លោ​ក​ស្រី ​រ៉ូ​ណា ​ស្មីត​ ជំ​រុញ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿនការចុះ​បញ្ជី​ដីធ្លី​សមូហភាព​ជនជាតិដើមភាគតិច

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បាន​ជំរុញទៅក្រសួងរៀបចំដែនដីឲ្យពន្លឿនការ​ចុះបញ្ជីដីធ្លីសមូហភាព​របស់​សហគមន៍ជនជាតិដើមភាគតិច ដោយថា ដើម្បីធានាពីសុវត្ថិភាព និងសិទ្ធិ​កាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិចទាំងនោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី៣១ ខែតុលា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង បានឲ្យដឹងថា លោកស្រី រ៉ូណា ស្មីត បានជួបជាមួយរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា កាលពីម្សិលមិញនេះ ដើម្បីពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

នៅរសៀលថ្ងៃពុធទី ៣១ ខែតុលា ឆ្នាំ២០១៨ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួប លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ។ (រូបភាព៖ ជន ចាន់រ៉ែន)

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បញ្ជាក់ថា ក្នុងជំនួបនោះ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ លោកស្រី រ៉ូណា ស្មីត បានលើកឡើងពីបញ្ហាប្រឈម​នៃដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច និងបានស្នើទៅលោក ជា សុផារ៉ា ឲ្យពន្លឿនការ​ចុះ​បញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច ដោយថា ដើម្បីបញ្ចៀសការចូលទន្ទ្រានកាន់កាប់ដីរបស់ពួកគេជាយថាហេតុ។

សេចក្តីប្រកាសព័ត៌មាននេះ ឲ្យដឹងទៀតថា ក្នុងជំនួបនោះ លោក ជា សុផារ៉ា បានប្រាប់ទៅលោកស្រី រ៉ូណា ស្មីត ថា ក្រសួងបាន​ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋសម្រេចបាន ៥លានក្បាលដី ស្មើនឹង ៧១% នៃក្បាលដីសរុបប្រមាណ ៧លានក្បាលដី និងបាន​ចុះបញ្ជីដីសហមូភាព​ឲ្យក្រុម​ជនជាតិដើមភាគតិច ២៤សហគមន៍ រួមទាំងចូលរួមការពារនូវអត្តសញ្ញាណ ទំនៀមទម្លាប់ និងប្រពៃណី​ពួកគេ​ជាដើម។

កន្លងមក រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងអនុម័តច្បាប់មួយចំនួន ដើម្បី​ធានាដល់ការទទួលបានកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចដូចជា ច្បាប់ភូមិបាលឆ្នាំ២០០១ ច្បាប់ព្រៃឈើឆ្នាំ២០០២ និងគោលនយបោយជាតិស្ដីពីការអភិវឌ្ឍក្រុមជនជាតិដើមភាគតិច ដែលបានអនុម័តកាលពីឆ្នាំ២០០៩ជាដើម។

បន្ថែមលើសពីនេះ នៅខែមិថុនា ឆ្នាំ២០០៩ រដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យមួយស្ដីពីនីតិវិធីចុះបញ្ជីក្បាលដីសម្រាប់សហគមន៍ជនជាតិដើមភាគតិច។

ប៉ុន្ដែ សង្គមស៊ីវិលរិះគន់ថា ដំណើរការនៃការចុះបញ្ជីនេះមានភាពយឺតយ៉ាវ និងកម្សោយនៃការអនុវត្តច្បាប់ បានធ្វើឲ្យសហគមន៍ជនជាតិដើម​ភាគតិច ស្ថិតក្នុងភាពងាយរងគ្រោះដដែល។

របាយការណ៍របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍនៅកម្ពុជារកឃើញថា គិតត្រឹមដើម​​​ឆ្នាំ​២០១៧ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន ​១៤ប៉ុណ្ណោះ​ ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​លើដី​សមូហភាពរបស់ពួកគេ​ ខណៈប្រមាណជិត ៥០០​សហគមន៍ទៀត នៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិលើដីធ្លីរបស់ពួកគេនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ