បទយកការណ៍៖ កីឡាករទូក«ង»​ខ្មែរ​ក្រោម ចូលប្រកួត​ដើម្បីកិត្តិយស និងបង្ហាញពីសាមគ្គីភាពរបស់​ពួកគាត់​​

ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» សម្រាប់ចូលរួមប្រកួតប្រណាំងទូក នៅភ្នំពេញ ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​ ឆ្នាំ២០១៨ ។ រូបភាព៖ ហ្វេសប៊ុក The Indigenous Khmer-Krom Peoples in Kampuchea-Krom

នៅពេល​ដែល​យើងធ្វើដំណើរ​​ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​ដល់​ទីក្រុង​កោះ​ពេជ្រតា​ម​បណ្ដោយទន្លេ នោះយើងឃើញប្រជាពលរដ្ឋ​ជាច្រើនពាន់​នាក់ធ្វើដំណើរ​ និង​​អង្គុយត្រៀបត្រា​ដើម្បី​មើលការប្រណាាំងទូក។ ចំណែក​ឯ ក្រុមកីឡាករអុំទូកដែល​នៅ​លើ​ផ្ទៃទន្លឯណោះវិញ បាន​នាំគ្នា​ស្រែក​ហ៊ោកញ្រ្ជៀវ​យ៉ាង​ក្លៀវក្លា​។

​តាម​របាយការណ៍របស់​គណកម្មការធិការ​រៀបចំបុណ្យ​ជាតិ​និង​អន្តរជាតិ ទូក«ង»​ជិត​៣០០​ទូក ​​ចូល​រួម​ប្រកួតក្នុងព្រះ​រាជពិធីបុណ្យអុំទូក​​ក្នុង​ឆ្នាំ​នេះ។ ទូកទាំងនោះ​​ភាគ​ច្រើន​ជា​ទូក​តំណាង​ខេត្ត​នានា​របស់​កម្ពុជា​ ​ តែអ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍គឺមាន​ទូក​របស់​ខ្មែរ​កម្ពុជាក្រោម​ ក៏ចូលរួម​ប្រកូតដែរ​។ ​​​ទូកនោះ​មាន​​ឈ្មោះ​ថា «​ខ្មែរ​ក្រោម​មាន​ជ័យ​» ដែល​ជា​ទូក​តែ​មួយ​គត់​របស់​ខ្មែរ​កម្ពុជា​ក្រោម​​ចូលរួម​ប្រកួត​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក​នា​ឆ្នាំ​នេះដែរ។

ខុស​ពី​ទូក​គេ​ដទៃ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​អ្នក​រកស៊ី​គ្រាក់ៗ​នោះ ទូក«ង»​​ «ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ»​ ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​កម្លាំង​ញើស​ឈាម​ និង​លុយ​ពី​ខ្មែរ​កម្ពុជា​ក្រោម​សុទ្ធសាធ​​ដើម្បី​បាន​ចូលរួម​ក្នុង​ពិធី​ដ៏​អធិកអធម​នេះ។

ក្នុង​រោង​ដែល​រៀប​ចំ​ដោយ​សាលា​រាជធានី​នៅ​ក្នុង​ធ្លា​របស់​ក្រុមហ៊ុន OCIC ក្បែរ​ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ខាង​កើត​ ប្រធាន​គណៈកម្មការ​ទូក​ខ្មែរ​ក្រោម​មួយ​នេះ ​លោក ប៊ុន មុនី បាន​លើក​ឡើង​ប្រាប់​VOD ថា​ទូក​ខ្មែរ​ក្រោម​មាន​ជ័យ​ជា​ទូក​របស់​វត្ត​សាមគ្គី​រង្សី ​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ចំណុះ​២៤​នាក់​ ហើយ​ចំណុះ​ទូក និង​អ្នក​រៀប​ចំ​គឺ​សុទ្ធ​តែ​ជា​ខ្មែរ​កម្ពុជា​ក្រោម​សុទ្ធសាធ។

លោក​ថា៖ « នៅ​កម្ពុជា​ក្រោម​យើង​សព្វថ្ងៃ​គឺ​មាន​ជាង​៦០​ទូក​ដែល​កំពុង​តែ​ចូល​រួម​ប្រកួត​ដូច​នៅ​កម្ពុជា​ដែរ ក្នុង​ខេត្ត​ឃ្លាំង​គឺ​កំពុង​តែ​រៀប​ចំ​ពិធី​ដូច​គ្នា​នៅ​កម្ពុជា​ដែរ​ តែ​សម្រាប់​អុំ​ក្នុង​ខេត្ត​ឃ្លាំង​តែ​ប៉ុណ្ណោះ។ តែ​ដែល​ទូក​ខ្មែរ​ក្រោម​ដែល​ចូល​រួម​ប្រកួត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មាន​តែ​មួយ​គឺ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ​ហ្នឹង​ឯង​ » ។

លោក​ ប៊ុន មុនី បន្ថែម​ថា​រាល់​ការ​ចំណាយ​រ៉ាប់​រង​ទាំង​អស់​គឺ​ជា​បន្ទុក​របស់​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ទទួល​ជំនួយ​មក​ពី​ខ្មែរ​ក្រោម​ទាំង​អស់​ទូ​ទាំង​ពិភព​លោក​ដើម្បី​ជំរុញ​ឲ្យ​ទូក​នេះ​បាន​ចូលរួម​ប្រកួត​។

​លោក​ មុនី បញ្ជាក់​ថា​ការ​ចូលរួម​ពិធី​នេះ​របស់​ខ្មែរ​ក្រោម​គឺ​ពួក​គេ​ទាំង​អស់​ចង់​បញ្ជាក់​ថា​ខ្លួន​ក៏​ជា​ខ្មែរ មាន​ឈាម​ជា​ខ្មែរ និង​នៅ​តែ​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​រហូត។

លោក​ថា៖ « ទោះ​បី​ជា​បច្ចុប្បន្ន​វា​ស្ថិត​ក្នុង​ភាព​ត្រដាបត្រដួស​ផ្នែក​ជីវភាព​ក៏​ដោយ​ ត្រដាបត្រដួស​ខាង​ការ​ប្រមូល​ផ្ដុំ​គ្នា​ក៏​ដោយ ទោះ​ជា​ស្អី​ក៏​ដោយ​ក៏​ពួក​ខ្ញុំ​បបួល​គ្នា​ថែរក្សា​ ប្រពៃណី វប្បធម៌ ឲ្យ​ស្ថិតស្ថេរ​ជា​អមត​​  » ។​

​ពុំ​មាន​ការ​ហ្វឹក​ហាត់​អ្វី​សម​រម្យ​ដូច​គេ​នោះ​ទេ គឺ​មាន​តែ​កម្លាំង​ចិត្ត​នឹង​ភាព​សាមគ្គី​គ្នា​ក្នុង​ក្រុម​កីឡាករ​ខ្មែរ​ក្រោម​នេះ​ កីឡាករ​ភាគច្រើន​មក​ពី​ទល់​ដែន​កម្ពុជា​ វៀតណាម​ក្នុង​ខេត្ត​តាកែវ​ដែល​ជា​កសិករ ឆ្លៀត​មក​ភ្នំពេញ​ដើម្បី​ចូលរួម​ប្រកួត​នេះ។

កីឡាករ​ខ្មែរ​ក្រោម​ម្នាក់​ដែល​រស់​នៅ​ក្នុង​ស្រុក​បុរី​ជលសារ​ ខេត្ត​តាកែវ​ឈ្មោះ គន់ អឿន បាន​ប្រាប់​VOD ថា​មូលហេតុ​ដែល​លោក​សុខចិត្ត​ចោល​ការងារ​ស្រែចម្ការ​របស់​ខ្លួន​មក​ចូលរួម​អុំ​ទូក​នេះ​ព្រោះ​លោក​មាន​មោទនភាព​ជា​ខ្មែរ នឹង​ចង់​ឲ្យ​ខ្មែរ​ក្រោម​ត្រូវ​បាន​គេ​ទទួល​ស្គាល់។

លោក​ថា៖ « ចង់​បាន​កិត្តិយស​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ទើប​ខ្ញុំ​ស្ម័គ្រចិត្ត​មក​ហ្នឹង​ » ។

បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក​ប្រព្រឹត្តិ​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ វិច្ឆិកា​នេះ។

ខណៈ​ពេល​ដែល​កីឡាករ និង​គណៈកម្មការ​រវល់​កិច្ចការ​ពួកគេ​រៀង​ខ្លួន​ នៅ​​រោង​ខាង​ក្រោយ​ឯ​ណេះ​វិញ​មាន​ស្ត្រី និង​បុរស​​ប្រមាណ​ជិត​១០​នាក់​កំពុង​រវល់​ហាន់​សាច់ ចិត​បន្លែ ឆា​ចៀន​ស្ងោរ​​យ៉ាង​ញាប់​ដៃ​ផង​ដែរ​។ ស្ត្រី​ម្នាក់​​ដែល​ជា​ប្រធាន​ក្រុម​ចុងភៅ​នេះ​អ្នក​ស្រី ស៊ិន យាង មាន​ប្រសាសន៍​ថា​ក្រុម​គាត់​គឺ​ជា​អ្នក​លក់​បាយ​កាហ្វេ នៅ​តាម​ផ្ទះ​នឹង​តូប​រៀង​ខ្លួន ដែល​សុខ​ចិត្ត​បិទ​ហាង​៤ទៅ​៥​ថ្ងៃ​នេះ ដើម្បី​មក​ជួយ​ធ្វើ​ម្ហូប​ដល់​កីឡាករ ដោយ​​ចេញ​ពី​ទឹក​ចិត្ត​ទាំង​ស្រុង​ ហើយ​អ្វី​ដែល​ពួកគេ​ចង់​បាន​វិញ​​នោះ​គឺ​សង្ឃឹម​ថា​ទូក​របស់​ក្រុម​ខ្លួន​ឈ្នះ​បាន​លេខ​មួយ​ក្នុង​ការ​ប្រកួត​ឆ្នាំ​នេះ។

អ្នក​ស្រី ស៊ិន យាង៖ « ដើម្បី​កិត្តិយស​ខ្មែរ​ក្រោម​កុំ​ឲ្យ​បាត់​បង់​កិត្តិយស ​ព្រោះ​ពួក​យើង​តំណាង​ឲ្យ​ខ្មែរ​ក្រោម​ទូទាំង​ពិភពលោក​» ។

នៅ​ចំ​កណ្ដាល​រោង​មាន​ដាក់​ទឹក​សុទ្ធ ទឹក​ក្រូច មី​ គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន ដែល​អ្នក​ស្រី​ ស៊ិន យាង​ បញ្ជាក់​ថា​ជា​ទឹក​ចិត្ត​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់​នៅ​រកស៊ី និង​ធ្វើការ​ក្នុង​រាជធានី​ភ្នំពេញ​គាត់​ឆ្លៀត​យក​មក​ជួយ​នឹង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ។

អ្នក​ស្រី​ថា៖ « បន្លែ​ក៏​ជួយ សាច់​ក៏​ជួយ​គ្រប់​សាច់​ដែរ សុទ្ធ​តែ​ខ្មែរ​កម្ពុជា​ក្រោម​ដូច​គ្នា ខ្លះ​អ្នក​លក់​ដូរ​នៅ​ផ្សារ​ដើម​គ ខ្លះ​នៅ​ភូមិ​សាមគ្គី គ្រប់​ទិស​ទី​ទូទៅ​គ្រប់​ទិស​តែ​ម្ដង​ ផ្ដល់​កិត្តិយស​ដល់​ទូក​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ  » ។

កំពុង​អង្គុយ​ជំនុំ​គ្នា​៥​នាក់​ជជែក​ពី​ជ័យជំនះ​របស់​ទូក​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ ​បាន​យក​ឈ្នះ​គូរ​ប្រកួត ​អ្នក​ស្រី មិន លីវ មាន​ប្រសាសន៍​ថា​អ្នក​ស្រី​សប្បាយ​ចិត្ត​ជា​ខ្លាំង​ព្រោះ​នេះ​ជា​អ្វី​ដែល​អ្នក​ស្រី​នឹង​ខ្មែរ​កម្ពុជា​ក្រោម​គ្រប់​រូប​ចង់​ឃើញ។

អ្នកស្រី​ថា៖ « សង្ឃឹម​បាន​មួយ​ជើង​ ហើយ​សង្ឃឹម​ថា​ជើង​ទី​ពីរ​ហ្នឹង​ឈ្នះ​ទៀត តែ​ទោះ​ជា​ចាញ់​ឈ្នះ​យ៉ាង​ណា​យើង​ត្រូវ​តែ​សប្បាយ ព្រោះ​អី​ការ​ប្រលង​មិន​ថា​វិញ្ញាសា​អី​ទេ​យើង​បើ​មិន​ចាញ់​មាន​តែ​ឈ្នះ​តែ​ប៉ុនហ្នឹង​! មាន​តែ​ពីរ​ហ្នឹង (សើច) » ។

ដូច​ការ​សង្ឃឹម​មែន​ទូក​ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ​គឺ​បាន​ជោគ​ជ័យ​ទាំង​ពីរ​លើក​នា​ថ្ងៃ​អុំ​ទូក​ដំបូង​។

ទោះ​បី​ជា​កម្ពុជា​ក្រោម​ ត្រូវ​បាន​បារាំង​កាត់​ឲ្យ​ទៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​តាំង​ពី​ថ្ងៃ​ទី​ ៦ មិថុនា ឆ្នាំ​១៩៤៩ ក៏​ដោយ​មិន​អាច​កាត់​ទឹក​ចិត្ត​ខ្មែរកម្ពុជា​ក្រោម​​បាន​ឡើយ​ដោយ​ពួកគេ​ថា​ពួកគេ​នៅ​តែ​ជា​ខ្មែរ នៅ​តែ​ស្រលាញ់​វប្បធម៌​ប្រពៃណី និង​ភាសា​ខ្មែរ​តមក​រហូត។

ពួកគេ​សំណូម​ពរ​ដល់​ខ្មែរ​កណ្តាល​នៅ​ទឹក​ដី​កម្ពុជា​សព្វថ្ងៃ​កុំ​មាន​ការ​រើស​អើង​លើ​ពួកគេ និង​ចាត់​ទុក​ពួក​គេ​សាច់​ជា​ឈាម​មួយ​របស់​ខ្លួន​ផង​ដែរ។

លោក ប៊ុន មុនី៖ « ពួក​ខ្ញុំ​ដែល​មក​រស់​នៅ​កម្ពុជា​នេះ​ខិតខំ​សព្វ​បែប​យ៉ាង​ដើម្បី​ថែរក្សានូវ​អត្តសញ្ញាណ​នេះ​ពិសេស​ដើម្បី​បង្ហាញ​ថាពួក​យើង​ខ្ញុំ​ជា​ខ្មែរ​មួយ​មិន​មែន​ជា​ជន​បរទេស​ទេ​ហើយ​សុំ​ឲ្យ​បង​ប្អូន​យើង​គ្រប់​ទិស​ទី​ក៏​ដូចជា​ថ្នាក់​ដឹកនាំ​ក៏​ដូច​ជា​ប្រជាជន​ទូ​ទៅ​សុំ​កុំប្រកែ​ប្រកាន់​កុំ​រើស​អើងពិសេស​ទៅ​ទៀត​ចំពោះ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​គាត់​ឡើង​មក​រស់​កម្ពុជា​ហ្នឹង​សុំ​ឲ្យ​ពួកគាត់​ជួយ​សម្រួល​ឲ្យ​ពួកគាត់​អាច​រស់​នៅ​បាន​ដោយ​ស្រួល​ដូច​ជា​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​យោង​ទៅ​តាម​អត្តសញ្ញាណ​ដែល​ពួក​យើង​បាន​បង្ហាញ​នា​ពេល​នេះ » ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ