បទយកការណ៍៖  អ្នកភូមិជាង១០០គ្រួសារ​​​នៅក្រោម​ទំនប់វារីអគ្គិសនីសេសាន ថាមិនចេញពី​ភូមិ​​ព្រោះតែចង់រក្សា​ដី​ដូនតា​

ផ្ទះប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ពីការសាងសងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានទីតាំងស្ថិតនៅឃុំក្បាលរមាស និង ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក Social Breaking News-SBN

គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង បានធ្វើឲ្យអ្នកភូមិ​ជនជាតិដើមភាគតិច និងជនជាតិភាគតិចរស់នៅក្រោម​ទំនប់នេះរាប់រយគ្រួសារផ្លាស់​ប្តូរទី​លំនៅចេញ​ពីភូមិកំណើតរបស់ខ្លួន​។ រដ្ឋាភិបាល និងភាគី​ក្រុមហ៊ុន​ បាន​ផ្ដល់​ជាសំណងមួយចំនួន​ដល់​ក្រុម​អ្នកភូមិទាំងនោះ​ជាថ្នូរនឹង​ការ​ចាក​ចេញ​។

អ្នកភូមិ​ខ្លះ​ទទួលសំណង​ ហើយ​យល់​ព្រម​ចាក​ចេញ​ពីទីកន្លែងកំណើតរបស់​ខ្លួន។ តែសម្រាប់​អ្នក​ភូមិ​ជាង១០០គ្រួសារនៅភូមិក្បាលរមាស និងភូមិ​ស្រែគរ នៅតែ​បន្តរស់​លើទីទួលសុវត្ថិភាពក្នុងភូមិរបស់ខ្លួនដដែល​។ ក្រុម​អ្នកភូមិទាំងនោះ​អះអាង​ស្រដៀងគ្នាថា​  ពូកគាត់​មិនព្រមទទួលយកសំណងដែលរៀបចំដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល ដោយសារ​តែពួកគាត់​​ចង់​ថែរក្សា​នូវអ្វី​ដែលជា​កេរ្តិ៍ដំណែលបន្សល់​ទុក​ពី​​ដូនតារបស់​ខ្លួន​​។

ស្ថានភាពនៅតំបន់ដែលរងផលប៉ះពាល់ពីការសាងសងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានទីតាំងស្ថិតនៅឃុំក្បាលរមាស និង ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ Social Breaking News-SBN

អ្នកស្រី ស្រាំង ឡាញ់ ដែលអះអាងថា ជាតំណាងជនដើមភាគតិចពូនង រស់នៅភូមិក្បាលរមាសបានរៀបរាប់ប្រាប់ វី.អូ.ឌី ពេលចុះសម្ភាសន៍ដល់ភូមិផ្ទាល់ថា អ្នកភូមិមួយចំនួន​មិនព្រមចាកចេញដោយសារពួកគាត់បានស្នាក់អាស្រ័យ និងរស់នៅតំបន់នោះតាំងពីដូនតាមកម្លេះ ហើយម្យ៉ាងទៀតមិនចង់ទៅឆ្ងាយពីដួ​ងព្រលឹងដូនតា និងកន្លែងគោរពបូជាផ្សេងៗរបស់ពួកគាត់។

អ្នកស្រីបន្ថែមថា៖ «ពួកយើងមិនព្រមចាកចេញដោយសារពួកយើងសោកស្តាយ គឺទឹកដីនេះ មិនមែនតិចជំនាន់នោះទេ ដែលជីដូនជីតាយើង បាននាំមករស់នៅតាំងពីជំនន់របបសម្តេចសីហនុម្លេះ។ ជីតាខ្ញុំបានថ្វាយភ្លុកដំរី១គូរ ស្នែងក្របីព្រៃមួយក្បាលឲ្យទៅសម្តេចសីហនុ ហើយសម្តេចសីហនុសម្រេចឲ្យបង្កើតភូមិដោយដាក់ឈ្មោះថា ភូមិក្បាលរមាស។ អញ្ចឹងខ្ញុំសុំផ្តាំថា ពួកខ្ញុំដាច់ខាត ទោះគេឲ្យរាប់ម៉ឺនដុល្លារ ក៏ពួកខ្ញុំមិនព្រមចាកចេញទៅនៅឆ្ងាយដែរ»

អ្នកស្រី ស្រាំង ឡាញ់ និយាយបន្តថា ចាប់តាំងពីក្រុមហ៊ុនទំបន់វារីអគ្គិសនីសេសានក្រោម២បិទទ្វាទឹក គឺមានរយៈពេលជាង១ឆ្នាំហើយ ដោយបានជាន់លិចភូមិឋានរបស់ពួកគាត់មិនអាចរស់នៅ និងបង្កបង្កើតផលបានដូចមុនទៀតឡើយ។ តំណាងសហគមន៍រូបនេះបន្តថា ក្រោមគម្រោងអភិវឌ្ឍន៍ទំបន់វារីអគ្គិសនីសេសានក្រោម២បានធ្វើឲ្យជនជាតិដើមភាគតិចពូនងបាត់បង់លំនៅឋាន  អត្តសញ្ញាណ វប្បធម៌ប្រពៃណី និងព្រៃឈើសហគមន៍​។ ហើយបច្ចុប្បន្នអ្នកភូមិសម្រេចចិត្តទៅរស់នៅទីទួលសុវត្ថិភាពជិតៗភូមិចាស់។ ជនជាតិពូនងរូបនេះ និយាយថា ពេលគាត់ចេញទៅមើលភូមិចាស់ម្តងៗ គឺអ្នកស្រីមានការឈឺចាប់ និងស្តាយស្រណោះខ្លាំងណាស់។

អ្នកបន្ថែមថា៖ «តាំងពីមីងរើឥវ៉ានចេញមក មីងឈឺចាប់ យំហូរទឹកភ្នែកឆ្អែតអស់ហើយ។ តាមពិតទៅការរត់មកនៅទីទួ​លសុវត្ថិ​ភាពនេះពួកយើងមិនពេញចិត្តទេ។ កាលនៅភូមិចាស់យើងមានស្រែ មានទន្លេសម្រាប់រកស៊ី មានផ្លូវដើរ មានផ្ទះ មានម្លប់ដើមដូងដើមស្វាយឥលូវខូចខាតគ្មានសស់។មីងសោកស្តាយ មីងឈឺចាប់ណាស់មិនដឹងធ្វើម៉េច? មីងតវ៉ាអស់ចិត្តហើយ ឥលូវមីងស៊ូទ្រាំរស់នៅតាមដំណើររបស់ពួកមីង»

សមា​ជិកសហគមជនជាតិដើមភាគតិចពូនងម្នាក់ទៀតលោក គឹម ធឿង និយាយថា គម្រោងទំបន់វារីអគ្គិសនីនេះបានធ្វើសហគមន៍ជនជាតិភាគតិច និងជនជាតិភាគតិច បាត់បង់ហេដ្ឋារចនាស័ម្ពន្ធ ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវធ្វើដំណើរ និងពុំមានសេវាសាធារណៈជាដើម។

លោកបន្ថែមថា៖ «មិនមែនត្រឹមតែប៉ុណ្ណឹងទេ មកដល់សព្វថ្ងៃនេះពួកយើងមានទុក្ខលំបាក មានជំងឺឈឺថ្កាត់ដោយគ្មានពេទ្យមកព្យាបាលគ្មានផ្លូវល្អសម្រាប់ធ្វើដំណើរ គោក្របីលង់ទឹកស្លាប់។ ហើយចំណុចសំខាន់បំផុតនោះគឺកុមារពេញដែលត្រូវសិក្សាហ្នឹងគឺ បានបាត់បង់ការសិក្សា»

វ័យ១២ឆ្នាំ កុមារា សុខា តុលា ដែលអះអាងថា រៀនបានត្រឹមថ្នាក់ទី២នោះ បានឈប់រៀនរយៈពេលជាង៣ឆ្នាំហើយ ចាប់តាំងពីរដ្ឋាភិបាលសម្រេចសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។ កុមាររូបនេះបន្តថា រូបគេ និងកុមារផ្សេងទៀតចង់បន្តការសិក្សារៀនសូត្រដូចកាលពីមុនទៀត ប៉ុន្តែនៅក្នុងសហគមន៍ពួកគេគ្មានសាលារៀន និងគ្មានគ្រូបង្រៀននោះទេ។

កុមារា សុខា តុលា បន្ថែមថា៖ «ពេលគេបិទទំនប់លិចភូមិអស់ សាលារៀនក៏លិច ផ្លូវក៏លិច អត់បានរៀនទៀតទេ»

បើតាមសមាជិកសហគមន៍ជនជាតិដើមភាគតិចពូនងលោក គឹម ធឿង ឲ្យដឹងថា នៅសហគមន៍ជនជាតិដើមភាគតិចពូនងមានកុមារជាង៤០នាក់ដែលមានអាយុគ្រប់ចូលរៀន ហើយថា បញ្ហាប្រឈមខ្លាំងបំផុតដែលសហគមន៍កំពុងជួបពេលបច្ចុប្បន្ននេះ គឺខ្វះទឹកស្អាតប្រើប្រាស់ និងពលរដ្ឋកើតជំងឺផ្សេងៗ។

ស្ថានភាពនៅតំបន់ដែលរងផលប៉ះពាល់ពីការសាងសងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានទីតាំងស្ថិតនៅឃុំក្បាលរមាស និង ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក Social Breaking News-SBN

មិនខុសគ្នានឹងភូមិក្បាលរមាសនេះទេ អ្នកភូមិស្រែគរ ក៏រងផលប៉ះពាល់ពីទំបន់វារីអគ្គីសនីសេសានក្រោម២នេះដែរ។​

រៀបរាប់ពីទុកសោកបណ្តើរ ជូនក្រុមយុវជនទៅមើលភូមិចាស់ដែល​លិចទឹកបណ្តើរ ជនជាតិភាគតិច​ខ្មែរឡាវរស់នៅភូមិស្រែគរ អ្នកស្រី ណាត់ សុតា ប្រាប់ វី.អូ.ឌី ថា អ្នកភូមិ៧០គ្រួសារមិនព្រមទទួលយកសំណងដែលរៀបចំដោយរដ្ឋាភិបាល និងក្រុមហ៊ុនដោសារសំណងនោះតិចតួចពេក និងទីតាំងថ្មីនោះនៅឆ្ងាយពីភូមិចាស់របស់ពួកគាត់។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំមិនព្រមចាកចេញទៅកន្លែងថ្មីដោយសារវានៅឆ្ងាយ​ពីទន្លេ។ ពួកខ្ញុំនៅមាត់ទន្លេវាស្រួលរកស៊ីទី១ ទី២មិនចង់ ចាកចេញឆ្ងាយផ្នូរឪពុកម្តាយ និងដូនតាពួកខ្ញុំដែលលិចលង់នៅទីនេះ»

បើតាម លោក គឹម ធឿង សមាជិកសហគមន៍ជនជាតិដើមភាគតិចពូនងឲ្យដឹងថា ពលរដ្ឋទាំងពីរភូមិដែលមិនព្រមចាកចេញនេះតែងតែរងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញពីអាជ្ញាធរគ្រប់គ្នា ហើយចោទប្រកាន់ពួកគាត់ថា ជាពួកប្រឆាំងជាដើម​។

លោកបន្ថែមថា៖ «គេបានគំរាមកំហែងចង់ឲ្យយើងចេញ ក្នុងរូបភាពគេយកប៉ូលីស យកប្រជាការពារ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្តដើម្បីចរចាឲ្យយើងចេញ។ […] ដូច្នេះពួកខ្ញុំមានការភ័យខ្លាចខ្លះ មានការតស៊ូមតិខ្លះ ដោយសារចង់នៅភូមិចាស់នេះត្រូវតស៊ូយកដីយើងឲ្យបាន»

លោក គឹម ធឿង និយាយថា កន្លងមកអ្នកភូមិបានស្នើ៦ចំណុចទៅអាជ្ញាធរពាក់ព័ន្ធ​ឲ្យជួយដោះស្រាយ ដោយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងទីទួលសុវត្ថិភាពដែលពួកគាត់កំពុងរស់នៅបច្ចុប្បន្ននេះ ប៉ុន្តែជាច្រើនខែហើយអាជ្ញាធរទាំងនោះ មិនធ្វើឲ្យនោះទេ បានត្រឹមសន្យាប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ទី១ ផ្លូវថ្នល់ ទី២ ស្រះទឹក ទី៣ សាលារៀន ទី៤ មន្ទីរពេទ្យ ទី៥ គ្រូបឋម ទី៦ សុំចុះបញ្ជីដីធ្លីពួកគាត់ជាសមូហភាពរួមទាំងពន្លឿនចុះបញ្ជីសហគមន៍ព្រៃជនជាតិដើមភាគតិច ទាំងអស់នេះហើយដែលពួកបានស្នើសុំប៉ុន្តែរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីបានត្រឹមសន្យា»

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ មានប្រសាសន៍ថា អាជ្ញាធរមិនបានរើសអើង និងទុកពលរដ្ឋទាំងនោះចោលឡើយ ហើយក៏មិនបានបង្ខំឲ្យពួកគេទទួលយកសំណងតាមអាជ្ញាធរដែរ។ លោកបន្តថា សំណើទាំង៦ចំណុចដែលក្រុមអ្នកភូមិក្បាលរមាស ស្នើសុំនោះ គឺអាជ្ញាធរបានឯកភាពចំណុចខ្លះ ហើយចំណុចខ្លះទៀតកំពុងដោះស្រាយ។​

លោកមានប្រសាសន៍​ថា៖ «ឥលូវនេះ សម្រាប់គម្រោងភូមិក្បាលរមាសចាស់នេះ គឺយើងនឹងអនុវត្តសប្តាហ៍នេះជាបណ្តើរៗទី១ គឺផ្លូវចូលទៅ ក្នុងសហគមន៍របស់គាត់ ហើយយើងនឹងយកគ្រឿងចក្រទៅសម្រាប់ធ្វើជាសាលារៀន ប៉ុស្ដិ៍សុខភាពនៅទីតាំងហ្នឹង បន្តការងារចុះបញ្ជីជនជាតិដើមភាគតិចពូនងនៅភូមិក្បាលរមាស។ បន្ទាប់ពីយើងរៀបចំការងារហ្នឹងបានបណ្តើរៗហើយ លោកអភិបាលខេត្ត លោកនឹងដឹកនាំក្រុមការងារយកសម្ភារ ឬថវិកាទៅគាំទ្រពួកគាត់ ដើម្បីរៀបចំលំនៅឋានថ្មីហ្នឹង ដូចជារៀបចំវត្តអារាម និងរៀបចំទីតាំងមួយចំនួន ដែលស្របតាមប្រពៃណីទំនៀមទំលាប់ជនជាតិដើមភាគតិច និងរៀបចំប្រព័ន្ធប្រើប្រាស់ទឹកស្អាតជាដើម»

ដោយឡែកបញ្ហាជនជាតិភាគតិចនៅភូមិស្រែគរវិញ អ្នកនាំពាក្យរូបនេះថា កំពុងពិភាក្សានិងចរចារជាមួយក្រុម​អ្នកភូមិ ដោយសារការទាមទាររបស់​ពួកគាត់ច្រើនលើសលុបពេក។

និយាយយ៉ាងដូច្នេះ៖ «នៅភូមិស្រែគរនេះយើងនឹងបន្តទៅធ្វើការជាមួយពួកគាត់ទៀត ដោយសារចំណុចដែលគាត់ស្នើសុំហ្នឹង ប្រហែលជាយើងមិនមានលទ្ធភាពក្នុងការដោះស្រាយទេ។ ទំហំនៃការស្នើសុំរបស់ពួកគាត់ហ្នឹងវាធំធេងពេក បានន័យថា ក្រុមគ្រួសារខ្លះហ្នឹងគាត់ស្នើសុំដល់ទំហំថវិកាជាសំណងហ្នឹងលើសលុបមែនទែន ដែលវាពុំមានមូលដ្ឋានក្នុងគណនេយ្យ។ អញ្ចឹងហើយយើងនឹងពិភាក្សាជាមួយគាត់ បង្ហាញមូលហេតុទាំងអស់[…]ហើយយើងធ្វើការដោះស្រាយស្រដៀងទៅហ្នឹងភូមិក្បាលរមាសដែរ»

អ្នកនាំពាក្យសមាគម​អាដហុកលោក ស៊ឹង សែនករុណា មើលឃើញថា រាល់ការ​វិនិយោគធំៗនៅកម្ពុជាភាគច្រើនតែងតែអនុវត្តគម្រោងរបស់ខ្លួនមុនដោះស្រាយសំណងជូនពលរដ្ឋ ដែលបណ្តាលឲ្យពលរដ្ឋជួបបញ្ហាទុក្ខលំបាក។ លោកបន្តថា តាមគោលការណ៍ច្បាប់ និងគោលការណ៍សិទ្ធិមនុស្សរាល់ការអភិវឌ្ឍ គឺត្រូវធ្វើការសិក្សាស្រាវជ្រាវពីផលប៉ះពាល់សង្គមនិងបរិស្ថានជាមុន ដើម្បីជៀសវៀងផលប៉ះពាល់ធ្ងន់ធ្ងរ។

លោកបន្ថែមថា៖ «បើយើងលើកឡើងពីគោលការណ៍ធុរៈកិច្ច និងសិទ្ធិមនុស្ស គឺវាបានរំលោភលើសិទ្ធិពលរដ្ឋហើយ ព្រោះគោលការណ៍នេះគេតម្រូវឲ្យវិនិយោគគិនហ្នឹង គិតទៅលើប្រជាពលរដ្ឋ គិតលើសង្គម បរិស្ថានក្នុងតំបន់ហ្នឹង។ បើកាលណាយើងអភិវឌ្ឍ មានផលប៉ះពាល់ដល់សង្គម ដល់បរិស្ថាន ការអភិវឌ្ឍហ្នឹងត្រូវតែបញ្ឈប់។ ប្រសិនជាមើលឃើញថា វាជាលក្ខណៈប៉ះពាល់ធ្ងន់ធ្ងរ ហើយប្រសិនបើការប៉ះពាល់ហ្នឹងមិនដោះស្រាយឲ្យប្រជាពលរដ្ឋទទួលយកបាន ហើយផ្លាស់ទីដោយបង្ខំ គឺរំលោភលើគោលការណ៍សិទ្ធិមនុស្សហើយ»

​គម្រោងសាងសង់ទំនប់​វារីអគ្គិសនី​សេសានក្រោម២បានចំណាយទឹកប្រាក់ជិត​ ៨០០លានដុល្លារ ដែលបង្កើតឡើងដោយក្រុម ហ៊ុនក្នុងស្រុក​ គឺមានក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប មាន​ភាគហ៊ុន ៣៩​ភាគរយ ​ក្រុមហ៊ុន China Hydrolancang International Energy របស់​ប្រទេស​ចិនមានភាគហ៊ុន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាមអន្តរជាតិ (EVN) មាន​ភាគហ៊ុន ១០ភាគរយ។ តាមការចុះផ្សាយលើទំព័រហ្វេសប៊ុក​របស់​ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ពិធីសម្ពោធវារីអគ្គិសនីសេសានក្រោម២​ ដែលមាន​អានុភាព៤០០មេហ្គាវ៉ាត់ នឹងប្រារព្ធឡេីងមុនដំណាច់ឆ្នាំនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ