អាជ្ញាធរគ្រោងយកផ្ទាំងសិលាចារឹកសម័យមុនអង្គរមួយដែលចារឹកនូវពាក្យ «សុវណ្ណភូមិ» ទៅរក្សាទុកនៅសារមន្ទីរជាតិ នៅរាជធានីភ្នំពេញនៅចុងខែនេះ។
លោក សរ សុពុត្រា ប្រធានគណៈកម្មការបុណ្យ និងដង្ហែសិលាចារឹកដែលទើបបានបង្កើតកាលពីថ្ងៃម្សិលមិញនេះ បានប្រាប់ VOD នៅព្រឹកថ្ងៃនេះថា អាជ្ញាធរបានដោះស្រាយបញ្ចប់ការយល់ច្រឡំរវាងពលរដ្ឋនៅមូលដ្ឋានដែលទាមទាររក្សាទុកសិលាចារឹកមួយផ្ទាំង ដែលបានរកឃើញនៅបរិវេណវត្តគិរីស្តេចគង់ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោកឲ្យដឹងទៀតថា សិលាចារឹកមួយផ្ទាំងនេះ នឹងត្រូវដង្ហែពីទីតាំងនោះមកតម្កល់នៅសារមន្ទីរជាតិរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ។
លោក សរ សុពុត្រា មានប្រសាសន៍ថា៖ «ពន្យល់ទៅ បានលោកយល់ព្រម លោកមានសំណូមពរខ្លះ! ទីមួយគឺ លោកសុំឲ្យមានផ្តល់គ្រឿងឥស្សរយសសម្រាប់លោកជាមួយនឹងគណៈកម្មការដែលបានថែរក្សាដុំសិលាចារឹកហ្នឹង ទីពីរ លោកសុំធ្វើបុណ្យដោះបណ្តាសាររយៈពេល ២១ថ្ងៃ។ បុណ្យអាចបញ្ចប់នៅថ្ងៃ២១ ពេលព្រឹកហ្នឹងយើងដង្ហែយកដុំសិលាចារឹកទៅរាជធានីភ្នំពេញជូនទៅសារមន្ទីរជាតិតែម្តងបាទ!»។
អគ្គនាយករងបេតិកភណ្ឌនៃក្រសួងវប្បធម៌វិចត្រសិល្បៈ លោក ហម គឹមសុន មានប្រសាសន៍ថា មានការចាប់អារម្មណ៍ខ្លាំងចំពោះពាក្យ «សុវណ្ណភូមិ» នៅលើសិលាចរឹកនេះ និងមានតម្លៃមហាសាលចំពោះកម្ពុជា។
លោក ហម គឹមសុន មានប្រសាសន៍ថា៖ «យើងឃើញមានពាក្យ សុវណ្ណភូមិ ហើយសិលាចរឹកហ្នឹងឆ្លាក់នៅសតវត្សរ៍មុនអង្គរ! ពាក្យថា សុវណ្ណភូមិ យើងអត់ប្រើពាក្យថា ប្រទេសជិតខាងណាមួយទេ គេចាប់អារម្មណ៍ខ្លាំងណាស់លើពាក្យសុវណ្ណភូមិនេះ! យើងសុវណ្ណភូមិដែរ ប៉ុន្តែ យើងមានសិលាចារឹកចារមុនសម័យអង្គរសតវត្យទី៧។ ទាំងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទាំងរាជរដ្ឋាភិបាល ទាំងជាតិទាំងមូលយើងឲ្យតម្លៃខ្លាំងណាស់ ព្រោះសិលាចារឹកមួយផ្ទាំងនេះ គឺមានតម្លៃមហាសាល យើងមិនអាចកាត់ថ្លៃបានទេណា!»។
សាស្ត្រាចារ្យសិលាចារឹក និងប្រវត្តិសាស្ត្រនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត វង់ សុធារ៉ា យល់ថា ជាឱកាសដ៏ល្អមួយដែលពលររដ្ឋនៅខេត្តកំពង់ស្ពឺយល់ព្រមប្រគល់សិលាចារឹកឲ្យមកសារមន្ទីរជាតិរក្សាទុក ដោយថា សិលាចារឹកនេះ ជាភស្តុតាងនៃប្រភពមោទនភាពជាតិខ្មែរទាំងមូល។
លោកបណ្ឌិត វង់ សុធារ៉ា មានប្រសាសន៍ថា៖ «ខ្ញុំយល់ថា វាសំខាន់សម្រាប់ឲ្យយើងបានឃើញទាំងអស់គ្នា។ បើសិនជានៅឯវត្តហ្នឹងមិនច្បាស់ថា តើព្រះសង្ឃ ឬក៏ពុទ្ធបរិស័ទនៅហ្នឹង អាចថែរក្សាគង់វង់ដូចនៅឯសារមន្ទីរនោះទេ។ ហេតុដូច្នេះ ក្នុងការសិក្សាប្រវត្តិសាស្ត្រដើម្បីបណ្តុះបណ្តាលគំនិតជាតិនិយម គំនិតស្នេហាជាតិអីហ្នឹង ឬក៏មោទនភាពជាតិហ្នឹង យើងអាចនាំនិស្សិត ឬក៏ប្រជាជនខ្មែរទូទៅក៏អាចចូលមើលបានដែរនៅឯសារមន្ទីជាតិហ្នឹងឯង»។
អ្នកជំនាញប្រវត្តិសាស្ត្រដដែល ឲ្យដឹងបន្ថែមថា សិលាចារឹកដែលសរសេរដោយប្រើអក្សរខ្មែរមុនសម័យអង្គរនេះ មានកាលបរិច្ឆេទនៅឆ្នាំ៦៣៣ នៃគ្រឹស្តសករាជ។ លោកបន្តថា នៅលើសិលាចារឹកនេះមានអត្ថបទដែលមានខ្លឹមសារថា ស្តេចខ្មែរព្រះនាមឥសានវរ្ម័នទី១ សោយរាជ្យនៅសំបូរព្រៃគុក ហើយមានអ្នកប្រាជ្ញអឺរ៉ុបខ្លះចាត់ទុកថា ជាមហារាជ្យដ៏ធំ(The Great King) គ្រប់គ្រងផ្ទៃសុវណ្ណភូមិទាំងមូលដែលមានព្រំប្រទល់ជាប់សមុទ្រ៕









