រដ្ឋាភិបាលបង្កើន​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩​​ដល់​ជាង​៦ពាន់​លាន​ដុល្លារ​អាមេរិក​​

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាល​បាន​បង្កើន​​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩​​ឡើង​ដល់​ជាង​៦ពាន់​លាន​ដុល្លារ​លើស​ឆ្នាំ​២០១៨​ជាង​១១​ភាគរយ ក្នុង​នោះ​ការ​ចំណាយ​ប្រាក់​ខែ​មន្ត្រី​រាជការ ​កើន​ឡើង​ជាង​១២​ភាគរយ ខណៈ​ចំណាយ​លើ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​កើន​ឡើង​ជិត​១០​ភាគរយ​​។

ក្នុង​សេចក្ដីព្រាង​ច្បាប់​ថវិកា​ជាតិ​ដែល​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​ទើប​បាន​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលានេះ ឲ្យ​ដឹង​ថា​កញ្ចប់​ថវិកា​ដែល​គ្រោង​នឹង​ចំណាយ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​មាន​ចំនួន​ជាង ៦ ៧៩១លាន​ដុល្លារ កើន​ឡើង​១១,៤​ភាគរយ បើ​ធៀប​ជា​មួយ​កញ្ចប់​ថវិកា​កាលពី​ឆ្នាំ​២០១៨​ដែល​មាន​ជាង​៦ ០៣៣លានដុល្លារ។

ក្នុង​សេចក្ដី​ព្រាង​នោះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​គ្រោង​ចំណាយ​លើ​ប្រាក់ខែ​បុគ្គលិក និង​រដ្ឋបាល​ផ្សេង​ៗ​មាន​ជាង​៤ ៤៧៦លានដុល្លារ ខណៈ​គម្រោង​ចំណាយ​លើ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ជាង២ ៣១៤លានដុល្លារ​។

បើ​តាម​សេចក្ដី​ព្រាង​នោះ កញ្ចប់​ថវិកា​ថ្នាក់​ជាតិ​សម្រាប់​វិស័យ​អប់រំ​ត្រូវ​បាន​គ្រោង​ជាង ​៩១៥លានដុល្លារ ខណៈ​គម្រោង​ចំណាយ​សម្រាប់​ក្រសួង​សាធារណការ​មាន​ចំនួន​ជាង​ ៧៤៨លានដុល្លារ និង​ក្រសួង​ការពារ​ជាតិ​មាន​ជាង​៦០៤លានដុល្លារ។

ជាមួយ​គ្នា​នោះ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ពី​បំណុល​បរទេស ដោយ​គិត​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៨ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​រហូត​ដល់​ទៅ ៦ ៨២៥,៣លានដុល្លារអាមេរិក ក្នុង​នោះ​កម្ពុជា​បាន​ជំពាក់​ចិន​ជាង​៤៨ភាគរយ​នៃ​តួលេខ​បំណុល​បរទេស​សរុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ