មន្ត្រីដឹកនាំការងារស្រាវជ្រាវស្វែងរកអ្នកនៅលើយន្តហោះLion Air ជើងហោះហើJT610 ដែលធ្លាក់កាលពីព្រឹកថ្ងៃចន្ទម្សិលមិញអះអាងថា តាមការសន្និដ្ឋានរបស់ក្រុមការងារគឺអ្នកនៅលើយន្តហោះនេះអាចស្លាប់ទាំងអស់គ្នា។
តាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា អ្នកនៅលើយន្តហោះដែលធ្លាក់នោះ មានចំនួន១៨៩នាក់ក្នុងនោះរួមមានអ្នកដំណើរ១៨១នាក់ រួមទាំងកុមារម្នាក់ ទារក២នាក់ មានអ្នកធ្វើការ លើយន្តហោះ៦នាក់ និងអ្នកបើកបរចំនួន២នាក់។ យន្តហោះនោះធ្លាក់ នៅសមុទ្រJavaក្រោយពេលហោះ ឡើងតែ១៣នាទី។
នាយកភ្នាក់ងារស្វែងរកក្រុមអ្នករងគ្រោះលោកBambang Suryo Aji ថ្លែងក្នុងសន្និសីទសារព័ត៌ មានថា ប្រហែលមិនមានអ្នកនៅរស់រានមានជីវិតនោះទេ ព្រោះក្រោយហេតុការណ៍ ជាច្រើន ម៉ោង ក្រុមជួយសង្គ្រោះរកឃើញតែសាកសព ហើយស្ថានភាព នៅទីនោះមានរលកបោក បក់ខ្លាំង។
លោកបន្តថា ក្រុមការងាររកឃើញបំណែកយន្តហោះ និង វ៉ាលីរបស់អ្នកដំណើរជាបន្ត បន្ទាប់ គឺវ៉ាលីរកឃើញបានចំនួន២១ហើយ។ សាកសពនិងវ៉ាលីដែលរកឃើញបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងចាការតា ដើម្បីកំណត់អត្តសញ្ញាណនិងស្វែងរកសាច់ញាតិ។
បញ្ហាមុនធ្លាក់
អ្នកនាំពាក្យAirNav Indonesia ជាភ្នាក់ងារគ្រប់គ្រងផ្នែកអាកាសចរណ៍ នៅលើលំហសមុទ្រ លោក Yohanes Sirait ថ្លែងថា ក្រោយពេលយន្តហោះចាកចេញបានចម្ងាយ១២ម៉ាយ គឺអ្នកបញ្ជាយន្ត ហោះ ស្នើសុំត្រឡប់ក្រោយដើម្បីចុះចតវិញ ដោយសារមានបញ្ហា ប៉ុន្តែមិនអាច ទំនាក់ទំនង ជាមួយអ្នកគ្រប់គ្រងដែនអាកាសបាន។ នេះបើតាមសារព័ត៌មានCNN។
យន្តហោះនេះ ក៏មានបញ្ហាមួយចំនួនដែរមុនពេលហោះហើ។ នាយកLion Air លោក Edward Sirait បានប្រាប់សារព័ត៌មានក្នុងស្រុកTV1 ដោយថា មួយយប់មុនហោះហើក្រុមវិស្វករ បានរាយ ការណ៍ថា យន្តហោះនោះមានបញ្ហានិងបានជួសជុលរួចហើយដែលបន្តដឹកអ្នក ដំណើរបាន។
យន្តហោះដែលធ្លាក់នេះជាប្រភេទយន្តហោះBoeing 737MAX8 ថ្មីដែលក្រុមហ៊ុនទើបទិញចូលហើយដាក់ឲ្យដំណើរការកាលពីខែសីហា និងទើបហោះហើបាន៨០០ម៉ោងប៉ុណ្ណោះ។
ប្រវត្តិក្រុមហ៊ុន
ក្រុមហ៊ុន Lion Air ត្រូវបានសភាពអឺរ៉ុបដាក់ចូលក្នុងបញ្ជីខ្មៅ ហាមដឹកអ្នកដំណើរកាលពី ឆ្នាំ២០០៧ដោយបារម្ភពីសុវត្ថិភាព និងលុបចោលបំរាមនោះវិញកាលពីខែមិថុនា ឆ្នាំ២០១៦ ដោយពិនិត្យឃើញថា មានការធ្វើឲ្យមានភាពប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព។ នេះបើយោង តាម បណ្តាញសុវត្ថិភាពអាកាសចរណ៍។
ពេលនេះរដ្ឋាភិបាលកំពុងតែប្រើប្រាស់ទូក ឧត្តម្ភាចក្រ និងក្រុមការងារជាង២៥០នាក់ កំពុងស្វែងរកសាកសព និងជួយសង្គ្រោះ។









