រដ្ឋាភិបាលយោធាថៃកំណត់ជាថ្មីទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីតាមបែបប្រជាធិបតេយ្យ បន្ទាប់ពីការពន្យារពេលជាញឹកញាប់។
រដ្ឋាភិបាលយោធាថៃដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ បានដាក់បំរាមតឹងរ៉ឹងចំពោះសកម្មភាពប្រមូលតវ៉ា ឬ សកម្មភាពតាមបែបប្រជាធិបតេយ្យផ្សេងៗចាប់តាំងពីការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី យីង ឡាក់ កាលពីខែឧសភា ឆ្នាំ២០១៤មក។
ចាប់តាំងពីការធ្វើរដ្ឋប្រហារមក រដ្ឋាភិបាលយោធាបានកំណត់ពេលបោះឆ្នោតជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានប្រកាសពន្យារពេលវិញរហូត ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់នោះទេ។ ទោះយ៉ាងណាសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈខាងមុខនេះ ខាងព្រះបរមរាជវាំង ចេញ មុខ អះអាងថា មានភាពច្បាស់លាស់ហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធាបង្ហាញក្តីសង្ឃឹមថា គណបក្សនយោបាយផ្សេងៗ នឹងអាចរៀបចំខ្លួនទាន់ពេលសម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខនេះដោយសេរី។
ការបោះឆ្នោតនៅពេលខាងមុខគេរំពឹងថា នឹងអាចស្តារប្រជាធិបតេយ្យនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ដំណើរការបោះឆ្នោតនេះ អាចនឹងផ្តល់អំណាចដល់ក្រុមគាំទ្រខ្សែស្រឡាយលោក ថាក់ ស៊ីន វិញដែលក្រុមនេះ កំពុងតែប្រឈមមុខជាមួយអំណាចពួកយោធានិងអំណាចក្សត្រ។
រដ្ឋប្រហារពីរលើកផ្តួលរំលំអំណាចក្រោមការដឹកនាំរបស់ត្រកូល ថាក់ ស៊ីន គឺឆ្នាំ២០០៦ រដ្ឋប្រហារទម្លាក់លោក ថាក់ ស៊ីន នៅឆ្នាំ២០១៤រដ្ឋប្រហារទម្លាក់លោកស្រី យីង ឡាក់ ប្អូនលោក ថាក់ ស៊ីន។









