ពលរដ្ឋជាង ៣០គ្រួសារមកពីភូមិចំនួន ៣ នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាស្រុកនៅថ្ងៃនេះ ដោយបានចោទប្រកាន់អាជ្ញាធរស្រុកនេះថា បានយកស្រែប្រាំងរបស់ពួកគេ ទៅចែកឲ្យពលរដ្ឋផ្សេង។
អ្នកស្រី ពុធ អូ ដែលអះអាងថា ជាតំណាងពលរដ្ឋប្រាប់វីអូឌីថា កាលពីពេលថ្មីៗនេះ អាជ្ញាធរស្រុកបរិបូណ៍ បានចុះហាមឃាត់មិនឲ្យពលរដ្ឋធ្វើស្រែប្រាំង និងធ្វើរបងព័ទ្ធដីស្រែរបស់ពួកគាត់ឡើយ ដោយលើកហេតុផលថា ដីនោះជាតំបន់ហាមឃាត់។
អ្នកស្រីបន្ថែមថា៖ «ដីហ្នឹង ខ្ញុំមានលិខិតកាន់កាប់តាំងពីឆ្នាំ១៩៨៩ ហើយអាជ្ញាធរគាត់ថា យកដីខ្ញុំហ្នឹងទុកសម្រាប់ឲ្យអ្នកកំពង់អូរ។ អ្នកកំពង់អូរហ្នឹង ជាពលរដ្ឋរស់នៅលើទឹក ហើយគេជម្លៀសមកឲ្យនៅលើគោកវិញ។ ហើយដីខ្ញុំហ្នឹង ខ្ញុំគ្រោងធ្វើរបងការពារដីខ្ញុំ និងស្រូវកុំឲ្យគោក្របីស៊ី ស្រាប់តែគាត់អាជ្ញាធរដែនដីជំទប់ទី១ហ្នឹងគាត់នាំកម្លាំងប្រជាការពារភូមិ ប៉ូលិស ប៉េអឹមហ្នឹង ហើយគាត់ឲ្យខ្ញុំធ្វើកិច្ចសន្យាឲ្យរបងតែខ្ញុំអត់ព្រមទេ»។
ពលរដ្ឋម្នាក់ទៀត លោក តេង កន ដែលអះអាងថា មានដីធ្លី១ហិតាកន្លះដែរនោះ បាននិយាយថា វាជារឿងអយុត្តិធម៌មួយដែលអាជ្ញាធរទើបមកអះអាងថា ដីនោះជាតំបន់ការពារ និងយកទៅឲ្យពលរដ្ឋផ្សេង ខណៈដែលពួកគាត់បានកាន់កាប់ជិត ៣០ឆ្នាំទៅហើយនោះ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា គាត់ធ្វើនេះ វាអយុត្តិធម៌ណាស់ ព្រោះអីអាជ្ញាធរភូមិឃុំហ្នឹង គាត់ទៅយកដីអ្នកលើដែលអាស្រ័យផលយូរហើយហ្នឹង ទៅឲ្យអ្នកកំពង់ [ពលរដ្ឋរស់នៅលើទឹក] ហើយនៅកំពង់អូរហ្នឹងនៅសល់ជាង ៤០០ម៉ែត្រជាង គាត់អត់ព្រមយកដីនោះទេបែងចែកឲ្យបែរជាមកយកពលរដ្ឋអាស្រ័យផលយូរហើយហ្នឹងវិញ។ ខ្ញុំសំណូមពរទៅថ្នាក់ដឹកនាំលើៗ ជួយរកយុត្តិធម៌ឲ្យពួកខ្ញុំផង កុំយកពលរដ្ឋអ្នកលើ ទៅឲ្យអ្នកកំពង់ធ្វើអី ព្រោះអីដីអ្នកលើនៅភូមិខ្ញុំហ្នឹង មិនមានដីច្រើនទេ មានតែបន្តិចបន្តួចទេ បើគាត់យកអស់ពួកខ្ញុំបានអី»។
អភិបាលស្រុកបរិបូណ៍ លោក ឃួន សៅរុំ មានប្រសាសន៍ថា អាជ្ញាធរបានកាត់ដីពីពលរដ្ឋទាំងនោះម្នាក់បន្តិចៗសរុបអស់ជាង ១៦ហិកតាប៉ុណ្ណោះ ដើម្បីរៀបចំទៅឲ្យពលរដ្ឋដែលជម្លៀសចេញពីលើទឹក ហើយដីនៅសេសសល់ គឺពលរដ្ឋទាំងនោះអាចបន្តបង្កបង្កើនផលបានដដែល។
អភិបាលស្រុករូបនេះបន្តថា អាជ្ញាធរហ៊ានកាត់ដីពីពលរដ្ឋទាំងនោះដោយមិនផ្តល់សំណងដោយសារតែដីនោះ ជាដីតំបន់ហាមឃាត់ដែលពលរដ្ឋលួចរុករានដើម្បីបង្កបង្កើនផលតែប៉ុណ្ណោះ។
លោកបន្ថែថា៖ «ពេលយើងរៀបប្រជាជនដែលនៅលើទឹកឲ្យគាត់មកនៅតាមដងផ្លូវវិញ វាប៉ះទៅដីស្រែពួកគាត់តិចៗទេសរុបទៅជាង ១៦ហិកតា ហើយដីហ្នឹងជាដីដែលពួកគាត់រុករានទេនៅក្នុងតំបន់ ៣ទេ ហើយយើងនៅតែឲ្យគាត់អាស្រ័យផលធម្មតាតើ ហើយសល់ពីចំណែកដែលយើងយកមករៀបប្រជាជន គឺអាចអាស្រ័យផលធម្មតា ខ្ញុំមិនដេញគាត់តាម៉ាត់តាម៉ែងទៅណា? គាត់ប្រជាជនខ្ញុំហ្នឹង»។
អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋទាំងនោះទៅរុករានដីរដ្ឋខុសច្បាប់ហេតុអ្វីអាជ្ញាធរមិនទៅហាមឃាត់ពីដំបូង ដោយបណ្តាលឲ្យពលរដ្ឋកាន់កាប់ និងបង្កបង្កើនផលរហូតមកដល់បច្ចុប្បន្ន។ លោកបន្តថា បើពលរដ្ឋទាំងនោះបានកាន់កាប់ទាំងពី ១៩៨៩មែននោះ គឺអាជ្ញាធរមិនអាចទៅដកហូតដោយមិនបានដោះស្រាយសំណងជូនពួកគេបានឡើយ។
លោកបន្ថែមថា៖ «ទោះបីខាងអាជ្ញាធរអះអាងថា ពលរដ្ឋទៅបំពានដីរដ្ឋទាំងពីឆ្នាំហ្នឹងមក ហេតុអ្វីមិនធ្វើការហាមឃាត់ ឬក៏រារាំងគាត់តាំងពីពេលហ្នឹងមក ហេតុអ្វីបានជាទុករហូតដល់ខាងរដ្ឋត្រូវការដី ទើបដណ្តើមយកពីពលរដ្ឋទៅវិញ? នេះគឺជាចំណុចមួយដែលយើងត្រូវពិចារណា។ ដូច្នេះ ក្នុងករណីនេះ ប្រសិនដកហូតដីពីប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាសាធារណៈ ឬ ប្រយោជន៍របស់រដ្ឋក៏ដោយ ត្រូវតែដោះស្រាយជាគោលការណ៍ឲ្យសមរម្យតាមការទាមទាររបស់ប្រជាពលរដ្ឋ បើយើងពិនិត្យមើលតាមគោលច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល ច្បាប់អស្សាមិករណ៍ក្តី»។
ពលរដ្ឋអះអាងថា ដីពួកគេដែលអាជ្ញាធរកាត់ទៅឲ្យពលរដ្ឋផ្សេងនោះ គឺមួយគ្រួសារមានទំហំ ១ហិកតាកន្លះទៅ ២ហិកតាប៉ុណ្ណោះសម្រាប់បង្កបង្កើនផលធ្វើស្រែប្រាំង ដោយពួកគេមិនទាមទារសំណងអ្វីផ្សេងក្រៅពីរក្សាដីនៅដដែលនោះទេ ហើយថា ប្រសិនបើគ្មានដំណោះស្រាយទេ ពលរដ្ឋទាំងនោះនឹងទៅតវ៉ាដល់អាជ្ញាធរខេត្តទៀត៕









