មនុស្សយ៉ាងតិច ២៨នាក់ ដែលភាគច្រើនជាកុមារ បានលង់ទឹកស្លាប់កាលពីថ្ងៃម្សិលមិញនេះ ក្រោយពីរថយន្តក្រុងមួយគ្រឿងដែលដឹកពួកគេបានធ្លាក់ចូលប្រឡាយទឹកនៅឥណ្ឌា ដែលនេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏សោកនាដកម្មថ្មីបំផុតនៅឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារបារាំង AFP។
ទីភ្នាក់ងារព័ត៌មានបារាំងមួយនេះបានដកស្រង់សម្ដីប៉ូលិសឥណ្ឌា ដែលបាននិយាយថា ពួកគេបានស្រង់សពមនុស្ស ២៨នាក់ពីរថយន្តដឹកអ្នកដំណើរមួយគ្រឿង ក្រោយពីវារត់ធ្លាក់ចូលប្រឡាយទឹកមួយ ស្ថិតនៅក្នុងស្រុកម៉ាន់ធ្យា នៅភាគខាងត្បូងរដ្ឋកន្ថាកា។
បើសម្ដីប៉ូលិសមូលដ្ឋានដែលត្រូវបានដកស្រង់សម្ដីដោយ AFP ជនរងគ្រោះភាគច្រើនគឺជាកុមារ ដែលស្ថិតលើដំណើរត្រឡប់ពីសាលារៀនរបស់ពួកគេ។
បើតាម AFP គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្សជាង ១៥ម៉ឺននាក់នៅរៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងដោយសារតែស្ថានភាពផ្លូវដ៏អាក្រក់ យានយន្តខ្វះការថែទាំត្រឹមត្រូវ និងការបើកបរដោយខ្វះការប្រុងប្រយ័ត្ន៕









