ភូមិឃុំមានសុវត្ថិភាព គឺជាគោលការណ៍មួយដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីឲ្យមន្ដ្រីអនុវត្តច្បាប់គោរពតាមដើម្បីការពារសុវត្ថិភាព និងសន្ដិសុខជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ប៉ុន្ដែ គ្រឿងញៀន គឺបញ្ហាចម្បងមួយ ដែលរដ្ឋាភិបាលពិបាកនឹងដោះស្រាយ ខណៈពលរដ្ឋជាច្រើននាក់ជាពិសេសស្រទាប់យុវជន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយនៅតំបន់ខ្លះ មានទាំងសកម្មភាពប្រើប្រាស់គ្រឿងញៀន និងលួចប្លន់នៅពេលយប់ទៀតផង។
កំពុងបំបៅដោះកូនតូចដែលទើបនឹងកើតមានអាយុមិនដល់ ៣ខែ បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ អ្នកស្រី ចាន់ ស្រស់ បង្ហើបថា អ្នកស្រីបានរស់នៅតំបន់នេះជាង ២ឆ្នាំមកហើយ និងថា សកម្មភាពចែកចាយគ្រឿងញៀន បានធ្វើឡើងដោយសម្ងាត់នៅតំបន់នេះ និងមិនដែលឃើញសមត្ថកិច្ចចាប់បាននោះឡើយ។
អ្នកស្រីបង្ហាញក្ដីបារម្ភផងដែរចំពោះបញ្ហាគ្រឿងញៀននេះ ដោយថា វាអាចប៉ះពាល់ដល់កូនៗរបស់គាត់ និងអនាគតរបស់ពួកគេ។
អ្នកស្រីបន្ដថា៖ «ទិញថ្នាំមកច្រើនណាស់ លឺគេទិញស្អី ថ្នាំសៗ ហើយអាមួយនេះ (កូនគាត់) កាលមុន វាដើរបាត់មួយថ្ងៃ អាមួយធំ វានាំដើរបាត់មួយថ្ងៃ ដល់លើថ្នល់ធំឃើញវា ក្មេងៗតូចអញ្ចឹង ឲ្យលុយវាតែ ៥០០ ឬ ១០០០[រៀល]ពាន់ វាទិញហើយ»។
ស្ដ្រីវ័យ៣២ឆ្នាំរូបនេះ រម្លឹកថា កន្លងមក អ្នកស្រីបានបាត់ម៉ូតូមួយគ្រឿង និងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីជួយស្រាវជ្រាវ ប៉ុន្ដែ រហូតមកដល់ពេលនេះ មិនមានលទ្ធផលអ្វីទាល់តែសោះ។
អ្នកស្រីសង្ស័យថា សកម្មភាពលួចនៅពេលយប់ អាចជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅតំបន់នេះ ដោយថា សមត្ថកិច្ចអាចមានការឃុបឃិតគ្នាជាមួយអ្នកទាំងនោះ ទោះបីជាពួកគេដឹងពីទីតាំងចែកចាយគ្រឿងញៀនហើយក៏ដោយ។
អ្នកស្រីបន្ដថា៖ «ដឹងស្អី បើប៉ូលីសចាប់ហើយលេងវិញហ្នឹង មេឃុំអីចិញ្ចឹមតែក្រពះហ្នឹង ចុះបើមេឃុំក៏ផឹកនៅហ្នឹង […] សារមុននៅនោះ ហើយក្រោយមករើមកនេះ វាមកគាស់អានេះ ឯងហៅម្ចាស់ផ្ទះគេមក ហើយក៏លែងធ្វើហ្មងទៅ»។
បុរសជាអ្នកបើកម៉ូតូកង់បីម្នាក់ដែលប្រាប់ឈ្មោះយ៉ាងខ្លីថា សុខុម និងអះអាងថាជាជាពលរដ្ឋរស់នៅតំបន់បឹងទំពុនដែរនោះ បានរិះគន់ថា សមត្ថកិច្ចហាក់ទទួលបានផលប្រយោជន៍ពីបទល្មើស នៅពេលដែលពួកគេចាប់បានចោរលួច ឬចុះបង្ក្រាបគ្រឿងញៀនម្ដងៗ។
លោករិះគន់ថា សមត្ថកិច្ចមានវិធានការលឿនតែទៅលើករណីធំៗ ឬនៅពេលអ្នកមានអំណាចពឹងពាក់តែប៉ុណ្ណោះ ប៉ុន្ដែ សម្រាប់ពលរដ្ឋធម្មតាវិញ គឺសមត្ថកិច្ចមិនសូវធ្វើសកម្មភាពផុសផុលនោះទេ។
លោកបន្ដថា៖ «យើងមានឯណា អាងមានលុយ បុកតែលុយចប់ ចោរហ្អេ ចោរឆក់ ប៉ូលិសដឹងតើ ម្ដុំហ្នឹងៗ ប៉ុន្ដែ អត់មានទៅចាប់ចោរ មានតែទៅចែកភាគរយជាមួយចោរ ហើយប៉ូលិសគេទៅប្ដឹងប៉ូលិស ទាល់តែរឿងណាថា វាសំខាន់ណាស់ អាហ្នឹងរកឃើញ បើមិនសំខាន់ ទៅ បើរកឃើញ»។
ស្ត្រីម្នាក់ដែលអះអាងថា រស់នៅតំបន់នេះដែរនោះ បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការចែកចាយគ្រឿងញៀនបានបន្ដកើតមានច្រើននៅម្ដុំវត្ត «ដំបូកខ្ពស់» ដែលស្ថិតក្នុងសង្កាត់បឹងទំពន់ទី២នេះ ដោយថា អាជ្ញាធរ គ្មានវិធានការបង្ក្រាបនោះឡើយ។
ស្រ្តីសម្បុរខ្មៅស្រអែមរូបនេះ សង្ស័យថា ការប្រើប្រាស់គ្រឿងញៀននៅតំបន់នេះ អាចជាដើមហេតុបណ្ដាលឲ្យកើតមានអំពើអសន្តិសុខ ដូចជា បញ្ហាក្មេងទំនើង គាស់ផ្ទះ និងលួចនៅពេលយប់។
អ្នកស្រីថា៖ «មកឃើញលក់នៅមុខអញ្ចឹង ហុចតែលុយ ៤ ទៅ ១០ដុល្លារ ឲ្យវាយកហើយ មិនមែនកូនអញអ្នកជក់ផង វាអត់ខ្វល់ទេ។ ខ្ញុំនៅនេះយូរហើយ ចង់ ២០ឆ្នាំ។ កូនអ្នកនៅម្ដុំនេះ ទាញមិនទាន់ ដឹងតែទៅហើយ។ ពួកអាប្រើប្រាស់ថ្នាំ វាអត់ដេកទេយប់ វារកស៊ីយប់ ថ្ងៃបានវាដេក ប្រើថ្នាំហ្នឹង យប់អត់ងុយដេកទេ ម៉ោង ៣ ទៅ ៤ វាដេកហ្នឹង គឺគាស់ផ្ទះរួចហើយ»។
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ លោក ឃុន ឡេង អះអាងថា ពីមុន នៅតំបន់នេះធ្លាប់មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមែន ប៉ុន្ដែ លោកថា ចាប់តាំងពីលោកចូលកាន់តំណែងនៅទីនេះមក លោកថា បញ្ហាគ្រឿងញៀន និងសកម្មភាពលួច លែងមានទៀតហើយ។
លោក ឃុន ឡេង ក៏បានច្រានចោលការលើកឡើងថា សមត្ថកិច្ចមានជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរវគ្រឿងញៀននៅតំបន់បឹងទំពុន ដោយលោកថា ក្រុមការងាររបស់លោកបានខិតខំធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកបន្ដថា៖ «តាំងពីខ្ញុំមិនទាន់កាន់ប៉ុស្តិ៍ វាមានមែន ប៉ុន្តែ តាំងពីខ្ញុំកាន់មក វាអស់ហើយ។ វាមិនមែន ១០០ភាគរយទេ វា ៩៩ ភាគរយខ្ញុំបង្ក្រាបតែរហូតហ្នឹង។ បើមិនជឿ មកសួរប្រជាជន និងប្រធានភូមិតាមភូមិទៅ។ ឥឡូវនៅភូមិណា ខ្ញុំអត់ចង់និយាយច្រើនទេ ហើយបើសួរចៅសង្កាត់ ប្រជាជនដែលលើកមក ខ្ញុំចុះបង្ក្រាបរហូតហ្នឹង ទៅសួរចៅសង្កាត់បានដឹង»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរមិនអាចទប់ស្កាត់បញ្ហាគ្រឿងញៀន ឬបទល្មើសផ្សេងៗនៅតាមសង្កាត់ ឬឃុំរបស់ខ្លួននោះ លោកថា វានឹងឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងបង្កជាបញ្ហាអសន្តិសុខនៅក្នុងសង្គមទៀតផង។
លោក សន ជ័យ ក៏រិះគន់ពីកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរមានថា មិនមានប្រសិទ្ធិភាព ដោយថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅតែបន្ដកើនឡើង។
លោកថា៖ «គ្រាន់តែចាប់អ្នកញៀន ប៉ុន្តែ មធ្យោបាយទប់ស្កាត់ពួកក្រុមចែកចាយ ដូចជាមិនទាន់មានប្រសិទ្ធភាពទេ។ អាជ្ញាធរនៅតែដើរក្រោយជំនាញពួកឧក្រិដ្ឋជនពួកចែកចាយនៅឡើយទេ។ យើងតែងតែលឺជាញឹកញាប់ ប៉ុន្តែ ចូលចាំថា ករណីខ្លះ ការបណ្ដែតបណ្ដោយ ការប្រងើយកន្តើយ ក៏អាចជាការផ្ដល់ឱកាស ការបើកឱកាសឲ្យចែកចាយគ្រឿងញៀន»។
កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលបានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយថា ដើម្បីបង្ក្រាប និងលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា។ ក្រោយប្រកាសយុទ្ធការនេះ នៅឆ្នាំ២០១៧ អាជ្ញាធរបានចាប់ខ្លួនមនុស្ស ១៥ ៧៩៦នាក់ ដោយចំនួននេះ បានកើនឡើង ៩,៤៣ភាគរយ ធៀបនឹងឆ្នាំ២០១៦។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ មានប្រសាសន៍ថា អាជ្ញាធរបានបង្កើតគណៈកម្មាការត្រួតពិនិត្យ និងតាមដានចំពោះការអនុវត្តច្បាប់របស់មន្ត្រីនគរបាលនៅតាមសង្កាត់នីមួយៗ។
លោកអះអាងថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរកឃើញមន្ត្រីនគរបាលមួយចំនួនបានឃុបឃិតគ្នាជាមួយជនល្មើសប្រើប្រាស់គ្រឿងញៀន ប៉ុន្ដែ លោកថា ប្រសិនបើពួកគេមិនធ្វើកែខ្លួននោះ ពួកគេនឹងត្រូវបណ្ដេញចេញពីអង្គភាព ឬផ្ដន្ទាទោសធ្ងន់ធ្ងរតាមផ្លូវច្បាប់។
លោកថា៖ «បើកការស៊ើបអង្កេតតាមសារព័ត៌មានថា តើមន្ត្រីទាំងអស់ហ្នឹង គាត់មានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើស ឬជាខ្នងបង្អែកនៃក្រុមជួញដូរគ្រឿងញៀន ដើម្បីទទួលបានផលប្រយោជន៍ដោយផ្ទាល់ ឬប្រយោល។ យើងហាមឃាត់ ហើយអ្នកប្រព្រឹត្តបទល្មើស គឺទោសទ្វេដង ខុសពីជនសាមញ្ញដែលគេប្រព្រឹត្តបទល្មើសទោសធម្មតា អាចស្រ័យទៅលើច្បាប់ដែលបានបញ្ញាត។ ដោយឡែក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកាលណារកឃើញបទល្មើស គឺទោសគាត់ស្ថិតនៅក្នុងស្ថានទម្ងន់នៃការផ្ដន្ទាទោស»។
បើតាមរបាយការណ៍អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ឲ្យដឹងថា រយៈពេល៩ ខែ ឆ្នាំ២០១៨ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៥ ៤៧៨ករណី ក្នុងនោះបទល្មើសជួញដូរគ្រឿងញៀនមានដល់ទៅ ៣ ៥៥០ករណី។
របាយការណ៍បញ្ជាក់ថា ការចុះបង្រ្កាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនល្មើសបានចំនួន ១០ ៩៦២នាក់ ក្នុងនោះស្រី ៩១៦នាក់ និងជនបរទេស ២១៥នាក់៕









