របាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រងតំបន់អង្គរ បានឲ្យដឹងថា ចំណូលបានមកពីការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទៅទស្សនាតំបន់អង្គរ បានកើនឡើងដល់ចំនួនជាង ១០៤លានដុល្លារអាមេរិកនៅក្នុងរយៈពេល ១១ខែក្នុងឆ្នាំនេះ ដោយកើនឡើងជាង ៩ភាគរយ។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលជាក្រុមហ៊ុនឯកជនរបស់រដ្ឋកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសដល់ទៅជាង ២លាន ២៣ម៉ឺននាក់ បានចូលទស្សនារមណីយដ្ឋានតំបន់អង្គរនៅចន្លោះខែមករាដល់ខែវិច្ឆិកាកន្លងមកនេះ ដោយបានកើនជាង ៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សេចក្ដីប្រកាសព័ត៌មានក៏បានឲ្យដឹងទៀតថា ជាមួយតួលេខភ្ញៀវទេសចរបរទេសបែបនេះ កម្ពុជាទទួលបានចំណូលពីការលក់សំបុត្របានដល់ទៅជាង ១០៤លាន ៥២ម៉ឺនដុល្លារ ឬមានកំណើន ៩.២៧ភាគរយ បើធៀបនឹងរយៈពេល ១១ខែឆ្នាំ២០១៧។
ស្ថិតិចេញដោយក្រសួងទេសចរណ៍កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងមក បានបង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១.៣៧លាននាក់ នៅចន្លោះខែកក្កដាដល់ខែកញ្ញាកន្លងមក ដោយបានកើនឡើង ៩.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខរបស់ក្រសួងទេសចរណ៍ ក៏បានឲ្យដឹងផងដែរថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានមកដល់ប្រទេសកម្ពុជាក្នុងរយៈពេល ៣ត្រីមាសក្នុងឆ្នាំនេះ មានចំនួនដល់ទៅជាង ៤.៣៧លាននាក់ ជាមួយកំណើន ១១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងមក។
បើតាមស្ថិតិរដ្ឋាភិបាល កម្ពុជានៅតែរក្សាបានកំណើនភ្ញៀវទេសចរបែបនេះ ក៏ព្រោះតែកំណើននៃភ្ញៀវទេសចរចិនដែលមានចំនួនដល់ទៅជាង ១.៤៤លាននាក់ ឬស្មើនឹង ៣២.៩ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ជាមួយកំណើនដល់ទៅ ៧១.២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ក្រសួងទេសចរណ៍ដដែលនេះ បានឲ្យដឹងទៀតថា ខណៈដែលតួលេខភ្ញៀវទេសចរចិន កំពុងហក់ឡើងខ្ពស់នោះ ចំនួនភ្ញៀវទេសចរវៀតណាម ឡាវ ថៃ កូរ៉េខាងត្បូង អាមេរិក ជប៉ុន និងអង់គ្លេស សុទ្ធតែថយចុះទៅវិញ លើកលែងតែភ្ញៀវទេសចរម៉ាឡេស៊ី ដែលមានកំណើន ១០ភាគរយ និងបារាំងដែលមានកំណើនមិនដល់ ១ភាគរយផង។
កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ៨៤ម៉ឺននាក់នៅក្នុងចំណោមភ្ញៀវបរទេសសរុបជាង ៣.៩១លាននាក់នៅចន្លោះខែមករាដល់តែកញ្ញាកាលពីឆ្នាំមុន។
ក្នុងជំនួបជាមួយក្រុមពាណិជ្ជករចិនកាលពីចុងខែសីហាកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោករំពឹងថា ភ្ញៀវទេសចរចិននឹងកើនឡើងរហូតដល់ ២លាននាក់ បន្ទាប់ពីការតភ្ជាប់ការហោះហើរត្រង់រវាងទីក្រុងនានារបស់ចិនជាមួយប្រទេសកម្ពុជា៕









