អាជ្ញាធរខេត្តកំពង់ស្ពឺដកហូតដីខុសច្បាប់ពីតំបន់ការពារធម្មជាតិចំនួនបួនកន្លែង

តំបន់រមណីយដ្ឋាន ឧទ្យានជាតិ គិរីរម្យ។ (រូបភាព៖ Screenshot/ Google Maps)

រដ្ឋបាលខេត្តកំពង់ស្ពឺប្រកាសដកហូតលិខិតសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លីនិងបញ្ឈប់ការចូលទន្ទ្រានកាន់កាប់ដីព្រៃក្នុងដែនឧទ្យានជាតិចំនួនបីកន្លែង និងដីដែនជម្រកសត្វព្រៃមួយកន្លែងទៀត។

សេចក្តីជូនដំណឹងបួនដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឲ្យដឹងពីការដកហូតលិខិតសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនិងបញ្ឈប់ការចូលទន្ទ្រានកាន់កាប់ដីព្រៃក្នុងខេត្តកំពង់ស្ពឺរួមមាន ដែនឧទ្យានជាតិព្រះសុរាម្រិត«គីរីរម្យ» ដែនឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ដែនឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

សេចក្តីជូនដំណឹងដដែល រដ្ឋបាលខេត្តកំពង់ស្ពឺមោឃភាពចោលតាមនីតិវិធីរាល់លិខិតសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងឲ្យអាជ្ញាធរមូលដ្ឋានបញ្ឈប់ការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋ ផ្ទេរកម្មសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងនៅក្នុងដែនឧទ្យានជាតិនិងដីដែនជម្រកសត្វព្រៃទាំងបួនកន្លែងនេះ។

សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា ការកាប់គាស់ រុករាន ឆ្ការ ដុត និងឈូសឆាយដីព្រៃ ព្រមទាំងការសង់ផ្ទះ សង់តូប សង់រោងដើម្បីយកដីធ្វើជាកម្មសិទ្ធិនៅក្នុងដីខាងលើជាអំពើខុសច្បាប់។

ដែនឧទ្យានជាតិព្រះសុរាម្រិត«គីរីរម្យ» ដែនឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ដែនឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺជាតំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹតនៅចុងឆ្នាំ១៩៩៣។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ