អង្គការ និងសហគ្រិនភាពរបស់ប្រទេសម៉ាឡេស៊ី គ្រោងសហការជាមួយរដ្ឋាភិបាលខ្មែរដើម្បីវិនិយោគដាំឫស្សីនៅប្រទេសកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ។
ប្រភពដដែលឱ្យដឹងថា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មឫស្សីនៅកម្ពុជា រវាងក្រសួងកសិកម្ម ជាមួយអង្គការមូលនិធិច្នៃប្រឌិតសកល និងសហគ្រិនភាពនៃប្រទេសម៉ាឡេស៊ី។
ទំព័រហ្វេសប៊ុកក្រសួងកសិកម្មដដែលបញ្ជាក់ថា ក្រសួងបានរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ដែលបានផ្តល់អាទិភាពទៅលើអនុវិស័យជាច្រើនសំខាន់ៗ ក្នុងចំណោមនោះគឺការអភិវឌ្ឍសហគមន៍ព្រៃឈើតាមរយៈការធ្វើកសិកម្មចម្រុះ។
គោលនយោបាយនេះ ក្នុងគោលបំណងចម្បងគឺបង្កើនផលិតភាពផលិតកម្មកសិកម្ម និងផលិតកម្មឫស្សីដែលជាមុខរបរមួយថ្មីអាចជួយបង្កើតការងារជូនប្រជាសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋដែលមានធនធានឫស្សីដើម្បីបង្កើនចំណូលគ្រួសារ កាត់បន្ថយការពឹងអាស្រ័យផល និងអនុផលព្រៃឈើ ការបរបាញ់ និងកាត់បន្ថយចំណាកស្រុកតាមរយៈការបង្កើន ពង្រឹង និងពង្រីកផលិតកម្មកែច្នៃឫស្សីរបស់កម្ពុជាឲ្យមានផលិតភាព និងគុណភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក និងធ្វើការនាំចេញ។
ទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម មិនបានបញ្ជាក់ឱ្យបានច្បាស់នៅឡើយ ថាតើតំបន់ដែលនឹងវិនិយោគនឹងធ្វើនៅលើទំហំដីប៉ុន្មានហិកតា និងចាប់ផ្តើមនៅពេលណានោះទេ។
អត្ថបទសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ក្នុងការអភិវឌ្ឍឧស្សាហកម្មឫស្សីនេះ ក្រសួងកសិកម្មមានផែនការដាំដុះឫស្សី នៅខេត្តចំនួន៩ រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង និងកោះកុង។
ទីប្រឹក្សាផ្នែកបច្ចេកទេសនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្មកម្ពុជា ហៅថាសេដាក លោក គាម មករាឌី មានប្រសាសន៍ថាលោកមិនទាន់យល់ច្បាស់ពីគម្រោងនេះនៅឡើយទេ។ លោកបន្តថាគម្រោងនេះ ប្រសិនបើវិនិយោគទៅលើតំបន់សឹករិករិល ឬទៅលើដីក្រុមហ៊ុនមួយចំនួនដែលទុកដីទំនេរចោល គឺជារឿងល្អប្រសើរ ដែលអាចជួយស្តារព្រៃឈើឡើងវិញ និងបង្កើតមុខរបរដល់សហគមន៍មូលដ្ឋាន។
យ៉ាងនេះក្តី លោកបារម្ភខ្លាចតែគម្រោងនេះ វិនិយោគទៅលើតំបន់ព្រៃឈើដែលមានស្រាប់ គឺ រិតតែធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន តាមរយៈបង្កើតឱ្យមានសកម្មភាពកាប់ព្រៃឈើបន្ថែមទៀត៕









