អ្នកភូមិនៅខេត្តកណ្តាលតវ៉ាមុខភូមិគ្រឹះលោក ហ៊ុន សែន សុំឲ្យដោះស្រាយបញ្ចប់វិវាទដីធ្លី

ពលរដ្ឋចំនួនពីរឃុំក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលអះអាងថា មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីពួកគេ ខណៈគ្មានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ពលរដ្ឋចំនួនពីរឃុំក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលអះអាងថា មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីពួកគេ ខណៈគ្មានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។

តំណាងពលរដ្ឋប្រមាណ៥០នាក់មកពីឃុំអំពៅព្រៃ និងឃុំបឹងខ្យាងនៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាមុខភូមិគ្រឹះលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជិតក្រុងតាខ្មៅ ដើម្បីដាក់ញត្តិសុំឲ្យលោក ហ៊ុន សែន ជួយដោះស្រាយបញ្ចប់បញ្ហាជម្លោះដីធ្លីពួកគេ។

លោក ភោគ ផាន់នី ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំអំពៅព្រៃ ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា ក្រុមអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយចំនួនដែលទទួលបានសិទ្ធិវិនិយោគនៅក្នុងស្រុកកណ្តាលស្ទឹងរយៈពេលច្រើនឆ្នាំមកហើយ ដោយថា ពលរដ្ឋបានតវ៉ាឲ្យអាជ្ញាធរស្រុក និងខេត្តរកដំណោះស្រាយជាច្រើនដងដែរ ប៉ុន្តែរហូតពេលនេះនៅតែពុំមានដំណោះស្រាយ។

តំណាងពលរដ្ឋរូបនេះបន្តថា ការចរចាររកដំណោះស្រាយពេលកន្លងមក គឺអាជ្ញាធរសម្របសម្រួលឲ្យក្រុមហ៊ុនផ្តល់សំណងគោលនយោបាយមកឲ្យពលរដ្ឋក្នុងម្នាក់បានតែ៥០ដុល្លារប៉ុណ្ណោះ ខណៈអ្នកភូមិនៅឃុំអំពៅព្រៃទាមទារសំណងក្នុងម្នាក់៧០០ដុល្លារ។

លោកបន្ថែមថា៖«ពួកខ្ញុំជាតំណាងពលរដ្ឋនៅឃុំអំពៅព្រៃ បានធ្វើការតវ៉ាទាមទារយូរឆ្នាំហើយតាមរយៈអាជ្ញាធរ ស្រុក និងខេត្ត ហើយក៏សហការដោះស្រាយតាំងពីមុនបោះឆ្នោតម្ល៉េះ។ មកដល់ពេលនេះ ខេត្តសម្រេចឲ្យផ្តល់ជាគោលនយោបាយសម្រាប់ដី៤០០ហិកតាហ្នឹងក្នុងម្នាក់ៗបានតែ៥០ដុល្លារទេ តែខាងពលរដ្ឋសុំជាគោលនយោបាយរហូតដល់៧០០ដុល្លារ»

លោក ភោគ ផាន់នី ឲ្យដឹងថា នៅឃុំអំពៅព្រៃមានពលរដ្ឋជាង២ពាន់គ្រួសារ និងមានមនុស្សជិត៩ពាន់នាក់។

ចំណែកលោក អឹម ដារ៉ា ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំបឹងខ្យាងបានឲ្យដឹងថា នៅឃុំបឹងខ្យាងមានពលរដ្ឋ១៨៤៩គ្រួសារ និងមានមនុស្ស៧៦៥៣នាក់ ហើយថា ដីរួមសហគមន៍ទំហំ២៤២ហិកតាត្រូវបានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រំលោភយក។

តំណាងពលរដ្ឋរូបនេះបន្តថា ដើមហេតុដែលបណ្តាលឲ្យក្រុមអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ នោះ ដោយសារអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាក្លែងឯកសារលួចលក់ដីឲ្យក្រុមហ៊ុនឯកជន។

លោកបន្ថែមថា៖«ពលរដ្ឋខ្ញុំទូទាំងឃុំមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន លោកឧញ្ញា ស៊ាន ចាន់ហេង ក្រុមហ៊ុនអភិវឌ្ឍន៍ ស៊ាន ចាន់ហេង ហើយដីនេះជាក់ស្តែងត្រូវមេឃុំរបស់ខ្ញុំឈ្មោះ គង់ នៅ។ អតីតមេឃុំ គង់ ​នៅ ស៊ីញ៉េលក់ គាត់លក់ស្ងាត់ៗកាលពីថ្ងៃទី២៤ ខែ៨ ឆ្នាំ២០០៨។ ដោយអត់ឲ្យប្រជាពលរដ្ឋខ្ញុំដឹងទេទៅផ្ទៃដី២៤២ហិកតា»

លោក អឹម ដារ៉ា ឲ្យដឹងថា ការចចាររកដំណោះស្រាយជាមួយអាជ្ញាធរខេត្តពេលកន្លងមក គឺអាជ្ញាធរសម្របសម្រួលដោះស្រាយជាគោលនយោបាយដោយផ្តល់សំណងឲ្យពួកគាត់ក្នុងម្នាក់៥០ដុល្លារ ខណៈក្រុមអ្នកភូមិទាមទារសំណងក្នុងម្នាក់៥០០ដុល្លារ។

មន្រ្តីដែលបម្រើការងារនៅភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ លោក អ៊ិន សារិន សមាជិកក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្តឹងផ្សេងៗ បានទទួលញត្តិពីក្រុមតំណាងពលរដ្ឋ ដោយលោកសន្យាចំពោះពលរដ្ឋថា នឹងយកញត្តិនោះដាក់ជូនថា្នក់លើគឺ លោក ហ៊ីង ប៊ុនហៀង ពិនិត្យ និងដោះស្រាយ ប៉ុន្តែមិនបានកំណត់ថ្ងៃចុះដោះស្រាយជាក់លាក់នោះទេ។

អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ ប្រាប់វីអូឌីកាលពីខែកញ្ញាថា អាជ្ញាធរខេត្តបានខិតខំសម្របសម្រួលទៅ ក្រុមហ៊ុនឲ្យផ្តល់សំណងជូនពលរដ្ឋឲ្យបានច្រើនដែរ ប៉ុន្តែភាគីក្រុមហ៊ុនសម្រេចឲ្យបានតែ៥០ដុល្លារក្នុងម្នាក់ ដោយមិនអាចផ្តល់លើសពីនេះបានទេ។

លោក ម៉ៅ ភិរុណ បន្តថា សំណងជាគោលនយោបាយគឺ ពលរដ្ឋមិនទាមទារតាមតែអំពើចិត្តបាននោះទេដោយថា ដីនោះមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវដែលកាន់កាប់ដោយក្រុមហ៊ុនឯកជន ហើយជម្លោះដីធ្លីនោះក៏បានចូលដល់ដៃតុលាការផងដែរ។

លោកបន្ថែមថា៖ « ក្នុងនាមខ្ញុំជាអាជ្ញាធរ គ្មានអីក្រៅពីការសម្របសម្រួលទេ យើងអត់មានសិទ្ធិទៅបង្គាប់បញ្ជាគេបានទេ តាមយន្តការច្បាប់ដីធ្លី។ កាល​ណា ដីមានប្លង់កម្មសិទ្ធិគេមិនឲ្យអាជ្ញាធរលូកលាន់ផង អាហ្នឹងជាសមត្ថកិច្ចរបស់តុលាការ»

ជុំវិញវិវាទនេះ លោក ម៉ៅ ភិរុណ បានស្តីបន្ទោសទៅមន្រ្តីថ្នាក់ក្រោម ដោយថា ចេះតែចុះ​ហត្ថលេខា និងធ្វើប័ណ្ណកម្មសិទ្ធិទាំងមិនចុះវាស់វែង ដោយសារទទួលលុយកាក់ពីអ្នកពាក់ព័ន្ធទាំងនោះ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋលើកឡើង ថា មានអាជ្ញាធរថ្នាក់ក្រោមមួយចំនួនឃុបឃិតគ្នាលួចលក់ដីពលរដ្ឋទៅឲ្យក្រុមហ៊ុន ដូច្នេះរដ្ឋាភិបាលក៏ជាក្រសួងពាក់ព័ន្ធត្រូវតែស្រាវជ្រាវរកការពិត និងមានវិធានការផ្លូវច្បាប់ចំពោះមន្រ្តីដែលឃុបឃិតគ្នាលក់ដីពលរដ្ឋលក់នោះផងដែរ។

លោកបន្ថែមថា៖ «ទាក់ទងនឹងបញ្ហានេះ ប្រសិនជាមានការលើកឡើងថា បញ្ហាដីធ្លីកើតឡើងដោយសារតែអាជ្ញាធរមួយចំនួនឃុបឃិតដើម្បីយកដីរបស់ពួកគាត់លក់ទៅឲ្យក្រុមហ៊ុន។ អញ្ចឹងរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធគាត់ត្រូវតែមានការសិក្សា ឬស្រាវជ្រាវរករឿងពិតប្រាកដដែលកើតឡើង។ ហើយបើរឿងនេះកើតឡើង  អញ្ចឹងមែន ត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ហើយក៏ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលឃុបឃិតគ្នាក្នុងការយកដីប្រជាពលរដ្ឋលក់ទៅឲ្យក្រុមហ៊ុនហ្នឹងផងដែរ»

​វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ចំពោះការចោទប្រកាន់នេះបានទេ ប៉ុន្តែបើតាមតំណាងពលរដ្ឋ គឺអាជ្ញាធរខេត្តប្រាប់ទៅពួកគេថា ក្រុមហ៊ុន ហេង អភិឌ្ឍន៍ បានលក់ដីនោះទៅក្រុមហ៊ុនផ្សេងៗទៀតអស់ហើយ ខណៈអភិបាលខេត្តកណ្តាលសុំមិនប្រាប់ឈ្មោះក្រុមហ៊ុនថ្មីៗនោះទេ។

កន្លងមកអ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ឃុំ​អំពៅព្រៃ និងឃុំខ្យាងបាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កណ្ដាល​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​វិវាទ​ដី​ធ្លី​​របស់​ពួកគេ ដែល​ក្រុម​អ្នក​ភូមិ​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​លួច​លក់​ដីរួមរបស់សហគមន៍រាប់រយហិកតាទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ