ចិន​ប្រកាស​ថា​ ខ្លួនមាន​ឆន្ទៈ​ក្នុងការលើកកម្ពស់ស្ថិរភាពទីផ្សារថាមពលអន្តរជាតិ

អ្នក​នាំពាក្យក្រសួងការបរទេស​ចិន លោកស្រី ហួរ​ ឈុនអីុង ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ប្រចាំ​កាល​ពីថ្ងៃទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មប្រឆាំង​ប្រទេស​អុីរ៉ង់​កាល​ពី​ថ្ងៃចន្ទ​។ (រូបភាព៖ fmprc.gov.cn)

ចិន​បាន​អះអាងថា​ខ្លួន​មាន​​ឆន្ទៈខ្ពស់​ដើម្បីបំពេញ​តួនាទីក្នុងការ​លើកកម្ពស់​ស្ថិរភាព​ទីផ្សារ​ថាម​ពល​នៅលើ​ពិភពលោក។

អ្នក​នាំពាក្យក្រសួងការបរទេស​ចិន លោកស្រី ហួរ​ ឈុនអីុង បាន​ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន​ប្រចាំ​កាល​ពីម្សិលមិញ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មប្រឆាំង​ប្រទេស​អុីរ៉ង់​កាល​ពី​ថ្ងៃចន្ទ​។

អ្នក​នាំពាក្យក្រសួងការបរទេស​ចិនរូបនេះ បានលើកឡើងថាចិន​មានការសោកស្ដាយយ៉ាងខ្លាំង និង​ប្រឆាំងដាច់ខាត​ចំពោះ​ការដាក់​ទណ្ឌកម្មលើ​អុីរ៉ង់​​ ដែល​ធ្វើ​ឡើងជាឯកតោភាគី​​ដោយសហរដ្ឋអាមេរិក។ លោកស្រី​ មាន​ប្រសាសន៍បន្តថា កិច្ចសហប្រតិបត្តិការរវាងចិននិងអុីរ៉ង់ គឺបើកទូលាយ មានតម្លាភាព និងស្របច្បាប់។

ក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃទី​០៥ ខែ​វិច្ឆិកា ឆ្នាំ២០១៨ លោកស្រី ហួរ​ ឈុនអីុង ក៏បាន​អំពាវនាវទៅសហរដ្ឋ​អាមេរិក​ផងដែរ​ ឲ្យអនុវត្តឲ្យ​ទូលំទូលាយនិងមាន​ប្រសិទ្ធភាពនូវ​ផែនការសហប្រតិបត្តិការរួមគ្នាគ្រប់​ជ្រុងជ្រោយ (JCPOA) ដែល​ជាកិច្ចព្រមព្រៀងពហុភាគី ដែលបានផ្តល់សច្ចាប័នដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តាម​លោកស្រី ហួរ​ ឈុនអីុង ផែនការសហប្រតិបត្តិការរួមគ្នាគ្រប់​ជ្រុងជ្រោយនេះ ផ្ដល់​នូវលក្ខខណ្ឌដែល​អាចជួយទប់​ស្កាត់​​ការរីករាលដាលនៃអាវុធ​នុយក្លេអ៊ែរ និងផ្ដល់​​សន្តិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ា ក៏ដូចជា​បម្រើផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិផងដែរ។

សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃចន្ទកន្លងទៅ បានចាប់ផ្ដើ​មដាក់​​ទណ្ឌកម្ម​ជាថ្មីម្ដង​ទៀត​ប្រឆាំងនឹ​ងអុីរ៉ង់​លើវិស័យ​​​ប្រេង និង​ធនាគារ​។ អាមេរិក​ ក៏​បានអំពាវ​នាវ​ប្រទេសនានា​ឲ្យចូលរួម​ជាមួយខ្លួន​ក្នុងការ​ដាក់​ទណ្ឌកម្ម​ប្រឆាំងអុីរ៉ងផងដែរ។ ក្នុងយន្តការ​ទណ្ឌកម្ម​របស់​ខ្លួន ​អាមេរិក​ បាន​ហា​ម​ប្រទេស​នានាមិន​ឲ្យ​នាំចូល​ប្រេងពីប្រទេស​អុី​រ៉ង់​នោះទេ។ ប៉ុន្តែទោះ​ជាយ៉ាងណាក៏ដោយ អាមេរិក​ មិនបាន​ហាមឃាត់ប្រទេស​ចិន ឥណ្ឌា ក្រិក អុីតាលី តៃវ៉ាន់ ជប៉ុន តួកគី​ និង​កូរ៉េខាងត្បូង​ ឲ្យទិញប្រេងពីអុីរ៉ង់​នោះទេ។ រដ្ឋមន្រ្តី​ក្រសួងការបរទេសអាមេរិកបាន​លើកឡើង​កាលពីថ្ងៃចន្ទថា​ មាន​ប្រទេស​ជាង​២០រួចមកហើយ​ដែល​កាត់បន្ថយការទិញប្រេងពី​អុីរ៉ង់។

ភ្លាម​ៗក្រោយ​ការ​ដាក់​ចេញ​នូវទណ្ឌកម្មនេះ មេដឹកនាំ​អុីរ៉ង់​ ថាខ្លួន​នៅតែបន្តការនាំចេញ​ប្រេង​របស់​​ខ្លួន​ទៅប្រទេស​នានាដដែល​។ លើសពីនេះ​ទៅទៀត មេដឹកនាំ​ប្រទេស​មួយចំនួន​មាន​ដូចជា ​រុស្ស៊ី​ តួកគី និង​អេស្ប៉ាញ​ជាដើម​ ហៅការដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំងនឹង​អុីរ៉ង់ថាធ្វើឡើង​ដោយខុសច្បាប់​ និង​អាចបណ្ដាលឲ្យមានការរង្គោះរង្គើសេដ្ឋកិច្ចពិភពលោក​ទៀតផង។

កាលពីខែឧសភា សហរដ្ឋ​អាមេរិក​បាន​ដាក់ចេញ​នូវលក្ខខណ្ឌចំនួន១២ ឲ្យ​អុីរ៉ង់ធ្វើតាម​​ បើប្រទេសនេះ​ចង់​គេច​ផុតពីទណ្ឌ​កម្ម​របស់​ខ្លួន។ លក្ខខណ្ឌទាំងនោះ រួមមាន ​ផ្ដល់​ព័ត៌មានពីកម្មវិធីអាវុធនុក្លេអ៊ែរ​ដល់​​ទីភ្នាក់ងារ​​ថាមពល​អាតូមិក​អន្តរជាតិ, បញ្ឈប់ការចំរាញ់​សារធាតុអ៊ុយរ៉ាញ៉ូម និងភ្លុយតូញ៉ូម, បញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរទាំងស្រុង, ដោះលែង​ពលរដ្ឋ​អាមេរិកដែល​ជាប់​ឃុំ​នៅអីុរ៉ង់, បញ្ឈប់ការគាំទ្រ​ក្រុមហាម៉ាស ក្រុម​បដិវត្តន៍នៅយេមេន ក្រុម​តាលីបង់និងអាល់កៃដា​នៅអាហ្វាស្ថាន,​ និង​ដកទ័ពចេញពីស៊ីរីជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ