អំបិលដែលកម្ពុជាបញ្ជាទិញពីប្រទេសចិនដើម្បីបង្គ្រប់តម្រូវការប្រើប្រាស់ចំនួន៥ពាន់តោន បានមកដល់កំពង់ផែភ្នំពេញកាលពីម្សិលមិញ។
សហប្រធានសមាគមផលិតអំបិលខេត្តកំពតនិងកែប លោក ប៊ុន បារាំង ប្រាប់ VOD នៅរសៀលនេះថា អំបិលដែលនាំមកពីចិនចំនួន៥ពាន់តោនក្នុងចំណោមបីម៉ឺនតោនបានដឹកមកដល់កំពុងផែទីក្រុងភ្នំពេញនាថ្ងៃម្សិលមិញនេះ។ លោក ប៊ុន បារាំង បន្តឲ្យដឹងថាសមាគមលោកមិននាំចូលអំបិលទាំងបីម៉ឺនតោនតែម្តងទេ ដោយថាធ្វើមិនទាន់ លុះត្រាតែបែងចែកជិតអស់ទើបនាំចូលបន្ថែមមកទៀត។ លោក សង្ឃឹមថា ខែកុម្ភៈឆ្នាំក្រោយ កសិករកម្ពុជានឹងអាចផលិតអំបិលបានវិញ។ សហប្រធានសមាគមរូបនេះបន្តថា ចំពោះតម្លៃអំបិលនឹងកើនឡើងបន្តិចព្រោះជាអំបិលនាំចូល។
ប្រទេសកម្ពុជាបានសម្រេចនាំអំបិលចូលពីប្រទេសចិនចំនួន ៣ម៉ឺនតោនក្នុងឆ្នាំ២០១៨នេះ សំរាប់បំពេញតម្រូវការរបស់ប្រជាជនក្នុងស្រុក ដោយសារភ្លៀងធ្លាក់ខ្លំាងដែលធ្វើឲ្យកសិករមិនអាចផលិតអំបិលបាន។
ក្នុងមួយឆ្នាំៗប្រទេសកម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោន សំរាប់បំពេញតម្រូវការក្នុងស្រុក ប៉ុន្តែក្នុងឆ្នាំ២០១៧ កម្ពុជាផលិតបានត្រឹមតែ៣ម៉ឺន៣ពាន់តោនប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០១៨ ពុំបានផលិតនោះទេ ដោយមានភ្លៀងធ្លាក់ច្រើន។ កម្ពុជាមានកសិដ្ឋានផលិតអំបិល៧កន្លែងក្នុងខេត្តកែបនិងកំពត ដោយមានផ្ទៃដីសរុបចំនួន៤៦០០ហិចតា ក្នុងនោះមានក្រុមផលិតករចំនួន ២០០នាក់។
កាលពីឆ្នាំ២០០៨ ប្រទេសកម្ពុជាធ្លាប់បានជួបបញ្ហាកង្វះអំបិលប្រើប្រាស់ម្តងរួចហើយ ដោយសារមានភ្លៀងធ្លាក់ច្រើន ហើយបានទិញអំបិលប្រមាណ៣ម៉ឺនតោនមកពីប្រទេសចិន៕









