បារាំង-វៀតណាម​ចុះ​កិច្ចសន្យានិងកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​នានាតម្លៃ១០​ពាន់​លាន​ដុល្លា​រ

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc (ស្តាំ) និងសមភាគីបារាំងរបស់លោក អេឌូដភីហ្វី នៅការិយាល័យរដ្ឋាភិបាល។ (រូបភាព៖ vir.com.vn)

បារាំងនិង​វៀតណាម បាន​ចុះហត្ថលេខាលើ​កិច្ចសន្យានិង​កិច្ច​ព្រមព្រៀងពាណិជ្ជនានា​ជាមួយគ្នា​ដែល​មាន​តម្លៃរហូត​ដល់​​១០ពាន់លាន​ដុល្លារ។

តាមការចុះផ្សាយ​របស់​សារព័ត៌មាន ​The Jakarta Post របស់​ឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តី​បារាំងលោក​ ហ្វីលីព អេដ័រ បាន​ចុះ​ចូលរួមក៏ដូចជាធ្វើ​ជាសាក្សីក្នុងការចុះ​ហត្ថលេខាជាមួយសម​ភាគីវៀតណាម​​លើកិច្ចសន្យានិង​កិច្ច​ព្រមព្រៀងផ្សេងៗមាន​ទំហំ១០ពាន់លាន​ដុល្លារ ដែល​គ្រប​ដណ្ដប់​លើ​វិស័យសំខាន់​ៗ​ជាច្រើន។ តែបើ​តាមប្រភពដដែល ទាំងមេដឹកនាំបារាំងនិងវៀតណាម បញ្ជាក់ថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែជាអាទិភាពនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេស​ទាំងពីរ។

មេដឹកនាំប្រទេសទាំងពីរបាន​ប្ដេជ្ញាថា​នឹង​ពន្លឿនគម្រោងសំខាន់​ៗដែល​កំពុង​ធ្វើ​រួមគ្នា ក៏ដូចជា​ជំរុញទំនាក់ទំនងរវាង  វៀតណាមនិងសហភាពអឺរ៉ុបឲ្យកាន់​តែប្រសើរថែម​ទៀត​។ តាមប្រភពដដែល ​​នាយករដ្ឋមន្រ្តី​បារាំងលោក​ ហ្វីលីព អេដ័រ បានលើកឡើង​ថា​បារាំងគាំទ្រដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុបដែល​ធ្វើ​នាពេលកន្លងមក។

ប្រទេស​ទាំងពីរ បាន​លើក​ទឹក​ចិត្ត​ដល់​​សហគ្រិន​បារាំង​ឲ្យវិនិយោគលើ​វិស័យនានាដែ​ល​ជាតម្រូវការរបស់វៀតណាម​មានដូចជា​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល អាកាសចរណ៍ សុខភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនាក់ទំនង ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ បន្ថែម​លើ​នេះ​មេដឹកនាំប្រទេស​ទាំងពីរ បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគ្នានឹងគ្នា​ក្នុងវិស័យនានារួមមានការបណ្ដុះបណ្ដាល ការអភិវឌ្ឍនិងធ្វើទំនើបកម្ម​ការគ្រប់​គ្រង​រដ្ឋបាល​របស់រដ្ឋ​តាម​បច្ចេកវិទ្យា​អិនធឺណិត​ ការថែទាំសុខភាព ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ការផ្តល់យន្តហោះ Airbus ការគ្រប់គ្រងទីក្រុងនិងថាមពល។ នេះបើតាម​ការចុះផ្សាយ​របស់​សារព័ត៌មានសម្លេងវៀតណា​ម​វីអូវី។​

បារាំង​ ជាដៃគូរពាណិជ្ជកម្មដ៏សំខាន់​មួយរបស់​វៀតណាម។​ តាមការចុះផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​បារាំងAFP ទំហំ​ពាណិជ្ជកម្ម​រវាង​វៀតណាមជាមួយបារាំងមាន​រហូត​ដល់​៧,៦ ពាន់លានដុល្លារ។

ក្នុងដំណើរទស្សនកិច្ចរយៈពេល​បីថ្ងៃទៅ​វៀតណាម​ដែលបញ្ចប់​ទៅកាលពីម្សិលមិញ នាយករដ្ឋមន្រ្តី​បារាំង ហ្វីលីព អេដ័រ បាន​ជួបជាមួយ​មេដឹក​កំពូល​ៗរបស់​វៀតណាម​រាប់​តាំងពី​ប្រធានាធិបតី នាយករដ្ឋមន្រ្តី និង​ប្រធានរដ្ឋសភា​វៀតណាម។ ក្រៅពីនេះលោក ក៏បាន​ធ្វើដំណើរទស្សនកិច្ច​ទៅកាន់​តំបន់​បៀនឌៀន​ភូ ជាទីតាំង​ដែល​បារាំង​ចាញ់​សង្រ្គាម​​វៀតណាមកាលពី​៦៤ឆ្នាំមុន​។  ​បៀនឌៀន​ភូ ​​ជាសមរភូមិ​បង្ហូរឈាមរវាងវៀតណាម​និង​បារាំងក្នុងសម័យ​​សង្រ្គាម​ឥណ្ឌូចិននា​ឆ្នាំ១៩៥៤ ដែល​ពេល​នោះ​វៀតណាមធ្វើការ​តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ​ក្នុងរយៈពេល​៥៦ថ្ងៃ ​ដើម្បី​ទាមទារ​ឯករាជ្យពីបារាំង។ គួរបញ្ជាក់​ថា ឆ្នាំ២០១៨នេះ ជាខួប​៤៥ឆ្នាំនៃការបង្កើតទំនាក់​ទំនងការ​ទូតរវាង​បារាំងនិងវៀតណាម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ