អ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីលោកស្រី រ៉ូណា ស្មីត

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះ នៅថ្ងៃនេះ បាននាំគ្នាដាក់ញត្តិនៅការិយាល័យឧត្ដមស្នងការសហប្រជាជាតិ ដើម្បីស្នើសុំឲ្យលោកស្រី រ៉ូណា ស្មីត ជំរុញទៅរដ្ឋាភិបាលកម្ពុជាធ្វើការ​ដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពួកគេ។

ការដាក់ញត្តិរបស់ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃនេះធ្វើឡើងខណៈពេលលោកស្រី រ៉ូណា ស្មីត កំពុង​បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

តំណាង​ពលរដ្ឋម្នាក់លោក ភិន ធា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិរួចថា ពួកគាត់ចង់ឲ្យលោកស្រី រ៉ូណា ស្មីត ជួយ ដោយសារ កន្លងមក ពួកគាត់ធ្លាប់ដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធផ្សេងៗឲ្យជួយដោះស្រាយវិវាទដីធ្លីនេះដែរ  ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននៅតែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ​។

លោកថា៖ «កន្លងមក គឺការដោះស្រាយពីចុងដល់ដើម។ ពីគល់ដល់ចុងពីចុងមកដល់គល់វិញ អត់មានការដោះស្រាយអីជាក់លាក់ទេទៅវិញទៅមកៗហ្នឹង ។ ឯកឧត្ដម ជា សុផារ៉ា គាត់មានប្រសាសន៍ជួបពួកខ្ញុំកាលពីថ្ងៃទី២៤ គាត់ថានឹងទទួលយកឈ្មោះពួកខ្ញុំទាំងអស់ដែលបានកាប់ទន្ទ្រានអាស្រ័យផលនៅទីនោះ តាំងពីឆ្នាំ២០១៤ ឲ្យទាំងអស់ ពេលពួកខ្ញុំត្រឡប់ទៅវិញឲ្យខ្ញុំធ្វើអត្តសញ្ញាណកម្មសុំដី ហើយអត់ចំហ្នឹងចំណុចដែលពួកខ្ញុំសំណូមពរជាមួយឯកឧត្ដមទេ»។

ពលលរដ្ឋម្នាក់ទៀតលោក តូច ឌុល លើកឡើងថា ពួកគាត់ចង់ឲ្យលោកស្រី រ៉ូណា ស្មីត ជួយអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លីដល់ពួកគាត់ឲ្យបានឆាប់ ខណៈការដោះស្រាយរបស់ក្រសួងនិងអាជ្ញាធរកន្លងមកមិនទាន់មានដំណោះស្រាយអ្វីសម្រាប់ពួកគាត់។

លោកថា៖ «ខ្ញុំមកសំណូមពរនេះ មានតែឲ្យអ្នកស្រី រ៉ូណា ស្មីត ជួយជួបឯកឧត្ដម  ជា សុផារ៉ា  ហើយហ្នឹង សម្ដេចតេជោ ព្រោះអីសំណុំរឿងខ្ញុំប្រហែលជាមិនដល់សម្ដេចតេជោទេ។ អញ្ចឹងមានតែអ្នកស្រី ដែលគាត់ធ្វើការធំៗដូចគ្នា បានអាចគាត់ជួបគ្នាបានក្នុងរឿងបញ្ហាហ្នឹង ។ អញ្ចឹងខ្ញុំមានតែមកសំណូមពរឲ្យគាត់ជួយទៅជួបសម្ដេចឲ្យសម្ដេចជួយអន្តរាគមន៍ទៅក្រុមហ៊ុនមេមត់»។

ក្រុមប្រជាពលរដ្ឋទាំងនោះ អះអាងថា មន្ត្រីម្នាក់តំណាងឲ្យលោកស្រី រ៉ូណា ស្មីត ដែលបានជួបនិងទទួលញត្តិពីពួកគេ ថ្លែងថា នឹងយកញត្តិ​របស់ពួកគេទៅឲ្យលោកស្រី រ៉ូណា ស្មីត។

អភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បានថ្លែង​ចំពោះមុខពលរដ្ឋថា អាជ្ញាធរខេត្តកំពុងដំណើរការដោះស្រាយជូនពលរដ្ឋទាំងនោះហើយ ដោយបញ្ជាក់ថាមូលហេតុយឺតយ៉ាវដោយសារមន្រ្តីអាជ្ញាធរខេត្តត្រូវ​កែតម្រូវឈ្មោះខុសរបស់ពលរដ្ឋមួយចំនួន និងកំពុងដំណើរការពិនិត្យអត្តសញ្ញាណកម្មក្បាលដីឲ្យបានច្បាស់លាស់។ លោក ខាន់ ចំណាន បានសន្យាចំពោះមុខពលរដ្ឋថា នឹងដោះស្រាយបញ្ចប់វិវាទដីធ្លីនេះឲ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។

លោកបន្ថែមថា៖ «បងប្អូនមិនច្បាស់អីរឿងការងារហ្នឹងបងប្អូនអាចជួបជាមួយលោកអភិបាលខេត្ត បងប្អូនមិនច្បាស់អីរឿងការងារ ពីមួយដំណាក់កាលទៅមួ​យ​ដំណាក់កាលបងប្អូនទៅជួបការងារដោះស្រាយដីធ្លីខេត្ត។ ខ្ញុំចង់ឲ្យតែលឿនទេខ្ញុំនោះ។ នេះបងខាងមន្រ្តីក្រសួងជួយដឹងលឺ គ្រាន់តែខ្ញុំថាដោះស្រាយឲ្យនៅខែប្រាំងនេះគាត់ខ្លាចយើងមិនទាន់ទៀត»។

កាលពីថ្ងៃទី០៨ ខែមីនា ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិជើងឃ្លេរ ឃុំ២ធ្នូ បានរងរបួសនៅពេលប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើងដែលចុះការពារគ្រឿងចក្រក្រុមហ៊ុនចម្កាកៅស៊ូមេមត់ ខណៈពលរដ្ឋទាំងនោះបានតវ៉ាបិទផ្លូវជាតិលេខ ៧៦A ប្រឆាំងគ្រឿងចក្រក្រុមហ៊ុនចុះឈូសឆាយផ្ទះ និងដំណាំពួកគេ។

នៅថ្ងៃនេះ  ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយបញ្ហាដីធ្លីនៅតាមសហគមន៍នានាមកពី​ខេត្តព្រះសីហនុ ខេត្ត​ស្វាយ​រៀង ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ និង ខេត្តកណ្ដាលជាដើម​ បាននាំគ្នាឡើងមក​ដាក់ពាក្យ​បណ្ដឹងនិង ញាត្តិនៅរាជធានីភ្នំពេញ ដើម្បីស្នើសុំស្ថាប័នជាតិ​សំខាន់​ៗ ជួយអន្តរាគមន៍ដំណោះស្រាយបញ្ហាដីធ្លីដែលអាជ្ញាធរថ្នាក់ក្រោមមិនបានដោះស្រាយឲ្យពួកគេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ