​អ្នក​ឃ្លាំមើល​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពុំ​អាច​គ្រប់​គ្រង​បាន​ល្អ ដោយសារ​​បុគ្គល​មាន​អំណាច​

លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំនុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថ្ងៃទី ១៨ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងដែនដី)

ក្រុម​អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ បាន​បន្ទោស​ទៅ​លើ​អំពើ​ពុក​រលួយ និង​ការ​ប្រព្រឹត្ត​ល្មើស​របស់​បុគ្គល​មាន​អំណាចថា ជា​ដើម​ហេតុ​នាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពុំ​សកម្ម​នៅ​ក្នុង​ការ​ទប់​ស្កាត់​សកម្មភាព​ចាក់​ដី​ចូល​សមុទ្រ និង​ការ​បង្ក្រាប​បទល្មើសផ្សេងៗ​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងកាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បានបញ្ជាទៅ​រដ្ឋមន្ដ្រី​ ៣រូប មាន​លោក ជា សុផារ៉ា លោក ថោង ខុន និង​លោក សាយ សំអាល់ ព្រម​ទាំង​អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យ​រួមគ្នា​ស្ដារ​មុខ​មាត់​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ឡើង​វិញ ក្រោយ​ពី​បញ្ហា​បំពុល​បរិស្ថាន ការ​ចាក់​ដី​រំលោភ​សមុទ្រ បញ្ហា​​គ្រឿង​ញៀន និង​​បទ​ល្មើស​ផ្សេង​ទៀត។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជាប្រចាំខេត្តព្រះសីហនុ (CNRO) ​លោក សុខ សុខុម  សម្ដែងការគាំទ្រ​បទបញ្ជាជាថ្មីនេះ ប៉ុន្តែលោកស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យធ្វើការតាមដានចំពោះការអនុវត្តរបស់អាជ្ញាធរទាំងអស់នោះផងដែរ​។

លោកថា៖ «កន្លង​មក អ្នករំលោភបំពានហ្នឹង​សុទ្ធតែអ្នកថ្នាក់ធំ ហើយមានលុយមានអំណាច តែមិនដែលឃើញអ្នកនោះជាប់ពាក់ព័ន្ធច្បាប់ទេ។ អស់ហើយត្រឹមធ្វើកំណត់ហេតុឲ្យកាយអាចម៍ដីចេញហើយ តែមិនមានចំណាត់ការអីបន្តទៀតទេ។ គេមិនកាយចេញ មិនដឹងធ្វើអីគេ។ ចំណុចនេះ អ្នកអនុវត្តច្បាប់មិនមានប្រសិទ្ធភាព។ អញ្ចឹង យើងសង្ឃឹមថា ការរំលឹក និងដាក់បញ្ជាសារ​ជាថ្មីរបស់សម្ដេចនាយករដ្ឋមន្ត្រីនៅពេលនេះ យើងនឹងចូលរួមតាមដាន»

អ្នកឯកទេសផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ បាន​កត់​សម្គាល់​ថា បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​មន្ត្រី​ថ្នាក់​ក្រោម ពុំ​មាន​ប្រសិទ្ធិភាព​នោះទេ ដោយ​ថា មន្ត្រីអនុវត្តច្បាប់មានអំណាចទាបជាងអ្នកប្រព្រឹត្ត​បទ​ល្មើស ហើយ​មន្ត្រីមួយចំនួនទៀត ជាប់ពាក់ព័ន្ធអំពើពុករលួយ។

លោក ​ឱក សេរីសោភក្តិ៍ មាន​ប្រសាសន៍​ថា៖ «ខ្ញុំគិតថា រឿងហ្នឹង​ដូចមិនមានអ្វីប្លែកទេ។ បញ្ហានៅត្រង់ថា តើសម្ដេចលោកលើកនេះ ដោយសារ​មានប្រតិកម្មប្រជាពលរដ្ឋខ្លាំង តើសម្ដេចអនុវត្តយ៉ាងណា។ បើសិនលោកបញ្ជាទៅហើយ នៅតែមិនមានចំណាត់ការឲ្យមានប្រសិទ្ធភាព ហើយប្រសិទ្ធភាពនៅក្នុងរយៈពេលមួយ បើសិនជាលោកចេះតែបញ្ជា ហើយ ៦​ខែក្រោយមកនៅតែដដែល ១​ឆ្នាំក្រោយមកនៅដដែល ប្រជាពលរដ្ឋអាចមានអារម្មណ៍ថា លោកមានប្រសាសន៍ច្រើន ប៉ុន្តែ ប្រសិទ្ធភាពដូចមានតិចណាស់»

លោក ឱក សេរីសោភក្តិ៍ បន្តថា ដើម្បីឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តច្បាប់ ឬ​បទបញ្ជាមានប្រសិទ្ធភាពនោះ លោកថា រដ្ឋាភិបាលត្រូវហ៊ានដកដំណែងមន្ត្រីណាដែលមិនបានអនុវត្តច្បាប់ និងត្រូវចាត់វិធានការ​ទៅលើអាជ្ញាធរ និងមន្ត្រីដែលជាប់ព័ន្ធនឹងអំពើពុករលួយដោយផ្ដន្ទាទោសមន្ត្រីទាំងអស់នោះទៅតាមច្បាប់។

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឱ សារឿន មានប្រសានស៍ថា អាជ្ញាធរកំពុងអនុវត្តទៅតាមបញ្ជា​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ លោកទទួល​ស្គាល់​ថា ការអនុវត្តនេះមិនទាន់​១០០ភាគរយនោះទេ។ លោកបន្តថា មូលហេតុដែលអាជ្ញាធរមិនអាចអនុវត្តបានភ្លាមៗនោះ ដោយសារ​ការផ្ដល់គម្រោងវិនិយោគទៅក្រុមហ៊ុន​អភិវឌ្ឍក្នុងខេត្តនេះលឿនពេក ធ្វើឲ្យអាជ្ញាធរពិបាកក្នុងគ្រប់គ្រងស្ថានភាពទាំងអស់នោះ។

លោកថា៖ «បញ្ហាដែលលំបាកត្រង់ថា កំណើននៃការអភិវឌ្ឍវាលឿនពេក រហូតដល់ធ្វើឲ្យមានការអនុវត្តច្បាប់មិនបានត្រឹមត្រូវទាំងអស់ ដែលមានចំណុចខ្វះខាតទាំងក្រុមហ៊ុន ទាំងអាជ្ញាធរពិបាកប្រតិបត្តិការងារដែរ ដោយសារ​គំហុកនៃការអភិវឌ្ឍនេះ»

កាលពីខែកញ្ញា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិ​ការ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​នៅ​ខេត្ត​ព្រះសី​ហនុ ​បន្ទាប់ពី​​ខេត្ត​មួយនេះ ទទួល​បាន​កំ​ណើ​​​នជ​​នជាតិចិនហក់ឡើងយ៉ាង​គំ​ហុ​ក​​ ដោយលោកបារម្ភថា បង្កឲ្យបទល្មើសផ្សេងៗ។

កាលពីថ្ងៃទី១៨ ខែកញ្ញា លោក ហ៊ុន​ សែន ក៏​បានចេញបញ្ជាបន្ទាន់មួយ​ទៅ​ក្រសួងរៀបចំ​ដែនដី ឲ្យ​ចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​ព្រែកត្រែងស្ថិត​នៅ​ភូមិ៤ ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ​​ បន្ទាប់រកឃើញថា តំបន់​ឆ្នេរ​មួយ​នេះ ​ត្រូវ​បាន​ចាក់​ដី​លុប​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

បើតាម​អ្នកនាំពាក្យខេត្តព្រះសីហនុលោក ឱ សារឿន ឲ្យដឹងថា ដីដែលលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យកាយចេញពីឆ្នេរព្រែកត្រែងកាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងមក គឺមិនទាន់ធ្វើបានមួយរយភាគរយនោះទេ​។

ក្រៅក្រុមហ៊ុនអ្នកស្រី ជឹង សុភាព ក៏មានក្រុមហ៊ុនចិនមួយបានជីកដីភ្នំដើម្បីចាក់ដីលុបចូលសមុទ្រស្ថិតឃុំរាម ស្រុកព្រៃនប់  និងមួយកន្លែងទៀត គឺ ពយកំពេញ  ស្ថិតក្នុងភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ