ពលរដ្ឋមាន​ជម្លោះដីធ្លី​ថា អាជ្ញាធរខេត្តកណ្តាលផ្តល់សំណងមិន​មានតម្លាភាព

ពលរដ្ឋមានជម្លោះដីធ្លីនៅឃុំបឹងខ្យាង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកតវ៉ានៅមុខសាលាឃុំបឹងខ្យាង នៅកំឡុងដើមខែធ្នូ ឆ្នាំ២០១៦។ រូបភាព​ផ្ដល់ឲ្យ

ពលរដ្ឋមានជម្លោះដីធ្លីនៅឃុំមួយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថាអាជ្ញាធរខេត្តនេះ​ផ្តល់សំណងជូនពួកគាត់​មិនមានតម្លាភាព និងបង្ខំឲ្យទទួលយកសំណងតាមខ្លួនកំណត់។

តំណាងពលរដ្ឋ២៥នាក់ក្នុងឃុំបឹងខ្យាងនៅថ្ងៃនេះ បានជួបប្រជុំជាមួយអាជ្ញាធរខេត្តកណ្តាល ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទដីធ្លី ដែលពលរដ្ឋទាំងនោះចោទអាជ្ញាធរមូលដ្ឋានថា បានឃុបឃិតគ្នាលួចលក់ដីពួកគាត់​ទៅឲ្យក្រុមហ៊ុនឯកជន។

លោក អឹម ដារ៉ា ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំបឹងខ្យាងប្រាប់វីអូឌីថា ការប្រជុំពេញមួយព្រឹកនេះគឺអាជ្ញាធរបានបង្ខំឲ្យពលរដ្ឋទទួលយកសំណងក្នុង១នាក់ត្រឹមតែ១០០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែតំណាងពលរដ្ឋមិនព្រម ដោយពួកគាត់ទាមទារ១នាក់២៦០ដុល្លារដូចឃុំព្រៃស្លែង។

លោកបន្ថែមថា៖ «អភិបាលខេត្តលោកធ្វើប្រជាមតិដាក់១០០ដុល្លារពីថ្ងៃទី២០ ដល់ ថ្ងៃទី៣១ អ្នកណាដែលយកៗទៅ អ្នកណាអត់ៗហ្នឹង ទី១។ ទី២ គាត់ទុករយៈពេលឲ្យក្រុមតំណាងរយៈពេល៣ខែ ដើម្បីរកក្រុមហ៊ុនទិញឲ្យលើសថ្លៃ ពីក្នុងម្នាក់១០០ដុល្លារ។ ហើយពីរនាក់អត់ធ្វើការជះទឹកដាក់គ្នាទេ […] បើតាមអាជ្ញាធរយក១០០ដុល្លារ បើតាមតំណាងអាចតម្លៃលើសពីហ្នឹង។ ហើយលោកបើកឲ្យយើងរកក្រុមហ៊ុនរយៈពេល៣ បន្ទប់ពីរកក្រុមហ៊ុនរយៈពេល៣ខែ រកមិនបានចាំយើងទទួលយកគោលនយោបាយ១០០ដុល្លារហ្នឹងទៅ»

តំណាងពលរដ្ឋម្នាក់អ្នកស្រី យ៉ុន ទូច និយាយថា អាជ្ញាធរខេត្តកណ្តាលដោះស្រាយសំណងជូនពលរដ្ឋមិនមាន តម្លាភាព ដោយថា ការផ្តល់សំណងឲ្យពលរដ្ឋនៅឃុំផ្សេងៗច្រើនជាងពលរដ្ឋឃុំបឹងខ្យាង និងបានបង្ខំឲ្យពួកគាត់ ទទួលយកសំណងតាមខ្លួនកំណត់ទៀត។

អ្នកស្រីបន្ថែមថា៖ «យើងទទួលបានដំណោះស្រាយក្តៅក្រហាយ គេឲ្យយើងម្នាក់១០០ដុល្លារ ហើយអភិបាលខេត្ត លោក ម៉ៅ ភិរុណ ហ្នឹងឲ្យអាជ្ញាធរឃុំហ្នឹងធ្វើជាបន្ទាន់ ឲ្យហៅប្រជាពលរដ្ឋមកឲ្យម្នាក់១០០ដុល្លារ។ ហើយបើពួកខ្ញុំ ជាអ្នកតំណាងហ្នឹងហ៊ានប្រាប់ប្រជាពលរដ្ឋណាមួយ នឹងយកឈ្មោះយើងទុកទៀត ដូចគំរាមយើងហ្មង។ ពួកខ្ញុំអត់សុខចិត្តទេ ប្រជាជនខ្ញុំទូទាំងឃុំអត់ទទួលយកបានទេ»

អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ មានប្រសាសន៍ថា សំណងជាគោលនយោបាយពលរដ្ឋមិនអាចទាមទារតាមអំពើចិត្តបានទេ។ ចំពោះការផ្តល់សំណងមិនស្មើគ្នាវិញ លោកថា ដោយសារតំបន់ដីមិនដូចគ្នា។

លោកបន្ថែមថា៖ «រឿងដី១កន្លែងៗវាមិនដូចគ្នា។ គាត់គ្មានដីទេ គាត់សុំលុយគេ  ខ្ញុំមិនមែនដោះស្រាយមិនបានទេគឺម្ចាស់គេមិនឲ្យ ព្រោះពួកគាត់គ្មានដីផង គាត់សុំលុយគេហ្នឹង ដល់តែខ្ញុំ ខ្ញុំចេះតែសម្របសម្រួល ឥលូវពួកគាត់អត់ទទួលយក។ លោកឯងចាំមើលពីថ្ងៃ២០ដល់ថ្ងៃ៣០ទៅ អ្នកណាយក អ្នកណាមិនយកដឹងហើយ។ កាលខ្ញុំ ធ្វើនៅអំពិលព្រៃអញ្ចឹងដូចគ្នា អាពួកអ្នកមកតវ៉ា មេខ្យល់ មេខ្លោងហ្នឹងវានិយាយអញ្ចឹងទៅ ដល់ប្រជាជនគេយកអស់ទៅ នៅវាប៉ុន្មាននាក់ដល់ចុងក្រោយវាមកដែរហ្នឹង»

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថា អាជ្ញាធរ និងពលរដ្ឋគួរតែបន្តស្វែងរកដំណោះស្រាយទៀតដោយសម្បទានឲ្យគ្នាទៅវិញដើម្បីរកចំណុច​រួម ជាជាងភាគីម្ខាងៗកំណត់យកត្រូវ​រៀងៗខ្លួន ធ្វើឲ្យវិវាទដីធ្លីនោះបន្តអូសបន្លាយវែងឆ្ងាយ។

លោកបន្ថែមថា៖ «ពីព្រោះថា បើយើងមើលវិវាទដីធ្លីនេះកើតឡើងដោយសារតែរដ្ឋាភិបាល​បានប្រើប្រាស់ដីឯកជន របស់រដ្ឋហ្នឹងធ្វើការវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនដែលជាដីដែលពលរដ្ឋធ្លាប់ប្រើប្រាស់អាស្រ័យផង។ អញ្ចឹងពលរដ្ឋគាត់ទាមទារអត្ថប្រយោជន៍ និងផលចំណេញអំពីការលក់ដីឬពីការវិនិយោគឲ្យក្រុមហ៊ុនឯកជន​ហ្នឹង។ អញ្ចឹងកុំឲ្យមានបញ្ហាបន្តទៅទៀត សូមឲ្យអាជ្ញាធរក៏ដូចប្រជាពលរដ្ឋជជែកគ្នាបន្តដែលអាចទទួលយកបានទាំងអស់គ្នា»

ក្នុងបណ្តឹងតវ៉ារបស់អ្នកភូមិ ឃុំបឹងខ្យាងមានពលរដ្ឋ១៨៤៩គ្រួសារ និងមានប្រជាជន​៧៦៥៣នាក់ ហើយ ដីរួមសហគមន៍មាន​ទំហំ២៤២ហិកតា ដែលក្រុមពលរដ្ឋចោទអាជ្ញាធរមូលដ្ឋានថា បានឃុបឃិតគ្នាធ្វើឯកសារក្លែងបន្លំលួចទៅលក់ឲ្យក្រុមហ៊ុន «ហេងអភិវឌ្ឍន៍»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ