ក្រសួង​ឧស្សាហកម្ម ​កំពុង​សិក្សា​គោលនយោបាយ​​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូចនិង​មធ្យម

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៌វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នាថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក ក្រសួងឧស្សាហកម្មនិងសិប្បកម្ម)

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កំពុង​សិក្សា​គោល​នយោបាយ​ថ្នាក់​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូចនិង​មធ្យម និង​សិប្បកម្ម មុន​នឹង​ដាក់​ឆ្លង​ទៅ​កាន់​រដ្ឋាភិបាល​នៅ​ដើម​អាណត្តិ​នេះ ខណៈ​​វិស័យ​ទាំង​នេះ​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ដល់​ទៅ​ជាង​៨០​ភាគរយ។

រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម លោក ចម ប្រសិទ្ធ បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ហ្វេសបុក​ផ្លូវ​ការ​របស់​ក្រសួង​ផង​នោះ​បាន​ស្នើ​ឲ្យ​មន្ត្រី​នៃ​ក្រសួង​ទាំង​អស់​ធ្វើ​ការ​សិក្សា​ ពិភាក្សា លើ​សេចក្ដី​ព្រាង​នេះ​ឲ្យ​បាន​ផុលផុស មុន​នឹង​ដាក់​ឆ្លង​ទៅ​រាជរដ្ឋាភិបាល​នៅ​ដើម​អាណត្តិ​ទី៦​នេះ ។

​ប្រភពដដែល​លើក​ឡើង​ថា៖ « សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មដើរតួដ៏សំខាន់ ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ បង្កើតការងារ មុខជំនាញសហគ្រិន ការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ សម្រាប់ការរក្សា និងធានាសេដ្ឋកិច្ចជាតិឲ្យមានកំណីនថេរក្នុងអត្រា៦% »

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា បានបញ្ជាក់​ប្រាប់​VOD ថា​សេចក្ដីព្រាង​គោល​នយោបាយ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ក្រសួង​ដើម្បី​ពិភាក្សា​នៅ​ឡើយ មុន​នឹង​ប្រជុំ​អន្តរក្រសួង និង​គណៈកម្មាធិការ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​លោក​ថា​ប្រហែល​ចំណាយ​ពេល​ជាច្រើន​ខែ​ទៀត។

លោក​ថា៖ « អាចប្រើពេលយូរដែរតែយើងខិតខំធ្វើយ៉ាងម៉េចឲ្យនៅដើមឆ្នាំ២០១៩នេះ បានឆ្លងដល់គណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ […] តាមពិតយើងមានគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ដល់២០២៥ ហើយ តែនេះយើងចូលជ្រៅថែមមួយគន្លាក់ទៀត ដើម្បីដាក់ចេញវិធានការអនុវត្តនាថ្ងៃខាងមុខនោះ ឲ្យចំបញ្ហាដែល SME ត្រូវការ ក៏ដោះស្រាយបញ្ហាដែល SME ប្រឈម »

ប្រធាន​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​នៅ​កម្ពុជា​លោក តែ តាំង​ប៉ ស្វាគមន៍​ចំពោះ​គោលនយោបាយ​នេះ ដោយ​ថា​សមាគម​ដែល​ធ្លាប់​លើក​ឡើង​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្លេះ។ ​លោក​សង្ឃឹម​ថា​គោល​នយោបាយ​នេះ​នឹង​ធ្វើ​ឲ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កាន់​តែ​រីក​ចំរើន ជាពិសេស​គឺ​បាន​គាំទ្រ​ដល់​សេដ្ឋកិច្ច​ជាតិ។

លោក​ តែ តាំង​ប៉ ៖ « គោលនយោបាយហ្នឹងវាសំខាន់ណាស់បើយើងអត់មានគោលនយោបាយជួយគាំទ្រឧស្សាហកម្មធុនតូចនេះគឺថាSME ទៅមុខអត់រួចទេ។ អញ្ចឹងបានថាអ្វីដែលតាំងពីលុយ តាំងពីការលើកលែងពន្ធ តាំងពីការបង្កើតច្រកចេញចូលតែមួយដើម្បីចុះបញ្ជីនោះ គឺសុទ្ធតែការរួមចំណែកជួយដល់សហគ្រាសហើយ។ បើយើងគ្រាន់តែជួយមួយផ្នែកអញ្ចឹងSME ទៅយ៉ាងម៉េចរួច! អាហ្នឹងហើយដែលវាជាលំនឹងនៃសេដ្ឋកិច្ចជាតិ »

បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ជា​ង​៥០​ម៉ឺន​សហគ្រាស​ និង​មាន​លក្ខណៈ​ចម្រុះ និង​សម្បូរ​បែប ដែល​ភាគ​ច្រើន​ក្នុង​ផ្នែក​នេះ​រួម​មាន សហគ្រាស​កែច្នៃ​ម្ហូប​អាហារ សហគ្រាស​គាំទ្រ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ កសិ-ឧស្សាហកម្ម និង​សហគ្រាស​កម្មន្តសាល​កែច្នៃ​ផលិតផល​ប្រើប្រាស់​ទូទៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន ។ ប្រភពដដែល​ឲ្យដឹងថា បច្ចុប្បន្ន​វិស័យសហគ្រាស​ធុន​តូច និង​មធ្យម​នេះ ​​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ពី​៧០ ទៅ​៨០​ភាគរយ និងនាំមកនូវផលទុនជាតិសរុបចំនួន៥៨% ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ