បទយកការណ៍៖ ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីងាកមកដាំដំណាំកាហ្វេសរីរាង្គ

ប្រពន្ធ លោក រ៉ូយ ទើប កសិករជនជាតិដើមភាគតិចពូនង រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ សូត សុខប្រាថ្នា

ស្ថិតនៅភូមិភាគឦសាន្តនៃប្រទេស ខេត្តមណ្ឌលគិរី គឺជាខេត្តមួយសំបូរជម្រាល​ភ្នំតូចៗ និងជាប្រភេទតំបន់ដីក្រហម។ ខេត្តនេះ អំណោយផល ដល់ប្រភេទដំណាំផ្សេងៗ ជាច្រើនទាំងដំណាំហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម ដូចជាដំណាំម្រេច កៅស៊ូ ដំឡូងមី ផ្លែប័រ ធូរេន ម្នាស់ ក្រូចវល្លិ៍ ឬ ផ្លែផាហ្សុង និងចេកជាដើម​។

ក្នុងចំណោមដំណាំទាំងឡាយ ​ដំណាំកាហ្វេ ក៏ត្រូវបានពលរដ្ឋជនជាតិដើមភាគតិចមួយចំនួននៅខេត្តមណ្ឌលគិរី បាននាំគ្នាដាំនៅតាមជម្រាលកូនភ្នំ និងនៅក្បែរផ្ទះរបស់ខ្លួនផងដែរ។ ​

និយាយបណ្តើរដៃបេះកាហ្វេដាក់ក្នុងកាផា (កន្រ្តក)​ បណ្តើរ កសិករជនជាតិដើមភាគតិចពូនង រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា លោក រ៉យ ទើប មានប្រសាសន៍ថា​លោកដាំ​កាហ្វេរយៈពេល៥ ឆ្នាំមកហើយ លើទំហំដី៨ហិកតា។ លោកបន្តថា ក្នុងចំណោម៨ហិកតា ផ្តល់ផលពេញលេញ​ មាន៤ហិកតា ហើយ៤ហិកតាទៀតទើបនឹងឱ្យផលដំបូងតិចតួចប៉ុណ្ណោះ។

លោកមានប្រសាសន៍បន្ថែមថា«ខ្ញុំដាំហ្នឹង ខ្ញុំចង់ដាំធម្មជាតិ និងដើម្បីផឹកខ្លួនឯង ដើម្បីកុំឱ្យប៉ះពាល់សុខភាព ព្រោះអត់មានទុន។ យើងប្រើតែអាចម៌គោហ្នឹង យើងអត់មានទុនទិញជីអីមកដាក់ យើងដាក់តែអាចម៌គោ។ យើងលាយអាចម៌គោបន្តិច ហើយដាក់តាមគល់ៗវា»។

កសិកររូបនេះ អះអាងថា កាហ្វេរបស់លោក មិនប្រើប្រាស់ថ្នាំ ឬ ជីគីមីទេ។ លោក​ថា ការដាំដុះ​គឺធ្វើឡើង​តាមបែប​ធម្មជាតិ និងមានការជួយបណ្តុះបណ្តាលពីអង្គការសេដាក ព្រមទាំងមានការជួយសហការពីក្រុមហ៊ុនទទួលទិញកាហ្វេក្នុងស្រុកមួយ ហើយផលិតផលកាហ្វេរបស់លោកត្រូវបានទទួលស្គាល់ជាកាហ្វេសរីរាង្គពីអង្គការសេដាកផងដែរ។

លោក រ៉យ ទើប រៀបរាប់ថា ដំណាំកាហ្វេចាប់ពីពេលដាំរហូតទទួលផល មានរយៈពេលបីឆ្នាំ ហើយវានឹងផ្តល់ផលពេញនៅឆ្នាំទី៤ ហើយតម្លៃកាហ្វេស្ងួត ក្នុងមួយគីឡូក្រាមតម្លៃ១ម៉ឺនរៀល ។

កសិករជនជាតិពូនងម្នាក់ទៀត អ្នកស្រី  ញិល លីចេន រៀបរាប់ថា មូលហេតុដែលអ្នកស្រីត្រឡប់មកដាំកាហ្វេឡើងវិញ ក្រោយពេលផលិតផលកាហ្វេ ពិសេសកាហ្វេសរីរាង្គមានទីផ្សារទូលំទូលាយជាងពេលមុន។

កសិករជនជាតិពូនងម្នាក់ទៀត អ្នកស្រី  ញិល លីចេន ផ្ដល់បទសម្ភាសន៍ពីការដាំដំណាំនៅតំបន់ដីក្រហមភូមិភាគឦសាន្ ខេត្តមណ្ឌលគិរី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ សូត សុខប្រាថ្នា

អ្នកស្រី មានប្រសាសន៍ថា៖ «ព្រោះមានទីផ្សារខ្ពស់អីចឹង។ ចាស៎ !មានទីផ្សារខ្ពស់ ទៅនាំគ្នាដាំ។ កាលមុនដាំដែរ តែអត់មានអ្នកទិញទៅ ក៏ទុកចោល អត់បានថែអត់បានអី »

កសិករដែលបានដាំកាហ្វេលើផ្ទៃដី៣ហិកតារូបនេះ ​បញ្ជាក់ថា អ្នកស្រីចាប់ផ្តើមដាំកាហ្វេតាំងពីឆ្នាំ២០១៥ ហើយគ្រោងនឹង​ដាំកាហ្វេ៣ហិកតាបន្ថែមទៀតនៅឆ្នាំក្រោយ។

នាយកក្រុមហ៊ុនកាហ្វេទីម័រ នៅខេត្តមណ្ឌលគិរី ដែលជាអ្នកទទួលទិញ និងបានជួយ​​កសិករ​ផ្ទាល់លោក យស ចាន់ថា មានប្រសាសន៍ថាលោកបានសហការជាមួយកសិកររយៈពេល៤ឆ្នាំមកហើយ។ លោកបន្ថែមថា ឆ្នាំ២០១៨នេះ ជាឆ្នាំទី២ នៃការអនុវត្តកាហ្វេបែបសរីរាង្គ ហើយសន្ទុះនៃការគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុក គឺមានច្រើននាពេលបច្ចុប្បន្ន។

នាយកក្រុមហ៊ុនកាហ្វេទីម័រ នៅខេត្តមណ្ឌលគិរី ដែលជាអ្នកទទួលទិញ និងបានជួយ​​កសិករ​ផ្ទាល់លោក យស ចាន់ថា ផ្ដល់បទសម្ភាសន៍ពីការដាំដំណាំនៅតំបន់ដីក្រហមភូមិភាគឦសាន្ ខេត្តមណ្ឌលគិរី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ សូត សុខប្រាថ្នា

លោកមានប្រសាសន៍បន្ថែមថា៖ «ហើយក៏ខ្ញុំបានជួបជាមួយលោកគ្រូ យ៉ង សាំងកុមារ ខាងអង្គការសេដាក គាត់បានណែនាំ ថាគាត់ចង់សាកល្បង ឆ្នាំមុនបីតោន ហើយ​ដល់ឆ្នាំនេះគាត់បញ្ជាទិញរហូតដល់១២ តោន។ អីចឹងរហូតដល់ឆ្នាំនេះ យើងគិតថា កាហ្វេខ្ញុំឡើងរហូតដល់ទៅបីដងឬ បួនដងនៃការបញ្ជាទិញ ទាំងកូរ៉េ ទាំងក្នុងស្រុក និងក្រៅស្រុក  »។  ​

លោក យស ចាន់ថា បញ្ជាក់ថា ដំបូងឡើយមានតែកសិករជនជាតិដើមភាគតិច៥គ្រួសារ និងមានផ្ទៃដីដាំដុះតិចតួចប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៨ មានកសិករចំនួន៤០ គ្រួសារ និងមាន​ផ្ទៃដី​សម្រាប់ដាំកាហ្វេ១១៨ហិកតា ហើយបច្ចុប្បន្នកសិករអនុវត្តដាំដុះបានជិត៥០ហិកតា។ លោកថា ​ផ្ទៃដីកាហ្វេផ្តល់ផលមានប្រមាណ២០ហិកតា ដោយផ្តល់ផលពេញ និងខ្លះទើបផ្តល់ផល ហើយឆ្នាំ២០១៨ ផលិតផលកាហ្វេសម្រេច អាចទទួលបានជាង២០តោន។ ​

នាយកក្រុមហ៊ុនកាហ្វេទីម័រដដែល ឱ្យដឹងថា មូលហេតុដែលលោកងាកមកសហការជាមួយពលរដ្ឋជនជាតិដើមភាគតិចដើម្បីផលិតកាហ្វេសរីរាង្គ ដោយថា ពលរដ្ឋខ្មែរកាន់តែច្រើនចាប់ផ្តើមឱ្យតម្លៃទៅផលិតផលសរីរាង្គ ពិសេសផលិតផលក្នុងស្រុក ម្យ៉ាងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។

លោកមានប្រសាសន៍បន្ថែមថា៖ «បាទ! ជីវភាពរបស់ពួកគាត់ មកដល់បច្ចុប្បន្ន ការចំណាយគឺកាត់បន្ថយច្រើនមែនទែន។ ពីមុនបានន័យថា គាត់ត្រូវចំណាយរហូតដល់ទៅ១រយដុល្លារ ប៉ុន្តែបច្ចុប្បន្នសឹងតែគ្មានចំណាយ ព្រោះអ្វីដែលយើងធ្វើគឺជួយគាត់ទាំងអស់ ទាំងម៉ាស៊ីនទាំងអីទាំងអស់»។

អនុប្រធានការិយាល័យក្សេត្រសាស្ត្រនៃមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សេង សៅ មានប្រសាសន៍ថា ប្រវត្តិដាំដំណាំកាហ្វេចាប់ផ្តើមឡើងវិញតាំងពីឆ្នាំ២០០០ឬ ២០០១ ប៉ុន្តែក្រោយមកក៏បាត់បង់ទៅវិញដោយថាគ្មានទីផ្សារ។ លោកបញ្ជាក់ថា ចំនួនផ្ទៃដីដាំដុះនៅឆ្នាំនេះកើនឡើងខ្ពស់ ដោយថាមូលហេតុអ្នកនិយមទទួលទាន​កាហ្វេច្រើនតែម្តង និងមានតម្លៃមួយដែលកសិករអាចទទួលយកបាននៅឆ្នាំ២០១៨។

លោកមានប្រសាសន៍ថា​៖ «នៅឆ្នាំ២០១៧ តម្លៃកាហ្វេគ្រាប់អង្ករហ្នឹង មានតម្លៃត្រឹមតែ២.២ ឬ ២.3 ដុល្លារឬក្រោមហ្នឹងទេ ក្នុងមួយគីឡូស្ងួតគ្រាប់។​ រហូតដល់បច្ចុប្បន្នមានទីផ្សារហូតដល់២ដុល្លារប្រាំកាក់  »។ ​ ​

អ្នកជំនាញកសិកម្មនៃអង្គការសេដាកអះអាងថា កាហ្វេមានពីរប្រភេទ គឺ ប្រភេទ​​រ៉ូប៊ូស្តា(Robusta) និងប្រភេទ អារ៉ាប៊ីកា(Aribica)។ នៅខេត្តមណ្ឌលគិរី ​កសិករភាគច្រើននិយមដាំប្រភេទរ៉ូប៊ូស្តា ដោយថាប្រភេទនេះងាយស្រួលដាំ និងផ្តល់ផលច្រើន ចំណែកប្រភេទអារ៉ាប៊ីកា អាចដាំបាននៅតំបន់ដែលមាននីវ៉ូខ្ពស់ បើប្រៀបធៀបទៅនឹងនីវ៉ូទឹកសមុទ្រ ប្រមាណ១០០ម៉ែត្រ ឡើងទៅ។

ទីប្រឹក្សាអង្គការសេដាក លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា បច្ចុប្បន្ន​តម្រូវកាហ្វេនៅកម្ពុជាកាន់តែកើនឡើង។ លោកប៉ាន់ប្រមាណថា ការផ្គត់ផ្គង់កាហ្វេក្នុងស្រុកអាចមានប្រមាណ៣រយតោន ក្នុងមួយឆ្នាំ ស្របពេលតម្រូវការប្រើប្រាស់អាចមានប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ។ លោកថា បរិមាណកាហ្វេច្រើនលើសលប់គឺនាំចូលពីប្រទេសជិតខាង ដូចប្រទេសឡាវ និងវៀតណាមជាដើម។

អ្នកជំនាញផ្នែកកសិកម្មរូបនេះ បញ្ជាក់ថាគោលបំណងសំខាន់ចំនួន៣ ដែលខាងអង្គការសេដាក ចូលរួម​សហការជាមួយពលរដ្ឋជនជាតិដើមភាគតិចលើដំណាំកាហ្វេសរីរាង្គ​នេះ។​

លោក យ៉ង សាំងកុមារ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ សូត សុខប្រាថ្នា

លោក មានប្រសាសន៍ថា៖ «ទីមួយ គឺយើងចង់បញ្ជាក់ថា បើកាហ្វេមណ្ឌលគិរី ឱ្យពិតជាកាហ្វេមណ្ឌលគិរី មានប៉ុន្មានហិកតា មានប៉ុន្មានតោន។ ភាសាសាមញ្ញថាកុំឱ្យខូចពូជ បើថាកាហ្វេមណ្ឌលគិរី ឱ្យច្បាស់មណ្ឌលគិរី កុំកាហ្វេយកមកណាៗអីចឹងទៅ។ ទីពីរ ខ្ញុំចង់មួយទៀតថា បើកាហ្វេហ្នឹងមកពីមណ្ឌលគិរី ជាពិសេសដោយសារខាងអង្គការសេដាក គាត់ធ្វើការច្រើនរឿងអភិវឌ្ឍន៍ រឿងកសិករតូចតាច ពិសេសកសិករជនជាតិដើមភាគតិច។ អីចឹងឱ្យកាហ្វេហ្នឹង ជនជាតិដើមភាគតិចទៀត ហើយសរីរាង្គទៀត»។

អ្នកសម្របសម្រួលសហគមន៍ជនជាតិដើមភាគតិចនៃអង្គការសេដាក លោក វង្ស សាវឿន មានប្រសាសន៍ថា បច្ចុប្បន្នទីផ្សារកាហ្វេសរីរាង្គរបស់កសិករជនជាតិភាគតិចនៅខេត្តមណ្ឌល​គិរី​កាន់តែទូលំទូលាយ។ ទន្ទឹមគ្នានេះ លោកចង់ឱ្យសាធារណៈជន ព្រមទាំងរដ្ឋាភិបាលជួយយកចិត្តទុកដាក់ និងនាំគ្នាគាំទ្រផលិតកាហ្វេរបស់ជនជាតិដើម​ភាគតិចបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ ម្យ៉ាងដើម្បីគាំទ្រផលិតក្នុងស្រុកផងដែរ។

មន្ត្រីកសិកម្មខេត្តមណ្ឌលគិរី លោក សេង សៅ ថានៅឆ្នាំ២០១៨ ចំនួនផ្ទៃដីដាំកាហ្វេដែលខាងមន្ទីរកសិកម្មបានចុះស្រង់ទិន្ន័យមាន២៨៦ហិកតា។ ប្រភពដដែល​ឲ្យដឹងថា​ ចំនួននេះ កើនឡើងជាង២០០ហិកតា បើប្រៀបធៀបទៅនឹងឆ្នាំមុន ទាំងការដាំដុះជាលក្ខណៈគ្រួសារ និងក្រុមហ៊ុនឯកជន ប៉ុន្តែចំនួនផ្ទៃដីកាហ្វេដែលអាចប្រមូលផលមានជាង៧០ហិកតា ដែលអាចផ្តល់ផលបានជាង២០០ តោនក្នុងមួយឆ្នាំ។ លោក សេង សៅ ឱ្យដឹងថា ក្នុងមួយហិកតា កាហ្វេផ្តល់ផល​បានពី៣ ទៅ ៧ តោន ​ជាកាហ្វេស្ងួត អាស្រ័យលើផលកាហ្វេ និងការថែទាំបានល្អ។ ​  ​

កាលពីឆ្នាំ២០១៥ មន្ត្រីក្រសួងកសិកម្មធ្លាប់បញ្ជាក់ថា ផ្ទៃដីដាំដុះកាហ្វេនៅកម្ពុជា មានជាង១រយ​ហិកតា។ ដំណាំនេះមានដាំ​នៅបណ្តាខេត្តមួយចំនួន ដូចជាមណ្ឌលគិរី រតនៈគិរី កំពង់ចាម ខេត្តប៉ៃលិនជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ