ភ្ញៀវទេសចរដល់ទៅ ៤.៥លាននាក់ ត្រូវបានរដ្ឋាភិបាលកម្ពុជាអះអាងថា បានចូលមកលេងកម្សាន្តនៅរាជធានីភ្នំពេញអំឡុងពេលពិធីបុណ្យរយៈពេល ៣ថ្ងៃកន្លងមកនេះ ដោយបានកើនឡើងដល់ទៅជិត ៥០ភាគរយ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ផ្សព្វផ្សាយបែបនេះ តាមរយៈការដកស្រង់សម្ដីរដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន ដែលបានថ្លែងកាលពីយប់ថ្ងៃម្សិលមិញថា ភ្ញៀវទេសចរចំនួន ៤លាន ៥សែននាក់ បានចូលមកលេងកម្សាន្តនៅរាជធានីភ្នំពេញអំឡុងព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ ដោយបានកើនឡើងជិត ៥០ភាគរយ។
ក្រៅពីរាជធានីភ្នំពេញ រដ្ឋមន្ត្រីទេសចររូបនេះ ត្រូវបានដកស្រង់សម្ដីដែលបានថ្លែងថា ភ្ញៀវទេសចរ ៩២.៥ម៉ឺននាក់ទៀត បានធ្វើដំណើរកម្សាន្តនៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស ដោយមានកំណើន ១៥.៦ភាគរយ បើធៀបនឹងថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃកាលពីមួយឆ្នាំមុន។
បើតាមលោក ថោង ខុន ក្នុងចំណោមភ្ញៀវទេសចរសរុបដែលបានចេញទៅដើរលេងកម្សាន្តនៅតាមបណ្ដាខេត្តនានានោះ ភ្ញៀវទេសចរជាតិជាង ៨៤ម៉ឺននាក់ ដោយបានកើនឡើងដល់ ១៥.៣ភាគរយ ខណៈដែលភ្ញៀវទេសចរបរទេសមានចំនួនជាង ៨ម៉ឺននាក់ ជាមួយកំណើន ១៨.៥ភាគរយ។
ប្រទេសកម្ពុជាបានរៀបចំព្រះពិធីបុណ្យអុំទូកឡើងវិញអស់រយៈពេល ៤ឆ្នាំជាប់គ្នាមកហើយ ក្រោយពីពិធីបុណ្យប្រពៃណីមួយនេះ ត្រូវបានខកខានអស់រយៈពេល ៤ឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍រត់ជាន់គ្នាសម្លាប់មនុស្សយ៉ាងតិច ៣៥៣នាក់ និងរបួសរាប់រយនាក់ទៀតកាលពីឆ្នាំ២០១០មក៕









