ខ្មែរក្រោមអំពាវនាវឲ្យអ្នករៀបចំជួយផ្សព្វផ្សាយទូកពួកគាត់ឲ្យបានទូលំទូលាយ

ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ចូលរួមប្រកួតប្រណាំងទូក នៅ​ថ្ងៃទី ១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក The Indigenous Khmer-Krom Peoples in Kampuchea-Krom

ខ្មែរកម្ពុជាក្រោមអំពាវនាវទៅគណៈកម្មការរៀបចំបុណ្យអុំទូកជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវទូកខ្មែរក្រោមដែលបានចូលរួមប្រកួតក្នុងឆ្នាំនេះ ដោយពួកគាត់ចង់ឲ្យមានការយល់ដឹងច្រើនពីប្រពៃណី និងទំនៀមទម្លាប់ ការរស់នៅរបស់ខ្មែរកម្ពុជាក្រោម។​

ប្រធានគណៈកម្មការទូកខ្មែរក្រោម លោក ប៊ុន មុនី ប្រាប់វីអូឌីថា ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ បើទោះជាទូកខ្មែរក្រោមឈ្នះ ឬចាញ់គឺមិនត្រូវបានពិធីករ ឬអ្នកធ្វើអត្ថាធិប្បាយមិនបានផ្សព្វផ្សាយច្រើនដូចទូកផ្សេងៗនោះទេ។

លោកបន្ថែមថា៖ «ឲ្យតែឃើញទូក ង ខ្មែរកម្ពុជាក្រោមមានជ័យបានចូលរួមប្រកួតទោះចាញ់ក្តីឈ្នះក្តី ពិធីករហ្នឹងគាត់មិនសូវជាអត្ថាធិប្បាយរ៉ាយរ៉ាប់ទេអំពីទូក ង ខ្មែរកម្ពុជាក្រោមទេ។ ឧទាហរហ៍ ដូចកាលពីម្សិលខ្ញុំមិនចោទប្រកាន់ថា ជាចេតនារបស់ពិធីករឬអ្នកអត្ថាធិប្បាយទេ ប៉ុន្តែជាញយៗ គឺពួកគាត់តែងតែអនុវត្តបែបផែនហ្នឹង។ អញ្ចឹង ជាការសោកស្តាយដែរ ដែលយើងខ្ញុំជាខ្មែរកម្ពុជាក្រោម ខណៈទូកផ្សេងៗហាក់ដូចជាមានការផ្សព្វផ្សាយល្អ»

ការប្រកួតទូកនៅថ្ងៃទី១ម្សិលមិញនេះគឺទូក ង ខ្មែរក្រោមមានជ័យ បានឈ្នះការប្រកួតចំនួនពីរលើក ប៉ុន្តែត្រូវបានខ្មែរក្រោមមើលឃើញថា ពិធីករ ឬ អ្នកអត្ថាធិប្បាយការប្រណាំងទូកនោះ ហាក់មិនបានផ្សព្វផ្សាយឬធ្វើអត្ថាធិប្បាយច្រើនឡើយ ដោយថា អ្នកអត្ថាធិប្បាយយកពេលវេលានោះទៅផ្សព្វផ្សាយរឿងផ្សេងទៅវិញ។

លោក ប៊ុន មុនី បញ្ជាក់ថា គោលបំណងដែលខ្មែរកម្ពុជាក្រោយ យកទូកមកចូលរួមប្រកួតក្នុងពិធីបុណ្យជាតិមួយនេះ គឺដើម្បីផ្សាព្វផ្សាយ ឬបង្ហាញពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនខ្មែរកម្ពុជាក្រោម។

លោកបន្ថែមថា៖ «អញ្ចឹង ប្រសិនបើមានពេល មានវេលា មានឱកាសខ្ញុំក៏សូមស្នើទៅដល់អ្នកអត្ថាធិប្បាយឬក៏ពិធីករក្នុងទូរទស្សន៍ សូមមេត្តាជួយធ្វើការផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយម៉េច! មិនឲ្យលើសគេទេ ធ្វើម៉េចឲ្យដូចគេដូចឯងអញ្ចឹងទៅ»

ប្រធានគណៈកម្មការបុណ្យអុំទូក លោក ប៊ូ ជុំសេរី មិនបានឆ្លើយតបករណីនេះទេ ដោយប្រាប់ថា ជាប់រវល់។​

បើតាមគណៈកម្មការទូកខ្មែរក្រោមគឺ ទូកឈ្មោះខ្មែរក្រោមមានជ័យចំណុះកីឡាករអុំចំនួន២៤នាក់។ ទូកនេះ បានចូលរួមប្រកួតប្រជែងរយៈពេល១៦ឆ្នាំមកហើយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ