ជនជាតិដើមភាគតិចខេត្តព្រះវិហារជិត១០នាក់សុំពន្យារពេលចូលបំភ្លឺនៅតុលាការ

ប្រជាសហគមន៍ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាំគ្នាឡើងមកលើកទឹកចិត្តសមាជិតរបស់ខ្លួនដែលបានចូលបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហារ កាលពីឆ្នាំ២០១៥។ (រូបថត៖ លោក បឹុក សោភ័ណ)

សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជិត១០ នាក់(៩) សម្រេចដាក់លិខិតសុំពន្យារពេលក្នុងការឆ្លើយបំភ្លឺនៅសាលាដំបូងខេត្ត ជុំវិញសំណុំរឿងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង កាលពីឆ្នាំ២០១៤ ។

សមាជិកជនជាតិដើមភាគតិចកួយម្នាក់ ក្នុងចំណោម៩នាក់លោក ផុន រុំ ឱ្យដឹងថាកាលពីថ្ងៃទី ១៣ វិច្ឆិកាថា ពួកគាត់បានដាក់លិខិតសុំពន្យារពេលក្នុងការចូលបំភ្លឺ នៅតុលាការ​រួចទៅហើយ។ លោកបន្តថា មូលហេតុសុំពន្យារពេល ​ដោយថាខាងសហគមន៍មិនទាន់មានមេធាវី ម្យ៉ាងរដូវ​នេះជារដូវរវល់ធ្វើស្រែចម្ការផង ធ្វើឱ្យពួកគាត់មិនមានពេលគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនចូលឆ្លើយបំភ្លឺ។

ប្រភពរូបនេះ ឱ្យដឹងថាការសុំពន្យារពេលនេះ មិនបានកំណត់ពេលវេលាថានឹងត្រូវចូលបំភ្លឺវិញនៅពេលណាទេ ដោយរង់ចាំពិភាក្សាគ្នា និងរកមេធាវី បានជាមុនសិន។

លោកមានប្រសាសន៍ថា៖ «ខ្ញុំរកមេធាវីអីមិនបាន ហើយក៏ខែហ្នឹងរវល់ ច្រូតស្រូវផងអីផង ស្រូវក៏បាក់ក អស់ហើយ។ ចាំច្រូតស្រូវរួចរាល់សិន» ។

កាលពីចុងខែកញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ លោក ជៀន ស្រស់ បានចេញដីកាបង្កាប់ឱ្យសហគមន៍ចំនួន៩នាក់ និងមន្ត្រីអង្គការពន្លកខ្មែរប្រចាំខេត្តព្រះវិហារ ចំនួនពីរនាក់ទៀត ចូលខ្លួនបំភ្លឺជុំវិញបទ ចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០១៤ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ។

ដីកាទាំងនោះ ប្រជាសហគមន៍ ទើបទទួលបាននៅថ្ងៃទី ៥ និង៦ វិច្ឆិកា។ ចំណែកមន្ត្រីអង្គការពន្លកខ្មែរបញ្ជាក់ថានឹងមិនចូលបំភ្លឺឡើយ ដោយមន្ត្រី​ម្នាក់និយាយថាដីកានោះខុសសាវតាខ្លួនច្រើន ហើយមន្ត្រីម្នាក់ទៀត ​មិនបានទទួលដីកាទេ។

លោក ផុន រុំ រំលឹកមូលហេតុដែលនាំឱ្យសហគមន៍ឃាត់គ្រឿងចក្រកាលពីខែធ្នូឆ្នាំ២០១៤នោះ ដោយសារក្រុមហ៊ុន​បានបញ្ជូនគ្រឿងចក្រ២ គ្រឿងមកឈូសឆាយដីសមូហភាពរបស់ពួកគាត់ជាច្រើនលើកច្រើនសារ ហើយសហគមន៍ជាច្រើន​នាក់ក៏សម្រេចឃាត់ទុកដើម្បីរង់ចាំការដោះស្រាយ។

នៅឆ្នាំ ២០១៧ អាជ្ញាធរបានយក​គ្រឿងចក្រនោះទៅវិញ ប៉ុន្តែដំណោះស្រាយនៅតែគ្មាន។

ក្រុមហ៊ុន ឡាន ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ ផ្សេងទៀត របស់ក្រុមហ៊ុនមេឈ្មោះ ក្រុមហ៊ុនហេងហ្វូដែលទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤​ម៉ឺន​ហិកតា (៤២.០០០) តាំងពី​ឆ្នាំ​២០១១ ដើម្បីវិនិយោគ​ដាំ​អំពៅ និង​កៅ​ស៊ូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ