទេ បានបាក់ហ្នឹង ព្រោះស្រុកកំណើតខ្ញុំកើតជានៅស្រុកនេះមិនដែលទេ ទើបឃើញមកពីបូមខ្សាច់ហ្នឹងម៉ង់ ចាប់បូមខ្សាច់ ចាប់បាក់ហ្នឹងម៉ង បូមខ្លាំងបាក់ខ្លាំង»

កាលពីថ្ងៃទី២០ ខែតុលា​កន្លងមក ការបាក់ច្រាំងទន្លេនេះ បានធ្វើឲ្យចេតិយ៍ចំនួន ២ បានធ្លាក់ចូលទឹកទន្លេ ដែលធ្វើឲ្យ​ក្រុមគ្រួសារសពប្រញាប់ប្រញាល់គាស់មឈូស ដែលទើបបញ្ចុះបាន ៥​ខែ​ឡើង និងគាស់យកធាតុចេញពីចេតិយ៍វិញ។  ក្រោយពីមានការបាក់ច្រាំងទន្លេ ដែលធ្វើឲ្យចេតិយ៍ធ្លាក់ចូលទឹកនោះ ក្រុមហ៊ុន ជីប ម៉ុង បានជួលសាឡង់បូមដីចាក់ទប់ ​ដើម្បីកុំឲ្យមានការបាក់ដីបន្តទៀត ខណៈក្រុមគ្រួសារក្រុមហ៊ុននេះ បានសង់ចេតិយ៍នៅជិតនោះដែរ។

សកម្មជនការពារបរិស្ថាន កញ្ញា លីម គីមស៊រ រិះគន់ថា​ នៅពេលមានហេតុការណ៍បាក់ច្រាំងទន្លេម្ដងៗ អាជ្ញាធរតែងតែច្រានចោលក្ដីកង្វល់ទាំងឡាយ  បើទោះបីជាប្រជាពលរដ្ឋបានឃើញសាឡង់បូមខ្សាច់នៅក្នុងតំបន់របស់ពួកគេរស់នៅក៏ដោយ។

កញ្ញាយល់ថា ការបាក់ច្រាំងទន្លេជាញឹកញាប់មកនេះ បណ្ដាលមកពីការបូមខ្សាច់ និងមិនមែនមកពីគ្រោះថ្នាក់ធម្មជាតិដូចការអះអាងរបស់អាជ្ញាធរនោះទេ។

កញ្ញាថា៖ «ទោះបីជាគាត់បូមកណ្ដាលទន្លេក៏ដោយ បូមហ្នឹងគឺវាតែងតែមានផលប៉ះពាល់ហើយ នៅពេលដែលបូមហ្នឹង វាមិនមែនស្រូបយកតែកណ្ដាលទន្លេហ្នឹងណា អាម៉ាស៊ីនបូមហ្នឹងគឺវាស្រូបយកទាំងអស់ហ្នឹង។ អញ្ចឹងនៅពេលណាដែលគាត់បូមនៅកណ្ដាលទន្លេយូរៗទៅអាខាងៗហ្នឹងក៏វាមកដែរ វាចេះតែផុយៗមក ដីវាមិនមែនដូចថ្មណា ហើយថ្មនៅតែបាក់ចុះល្មមតែដីខ្សាច់វាអត់មានអីទប់នៅពីក្រោមផង រឿងអីមិនបាក់»

កញ្ញាបន្តថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែធ្វើការសិក្សាឲ្យបានច្បាស់លាស់ មុននឹងអនុញ្ញាតក្រុមហ៊ុននីមួយៗធ្វើការបូមខ្សាច់ ជាពិសេសទីកន្លែងដែលមានប្រជាពលរដ្ឋរស់នៅ ដោយថា វានឹងបង្កផលប៉ះពាល់ប្រជាពលរដ្ឋនាពេលអនាគត។

អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុន្នីវ៉ា បដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ ដោយថា ការរអិលចេតិយ៍ធ្លាក់ចូលទន្លេកាលពីសប្ដាហ៍មុននេះ មកពីដីសង់ចេតិយ៍នោះ ជាដីខ្សាច់ដែលខាងវត្ត ទើបចាក់បំពេញពីលើដីចាស់។

លោកថា៖ «មកមើលខ្លួនឯង ការនិយាយចេះតែនិយាយបានហើយ អត់ពិបាកទេ ប៉ុន្តែ មកមើលខ្លួនឯង នៅកន្លែងហ្នឹងគ្មានកន្លែងបូមខ្សាច់ណាដែលនៅកៀក​ហ្នឹងទេ មានតែបងប្អូនដែលជាអាជីវកម្មគាត់មានសាឡង់បូមនៅខាងៗលើ បូមចូលដេប៉ូ មានន័យថា បូមចេញពីសាឡង់ មិនមែនបូមពីទន្លេទេ ដាក់ចូលដេប៉ូខ្សាច់ដែលគាត់ធ្វើអាជីវកម្ម ប៉ុន្តែ មិនមែនបូមពីកន្លែងហ្នឹងទេ បូមនៅខាងលើដែលមានជាឡូរអនុញ្ញាត។ អញ្ចឹង បងប្អូនយើងមួយចំនួនគាត់ចេះតែថា បូមនៅ​ហ្នឹង ឃើញសាឡង់ៗគេបូមចូលដេប៉ូទេ ហើយណាមួយទៀត នៅពេលទប់អាហ្នឹងយើងបូមអាហ្នឹង ដើម្បីដាក់ជំរាលកុំឲ្យវាបាក់តទៅទៀត»

កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា សាឡង់​ចំនួន ៤​គ្រឿង ត្រូវ​បាន​បោះ​ទីតាំង​នៅ​កណ្ដាល​ទន្លេ​មេគង្គ​ខាង​ក្រោម ស្ថិត​នៅ​ចម្ងាយ​ប្រហែល ២​គីឡូម៉ែត្រ​ពី​ច្រាំង​ទន្លេ​នៃ​វត្ត​ក្ដីតាកុយ ហើយ​ពលរដ្ឋ​អះ​អាង​ថា សាឡង់​ទាំង​នោះ​កំពុង​បូម​ខ្សាច់។

ក្រុមពលរដ្ឋ​អំពាវនាវទៅអាជ្ញាធរ និងស្ថាប័នចាត់វិធានការ និងទប់ស្កាត់ ដើម្បីកុំមានការសាឡង់បូមខ្សាច់នៅជិតទីតាំងវត្ត និងភូមិរបស់ពួកគេ ដោយពួកគេបារម្ភខ្លាចមានការបាក់ច្រាំងបន្តទៀត។

អ្នកស្រី ព្រាប រស់ ប្រាប់​ថា៖ «នៅតែបារម្ភអញ្ចឹង បារម្ភថា បាក់ទៀត ប្រសិននៅបូមនៅបាក់ទៀត បើសិនជាខាងថ្នាក់លើគេមិនជួយដោះស្រាយមានតែបាក់ទៀត។ ខ្ញុំបារម្ភអញ្ចឹង ខ្ញុំបានប្ដឹងទៅថ្នាក់លើ ទៅខាងរដ្ឋអំណាចឃុំភូមិហ្នឹងមកធ្វើដែរ ប៉ុន្តែ គេធ្វើមិនបែក និយាយមិនបាន និយាយទៅគេថា គេធ្វើតាមក្រុមហ៊ុន​ គេឆ្លើយថា ធ្វើតាមក្រុមហ៊ុនឲ្យធ្វើអញ្ចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ